មន្ត្រី​អតីត​បក្ស​ប្រឆាំង​ថា​ នៅ​តែ​ស្វែង​​រក​​ការ​​ចចារ​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​​

លោក កឹម សុខា អតីតប្រ​ធានគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ

មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង បានអះអាងថា​ ពួកគេ​នៅតែស្វះស្វែង​រកការ​ចចារជាមួយបក្សកាន់អំណាចជានិច្ច ដរាបណាបក្សនេះទទួលបានលក្ខខណ្ឌសមស្របណាមួយពីបក្សកាន់អំណាច។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី​​​មន្រ្តី​​ជាន់​​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះជាតិ​ចំនួន​ ២០​​រូប ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​​ថ្វាយ​​ទៅ​ព្រះ​​មហា​​ក្សត្រ កាលពី​ថ្ងៃ​ទី១២ ​​ខែ​មេសា​​​ ​ដើម្បីស្នើ​សុំ​ព្រះ​អង្គ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​​កំពូល​​ ឲ្យ​ទម្លាក់​​​ចោល​​​​បម្រាម​​​នយោបាយ​លើមន្ត្រី​​គណបក្ស​ប្រឆាំង​​ទាំង ១១៨​រូប និងឲ្យ​​គណបក្សនេះដំណើរ​​​ឡើង​វិញ​ដូចកាលពីមុន។

តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ​ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍នៅថ្ងៃនេះថា អតីត​បក្ស​ប្រឆាំង​របស់​លោក ​អាច​ចរចានយោ​បាយ​​ជាមួយបក្សកាន់អំណាច​បាន ​លុះត្រាតែបក្សនេះទទួលបានលក្ខខណ្ឌ​មួយចំនួន រួមមាន ​ដោះលែង​អ្នក​​ទោស​នយោបាយ ​អ្នកទោស​មនសិការ​ទាំង​អស់ អនុញ្ញាតឲ្យមេដឹកនាំ លោក កឹម សុខា រួមទាំងសមាជិកជាន់​ខ្ពស់ ១១៨រូប បាន​ចូលរួមប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឡើង​វិញ រៀបចំការបោះឆ្នោត​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ និង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​វត្ត​មាននៅ​កម្ពុជា​ឡើងវិញជាដើម។

នៅថ្ងៃចុងក្រោយនៃថ្ងៃបោះឆ្នោតក៏ដោយ ក៏ខ្ញុំនៅតែមានសង្ឃឹមថា អាច​នឹងត្រឡប់មក​ជជែកគ្នាវិញ ព្រោះយើងដឹង​ហើយថា​ ការបោះឆ្នោតបែបនេះធ្វើឲ្យមានភាពអាម៉ាសនៅក្នុងឆាកអន្តរជាតិ។ វាប៉ះពាល់ដល់មុខ​មាត់ប្រទេសខ្លាំងណាស់ ហើយវាធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច ការអភិវឌ្ឍប្រទេសជាតិផង​ដែរ

តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ​ លោក អ៊ូ ច័ន្ទរ័ត្ន

ប្រធាន​ខុទ្ទកាល័យ​ លោក កឹម សុខា គឺ​លោក មុត ចន្ថា បាន​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពីថ្ងៃទី៧​កក្កដាថា មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា បានផ្ញើសារពីពន្ធនាគារត្រពាំងផ្លុង​ “ម៣”​ (ព្រំដែនខ្មែរ-យួន)ថា លោក​មិន​ក្បត់ឆន្ទៈរាស្ត្រ ដើម្បីបុគ្គល ឬបក្ខពួកគ្រួសារ និងមិនបោះបង់ជាតិខ្មែរនោះទេ។

ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គ្មានផ្លូវ​ណាដែលត្រូវ​ចរចាជាមួយអតីតបក្សប្រឆាំងនោះទេ ដោយថា បក្សកាន់អំណាច​មិនអាច​រំលោភលើច្បាប់កម្ពុជាឡើយ។

ទោះក្នុងករណីណាក៏ដោយ ទោះមានសំណូមពរយ៉ាងណាក៏ដោយ​ ឲ្យមានការស្រុះស្រួលគ្នារវាង​គណបក្សទាំងពីរគឺ​យើងមិនអាចទៅរួច​ទេ ពីព្រោះយើងមិនអា​ចរំលោភលើដីកាស្ថាពររបស់តុលាការកំពូលបានជាដាច់ខាត

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍ​សង្គម លោក មាស នី វិភាគថា ដំណាក់កាលនេះ អ្នកនយោបាយបក្សកាន់អំណាច និងអតីតបក្សសង្គ្រោះជាតិ មិនអាចចរចាគ្នាមុនបោះឆ្នោតថ្នាក់ជាតិនេះបានទេ ដោយថា បក្សកាន់អំណាចកំពុង​រុញទូកបណ្តោយទឹក និងទុកពេលសម្រាប់ពិនិត្យមើលលទ្ធផលបោះឆ្នោតក្រោយការបោះឆ្នោត​ថ្នាក់ជាតិថា តើមានអ្នកគាំទ្រ ឬមិនគាំទ្រកម្រិតណា ដើម្បីងាយស្រួលសម្រេចចិត្តទៅចរចា ឬមិនទៅចរចាជាមួយអតីតបក្សប្រឆាំង។

លោកវិភាគថា៖ «ការចរចាទាំងឡាយ​ដែលសមស្រប​ មានតែក្រោ​យ២០១៨ ក្រោយបោះឆ្នោត​។ សម្រាប់ពេលនេះហាក់ដូចជាតក់ក្រហល សម្រាប់គូភាគីទាំងសងខាង​មកធ្វើការចរចា ហើយសង្គ្រោះជាតិក៏មិនទាន់សមស្របក្នុងការទទួលយកការចរចាមួយនៅក្នុងកំឡុង​ នៅពេលការបោះឆ្នោតថ្នាក់ជាតិជិតមក​ដល់ដែរ​»។

គណបក្សសង្គ្រោះជាតិដែលមានអ្នកបោះឆ្នោតគាំទ្រជាង ៣​លាននាក់ កាលពីឆ្នាំ២០១៣ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែល​​មេដឹកនាំអតីតគណបក្សប្រឆាំង គឺលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួន​មកដល់ពេលនេះ ក្រោម​ការ​​ចោទពី​រដ្ឋាភិបាល​ថា «ក្បត់ជាតិ»។

ក្រោយពីរំលាយបក្សប្រឆាំង មេដឹកនាំបក្សនេះនិងមន្ត្រីជាន់ខ្ពស់មួយចំនួន បានស្វែងរកកិច្ចអន្តរាគមន៍បន្តបន្ទាប់​ពីប្រទេសលោក​សេរី ជាពិសេសសហភាពអឺរ៉ុប ឲ្យ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ​កម្ពុជា និង​ថ្វាយលិខិតទៅព្រះមហាក្សត្រឲ្យជួយធ្វើព្រះរាជអន្តរាគមន៍នយោបាយផងដែរ ប៉ុន្តែ រហូតដល់ថ្ងៃទី៩ខែកក្កដានេះ មិនទាន់មានដំណោះស្រាយ​នយោបាយណាមួយនៅឡើយ​ ខណៈការបោះឆ្នោតថ្នាក់ជិតនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដានេះ ដោយពុំមានវត្តមានអតីតបក្សសង្គ្រោះជាតិចូលរួមប្រកួតជាមួយបក្សកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ