កម្មករ​ជិត​​៣០០​​នាក់​នៅ​រោងចក្រ​មួយ​ក្នុង​ខេត្ត​តាកែវ​ដួល​សន្លប់​​បន្ត​​បន្ទាប់​

កម្មករជិត ៣០០​នាក់បម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវ ថ្ងៃទី ០៩ កក្កដា ២០១៨ (រូបភាព៖ ប.ស.ស)

នគរបាល បាន​អះអាងថា កម្មករជិត ៣០០​នាក់បម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវ បានដួលសន្លាប់ ក្រោយពេល​ពួកគេឃើញកម្មករម្នាក់រងរបួសដៃពេលកំពុងបំពេញការងារ។

អធិការនគរបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា ប្រាប់វីអូឌីថា កម្មករ ២៧៣នាក់ ដែល​បម្រើការងារនៅរោងចក្រ ប៉ុន តឹសហ្វូតវែរ ស្ថិតក្នុងឃុំតាភេម បានដួលសន្លប់ជាបន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃ​នេះ។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា កម្មការិនី​ទាំង​នោះ បាន​ដួល​សន្លប់​ក្នុង​ចំនួន​ច្រើន​បែប​នេះ បន្ទាប់​ពី​ពួកគេ​បាន​ឃើញ​កម្មការិនី​ម្នាក់ រង​របួស​លើ​ចុង​ម្រាម​ដៃ ហើយហូរឈាមខ្លាំង និងស្រែកខ្លាំងៗ។

លោកបន្តថា ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ កម្លាំងសមត្ថកិច្ចរបស់លោកបានសហការជាមួយ ប.ស. ស សាខាខេត្ត​តាកែវ និងមន្ទីរ​ការងារខេត្ត បញ្ជូនកម្មករទាំងនោះទៅដាក់សេរ៉ូម និងព្យាបាលតាមមន្ទីពេទ្យនានានៅជិតនោះអស់ហើយ។

សហជីពធ្លាប់លើកឡើងថា តាមការស្រាវជ្រាវកម្មករដួលសន្លប់ គឺដោយសារតែបរិយាកាសទាំងក្នុង និងក្រៅរោងចក្រមិនល្អ ការប្រើប្រាស់ថ្នាំគីមីផ្សេង ធ្វើការហួសកំលាំង ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការយូរឆ្នាំ និងច្រើនម៉ោងជាដើម។

របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឆ្នាំ​២០១៧ បង្ហាញ​ថា កម្មការិនី​ ១១៦០​នាក់ បាន​ដួល​សន្លប់​កាល​ពី​ឆ្នាំ​២០១៧ ដោយ​ថា ចំនួន​នេះ​បាន​ធ្លាក់​ចុះ​បើធៀប​នឹង​តួលេខ​ឆ្នាំ​២០១៦ ដែល​មាន​កម្មការិនី​ដល់​ទៅ ១៦០៣​នាក់បាន​ដួល​សន្លប់។

របាយការណ៍ដដែលនេះបញ្ជាក់ថា ការ​ដួលសន្លប់​របស់​កម្មការិនី បណ្ដាល​មកពីបញ្ហាក្លិនគីមីនៅក្នុងរោងចក្រ ទីតាំងរោងចក្រមិនមានបរិយាកាសល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលតាមគ្នា បញ្ហាមេកានិច ស្របពេលសុខភាពកម្មករមានសភាពទន់ខ្សោយដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងគ្មានជីវជាតិ៕

កម្មករជិត ៣០០​នាក់បម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវ ថ្ងៃទី ០៩ កក្កដា ២០១៨ (រូបភាព៖ ប.ស.ស)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ