​​ទេសចរ​​​ចូល​​ទស្សនា​​ប្រាសាទ​​ព្រះ​វិហារ​​កើន​​ឡើង​​៦​​ភាគ​រយ​​ត្រឹម​​៦​​ខែ​​កន្លង​ម​ក​​នេះ​

ប្រាសាទព្រះវិហារដែល​ស្ថិត​លើកំពូល​ភ្នំដងរែក​ជាប់​តំបន់​ព្រំដែន​កម្ពុជា​-ថៃ ក្នុង​ខេត្តព្រះវិហារ។

មន្ត្រី​គ្រប់​គ្រង​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​​ចូល​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​មួយ​នេះ បាន​កើន​ឡើង​ប្រហែល ៦​ភាគរយ​នៅ​ក្នុង​ឆមាស​ទី​១ ដើម​ឆ្នាំនេះ ខណៈ​ដែល​កម្ពុជា​ត្រៀម​រៀបចំ​ប្រារព្ធ​ខួប ១០​ឆ្នាំ​ និង​ខួប ១​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​បុរាណ​មួយ​នេះ​ និង​ប្រាសាទ​សម្បូរ​ព្រៃ​គុហ៍ ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក ហេង សំរិទ្ធ បាន​ប្រាប់វីអូឌី​នៅ​ថ្ងៃ​នេះ ភ្ញៀវ​ទេសចរ​ជាង ៦​ម៉ឺន​នាក់ ក្នុង​នោះ ៥​ម៉ឺន​នាក់​ជា​ភ្ញៀវ​ទេសចរ​ជាតិ បាន​ចូល​ទៅ​ទស្សនា​ប្រាសាទ​ព្រះ​វិហារ ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ចាប់​តាំង​ពី​ខែ​មករា​រហូត​ដល់​ចុង​ខែ​មិថុនា​កន្លងម​ក​នេះ។

មន្ត្រី​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​តំបន់​សំណង់​ប្រាសាទ​បុរាណ​មួយ​នេះ បាន​កើន​ឡើង​ចន្លោះ​ពី ៥ ទៅ ៦​ភាគរយ​ នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នេះ បើ​ធៀប​ទៅ​នឹង​តួលេខ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក ហេង សំរិទ្ធ បង្ហាញ​ជំនឿ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទៅទស្សនា​តំបន់​នោះ នឹង​កើន​ឡើង​នៅ​ឆ្នាំ​ក្រោយ ដោយ​ថា លោកនឹងរៀប​ចំកម្មវិធី​សង្ក្រាន្ត​​ព្រះវិហារ​នៅទីនោះ និងដោយសារ​មាន​ការបើក​​នូវសារៈមន្ទីរសកលធម្មជាតិសម្តេចតេជោផងដែរ។

សំណង់​ប្រាសាទ​បុរាណ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​សតវត្សរ៍​ទី​៩​នោះ បាន​រង​ការ​ខូច​ខាត​អំឡុង​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​កម្ពុជា និង​ថៃ ក្រោយ​ពី​តំបន់​ប្រាសាទ​បុរាណ​មួយ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨។

ជាមួយ​គ្នា​នេះ​ដែរ កម្ពុជា​ក៏​គ្រោង​រៀបចំ​ពិធី​រម្លឹក​ខួប ១០​ឆ្នាំ​ និង​ខួប ១​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ និង​តំបន់​ប្រាសាទ​សម្បូរ​ព្រៃគុហ៍ ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​នេះ នៅ​ឯ​ពហុ​កីឡដ្ឋាន​អូឡាំពិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ