គណបក្ស​ក្រៅ​រដ្ឋាភិបាល​រំពឹង​ទទួល​បាន​អាសនៈ​ខ្លះ​ ក្រោយ​អវត្តមាន​អតីត​បក្ស​ប្រឆាំង​

ស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

គណបក្សមួយចំនួនមិនរំពឹងខ្ពស់ថា ពួកគេនឹងអាចយកឈ្នះលើគណបក្សកាន់អំណាចនោះទេ ប៉ុន្ដែ រំពឹងថា នឹងអាចទទួលបានអាសនៈខ្លះ ក្រោយអតីតបក្សប្រឆាំង ត្រូវបានរំលាយចោល។

នៅថ្ងៃឃោសនាដំបូង គណបក្សចំនួន៥ បានបើក​យុទ្ធនាការ​របស់​ពួកគេ​នៅរាជធានីភ្នំពេញ ខណៈដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចាប់ផ្ដើមការឃោសនាជាមួយ​ការ​រៀបចំពិធីបួងសួងតាមបែបសាសនា នៅឯខេត្តតាកែវ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​បង្ហាញ​ថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈានមុខគេក្នុងការកៀងគរអ្នកគាំទ្រនៅថ្ងៃឃោសនាបោះឆ្នោតដំបូងនេះ ដែលមានដល់ទៅជាង ៦ម៉ឺននាក់។

ចំណែកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានអ្នកចូលរួមប្រមាណ ១ម៉ឺន ៥ពាន់នាក់ បក្សឆន្ទៈខ្មែរ មានអ្នកចូលរួម ៣០០នាក់ និងគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ មានអ្នកចូលរួមជាង ៦០០នាក់។

សំណួរចោទសួរថា តើគណបក្សក្រៅរដ្ឋាភិបាលទាំងនោះ អាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចឬទេ បើមើលទៅលើតួលេខនៃចំនួនអ្នកចូលរួមហែរក្បួនឃោសនារកសំឡេងឆ្នោតនេះ?

ថ្លែងនៅលើភ្នំដា ក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ បេក្ខជន​នាយករដ្ឋមន្ដ្រីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ បានបង្ហាញជំនឿចិត្តថា គណបក្សលោកនឹងអាចឈ្នះឆ្នោតទៅដឹកនាំរដ្ឋាភិបាល និងអនុវត្ដគោលនយោបាយរបស់គណបក្សនេះ ដើម្បីកែលម្អអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ស្ដារឡើងវិញនូវព្រៃឈើ និងធនធានធម្មជាតិ ជំរុញយុត្ដិធម៌សង្គម ប្រព័ន្ធអប់រំ និងសុខាភិបាលជាដើម។

នៅពេលដែលយើងជាប់ឆ្នោត យើងសន្យាថា យើងនឹងខំប្រឹងប្រែងឲ្យអស់ពីចិត្តពីថ្លើម ដើម្បីអនុវត្តនូវអ្វីដែលយើង​បានសរសេរ អ្វីយើងបានសន្យានេះ […] យើងមកទីនេះ ក៏យើងចង់ផ្សារភ្ជាប់នូវគោលនយោបាយមួយចំនួនដែរ ដែលមានក្នុងសៀវភៅបៃតង និងខិតប័ណ្ណរបស់យើងនេះ

បេក្ខជន​នាយករដ្ឋមន្ដ្រីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ

ប្រធានស្ដីទីគណបក្សខ្មែររួបរួមជាតិ លោក អ៊ុំ សុមន្ថា ប្រាប់ VOD ថា លោកមិនរំពឹងខ្ពស់ថា នឹងអាចយកឈ្នះលើគណបក្សកាន់អំណាចនោះទេ ប៉ុន្ដែ លោករំពឹងថា នឹងអាចទទួលបានអាសនៈមួយចំនួនពីប្រជាពលរដ្ឋ បន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស ត្រូវបានតុលាការកំពូលរំលាយចោល។

សំខាន់បំផុត គឺគណបក្សមួយដែលរំលាយចោលនោះ គឺប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែស្ទាក់ស្ទើរ នយោបាយរបស់យើងសព្វថ្ងៃ គឺយើងជំហរលើអព្យាក្រឹត្យ […] ការឃោសនានេះ អាចធ្វើឲ្យសន្ទុះរបស់ប្រជាពលរដ្ឋងាកមកគាំទ្រច្រើន ប៉ុន្ដែ ចំនួនអាសនៈ យើងពុំទាន់ប្រាកដថា យ៉ាងម៉េចទេ ប៉ុន្ដែ គ្រាន់តែថា យើងនឹងទទួលបានអាសនៈច្រើន

ប្រធានស្ដីទីគណបក្សខ្មែររួបរួមជាតិ លោក អ៊ុំ សុមន្ថា

ប្រធានក្រុមអ្នកវិភាគនយោបាយ លោក ហង្ស វិទូ យល់ថា គណបក្សដែលចូលរួមប្រកួតប្រជែងបោះឆ្នោតនៅអាណត្តិនេះ ភាគច្រើនមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងជាមួយបក្សកាន់អំណាចឡើយ ដូចជា ខ្វះធនធានមនុស្ស ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសមត្ថភាពរបស់គណបក្សនីមួយៗ។

លោកបន្ដថា៖ «ទោះបីគណបក្ស១៩នោះរួមគ្នាទៀត ក៏មិនស្មើនឹងគណបក្សប្រជាជនកម្ពុជាមួយដែរ យើងមើលឃើញអំពីកត្ដាខ្វះខាតរបស់គណបក្សថ្មីៗ តូចៗ ដែលទើបបង្កើតឡើង ទាំងធនធានមនុស្ស ទាំងចំនួនមនុស្ស ទាំងធនធានថវិកា និងសមត្ថភាពគឺនៅមានកម្រិត»។

ដោយឡែកអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានអំពាវនាវតាមហ្វេសប៊ុករបស់លោក ដោយសុំឲ្យពលរដ្ឋកុំចេញទៅការបោះឆ្នោត និងចាត់ទុកគណបក្សតូចៗ​ថា ជាគណបក្ស «អំពិលអំពែក» និងដើម្បីបង្គ្រប់កិច្ចឲ្យគណបក្សប្រជាជន​កម្ពុជា​ អាចបន្ដកាន់អំណាចប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ