រដ្ឋាភិបាល​​និង​​ប្រជាជន​ថៃ​បង្ហាញ​ទំនួល​​ខុសត្រូវ​រៀងៗ​ខ្លួន​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​​ក្រុម​​ក្មេង​ៗ​ដែល​​ជាប់​ក្នុង​រូង​ភ្នំ​​

ក្មេងៗ ១២ រូបនិងគ្រូបង្វឹកមួយរូបទៀត (រូបភាព៖ BBC)

ប៉ុន្មានថ្ងៃចុងក្រោយ​នេះ សារព័ត៌មាន​ធំ​ៗជាច្រើន​លើពិភពលោក​ បាន​ចុះផ្សាយ​យ៉ាងព្រោងព្រាតពីព្រឹត្តិការណ៍ដែល​កំពុងកើតឡើង​ក្នុង​ប្រទេស​ថៃ​។ ព័ត៌មាន​ទាំងនោះត្រូវបាន​តាមដាន​យ៉ាងយក​ចិត្ត​ទុក​ដាក់​ពី​ប្រជាជន​ទូទាំង​សាកល​លោក​ ជាពិសេស​រឿងវ៉ាវ​ដែល​ទាក់​ទង​នឹង​ក្រុម​កីឡាករ​​​បាល់​ទាត់​ក្មេងៗ​ដែល​ជាប់​នៅក្នុង​រូង​ភ្នំ​មួយ​នៅ​ខេត្ត​ឈៀង​រ៉ៃ​ដែល​ជា​ខេត្ត​ភាគ​ខាង​ជើង​បំផុត​របស់​ថៃ។

ងាកមក​មើលប្រទេស​ថៃ​ដែល​ជា​តួ​អង្គ​សំខាន់​នៅ​ក្នុង​រឿង​នេះវិញ អ្វី​ដែល​ជា​ការកត់​សម្គាល់​ទាំង​រដ្ឋ​ាភិបាល​ ទាំង​ប្រជា​ជនថៃ​សុទ្ធ​តែ​បាន​បង្ហាញ​ឆន្ទៈខ្ពស់ក្នុង​ការ​ជួយសង្រ្គោះក្រុម​កុមារ​ដែល​បាត់​ខ្លួន​ទាំង​នោះ​តាមគ្រប់់រូប​ភាព​ទាំង​អស់​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន​។​

ចាប់តាំងពីទទួលបាន​ដំណឹង​ពីការបាត់ខ្លួន​ក្រុមកីឡាករ​បាល់ទាត់ក្មេងៗ​ទាំង១២នាក់និង​គ្រូបង្វឹក​របស់ពួកគេ ប្រជាជន​និងមេដឹកនាំថៃ​បាន​ផ្ដល់ជាគំនិតគ្រប់​យ៉ាង​បែបយ៉ាងជួយដល់ពួកគេ។ ព្រះមហាក្សត្រថៃ មេដឹកនាំគ្រប់ជាន់ថ្នាក់​ គ្រួបង្រៀន សិស្ស និស្សិត​ និង​ប្រជា​ជនទូទៅបាន​ចូលរួម​បួងសូង​សុំ​ពរ​ជ័យ​ជាសារណៈដល់​ក្រុម​កីឡាករក្មេងៗនិងគ្រូ​បង្វឹករបស់ពួកគេ។

ក្រៅពីការបួងសួង​តាម​បែប​សាសនា​នេះ រដ្ឋាភិបាល​ថៃនិងប្រជា​ជន​ក៏បាន​ចូលរួម​យ៉ាងសកម្មក្នុងការ​ជួយក្រុម​ក្មេង​ៗទាំងនោះ។ ក្រុម​អ្នក​សិក្សាស្រាវជ្រាវមកពីស្ថាប័ន​នានាបានផ្ដល់​ជាអនុសាសន៍ផ្សេងៗដល់​រដ្ឋាភិបាលរបស់ពួកគេក្នុង​ការរុក​រកកុមារទាំងនោះ។ ចំណែក​រដ្ឋាភិបាល​​​គ្រប់ជាន់ថ្នាក់និង​គ្រប់ផ្នែក​ដែលពាក់​ព័ន្ធក៏បាន​ជួយគ្នា​ទៅវិញទៅ​មក​ផងដែរ។​

បន្ទាប់ពី​ការ​រក​ឃើញក្រុម​ក្មេងៗទាំង១២នាក់និងគ្រូបង្វឹករបស់ពួកគេ រដ្ឋាបាលភិបាល​ថៃបាន​រិះរក​មធ្យោបាយសព្វបែបយ៉ាងដើម្បី​នាំ​ខ្លូនពួកគេ​ចេញ​ពីរូង​ថាម​ហ្លួង​។ ដោយសារតែ​វាជារដូវវស្សា​ ដូច្នេះអ្វី​ដែល​រដ្ឋាភិបាល​ថៃ​ត្រូវដោះស្រាយជាមួយនៅ គឺបញ្ហា​ទឹក​ជំនន់​ដែល​បាន​ជន់លិច​រូងភ្នំ​នេះហើយ​បាន​រារាំងមិន​ឲ្យក្រុម​កីឡាករបាល់​ទាត់​វ័យក្មេងទាំង​នោះចេញ​មកក្រៅបាន។ ជាដំណោះស្រាយភ្លាម​ៗ​ រដ្ឋាភិបាល​ថៃ​បាន​ដាក់ម៉ាស៊ីន​បូមទឹក​ចេញ​ពី​រូង​ភ្នំ​នោះ។

រឿង​បូម​ទឹក​ចេញ​ពីរូួងភ្នំជាមធ្យោបាយ​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ទឹក​បាន​ខ្លះ​នៅ​ក្នុង​រូងភ្នំ។ ប៉ុន្តែ​បើ​ក្រឡេក​ទៅមើល​ផល​ប៉ះពាល់​ដោយ​សារ​តែ​ទឹកដែល​បូម​ចេញ​ពីរូងភ្នំ​នេះវិញគឺ​ប៉ះពាល់​ដល់​ដីស្រែ​ជាង២០០ហិចតា​របស់​ប្រជាជន​នៅ​តំបន់នោះ។ ប្រជាកសិករថៃ​ដែល​ដីស្រែ​របស់​ពួកគេរងផលប៉ះពាល់​ដោយ​សារ​ទឹក​នោះ មិន​មាន​ការ​តវ៉ាជំទាស់​អ្វីឡើយ​ទៅលើ​រឿងនេះ។ កសិករថៃម្នាក់​ដែល​ស្រែ​របស់​គាត់​ក៏ខូចខាត​ដោយ​ដែល​បូមចេញ​ពីរូង​ភ្នំ​​ថាម​ហ្លួង​ដែរនោះ បាននិយាយ​ជាមួយអ្នកសារព័ត៌មាន​ស្រ្តេតថាមរបស់សឹង្ហបុរី​​ថា​គាត់​អាចរក​លុយ​ពីការធ្វើកសិកម្មម្ដង​ទៀតនៅពេល​ក្រោយ​ ប៉ុន្តែជីវិតមនុស្ស​ទាំង​១៣​ គេ​មិន​អាច​បង្កើតឡើងវិញបាន​ទេ។ ទោះជាយ៉ាងណាក៏ដោយក៏រដ្ឋាភិបាល​ថៃនៅតែផ្ដល់ឲ្យប្រជាកសិករ​ទាំងនោះនូវទឹកប្រាក់ប្រហែល​ជា​២០០ដុល្លា​ក្នុងមួយហិចតាដែរដើម្បីជាថ្នូរនឹងការខូច​ខាត​។

ដោយសារតែ​ភ្លៀងនៅតែបន្ត​ធ្លាក់​ រដ្ឋាភិបាលថៃក៏បាន​ផ្លាស់ប្តូរ​វិធី​ក្នុង​ការជួយសង្រ្គោះក្រុម​មនុស្ស​ទាំង១៣នាក់នោះ។​ រដ្ឋាភិបាល​ថៃ​បាន ​ឲ្យ​ក្រុម​មុជទឹក​របស់​ខ្លួន​ជួយ​ពួកគេទាំងនោះវិញ។ ក្នុង​បេសកម្ម​ដែល​រដ្ឋាភិបាល​ថៃ​កំពុងធ្វើ​នៅពេល​នេះ កងទ័ពថៃម្នាក់បានបាត់បង់ជិវិតរបស់ខ្លួនក្នុងពេល​បំពេញ​ការងារ​ទៀតផង។ ទោះបីជា​មាន​ការ​បាត់​បង់ជីវិត​ ក្រុម​អ្នកជួយសង្រ្គោះ​យ៉ាងណាក៏ដោយ​ក៏រដ្ឋាភិបាលប្រទេសមិន​បាន​រុញ​រានោះ​ទេក្នុង​ការ​បន្ត​បេសកម្ម​របស់​ខ្លួន​ជួយដល់ក្មេងៗទាំងនោះ។

កិច្ចខិតខំប្រឹង​ប្រែងមួយ​ទៀត​ដែល​រដ្ឋាភិបាល​ថៃសម្រេចបាន​គឺការ​ជួយ​ពីអន្តរជាតិ។ ក្រុម​អ្នក​ជំនាញមុជទឹកមកពីសហរដ្ឋអាមេរិក អូស្ត្រាលី ចិន និង​ អង់គ្លេស​ជាដើម​ បាន​ចូលរួម​ក្នុងប្រតិបត្តិការណ៍ជួយសង្រ្គោះអ្នកទាំង​១៣នាក់​នោះ។ រហូតដល់​កាល​ពីម្សិលមិញ​នេះ​ ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក​ដូណាល់ត្រាំបាន​សរសេរ​នៅ​លើ​បណ្ដាញTwitter របស់​លោក​ថា សហរដ្ឋអាមេរិកកំពុង​ធ្វើការ​យ៉ាងស្អិតរមួត​ជាមួយរដ្ឋ​ាភិបាល​ថៃ​ដើម្បីជួយគ្នានាំក្មេងទាំងនោះចេញពីរូង​ភ្នំមក​កាន់កន្លែងមាន​សុវត្ថិភាព។

ដោយ​ឡែក​បើ​ក្រឡេក​ទៅមើលប្រជាជន​សាមញ្ញរបស់ថៃវិញ ពួកគេក៏បាន​ជួយ​យ៉ាង​សស្រាក់សស្រាំក្នុង​ប្រតិបត្តិការណ៍ជួយក្មេងទាំងនោះទោះបីជា​ការជួយនោះ​មិន​មែន​ជាការជួយដោយផ្ទាល់ក៏ដោយ។ សារព័ត៌មាន​BBC របស់​អង់គ្លេស​បាន​ចុះផ្សាយ​កាលពីម្សិលមិញ​ថាក្រុម​អ្នក​បោក​អ៊ុត​មូយក្រុម​ដែល​ក្នុងនោះមាន​ទាំងថៅកែ​និងកម្មករបានស្ម័គ្រ​ចិត្ត​ទទួល​យក​សម្លៀកបំពាក់​ក្រុម​អ្នក​មុជទឹក​សង្រ្គោះក្មេងៗទាំងនោះមក​បោកអ៊ុតទាំង​យប់ដោយ​មិន​គិតកម្រៃអ្វី​ទាំងអស់ ហើយ​ដឹកជញ្ជូនអោយ​ដល់​កន្លែង​មុន​ម៉ោង​ដែល​ក្រុម​អ្នក​ជួយសង្រ្គោះទាំងនោះចូល​ធ្វើការ។

កិច្ច​ខិតខំប្រឹងប្រែងរបស់​រដ្ឋាភិបាល​ថៃក៏ដូចជាការសហការពីប្រជាជន​ផង​នោះពិត​ជា​ទទួល​បាន​នូវលទ្ធផល​ជា​វិជ្ជមាន។ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញនេះ ក្រុម​អ្នក​ជួយសង្រ្គោះ​ បាន​នាំយកក្មេងប្រុស​៤នាក់​​ មក​ក្រៅដោយសុវត្ថិភាព។

ក្មេងប្រុសទាំង​១២នាក់រួម​គ្រូបង្វឹក​របស់​ពួកគេម្នាក់ បាន​ជាប់គាំងក្នុង​រូង​ភ្នំ​ថាម​លួង​តាំងពីថ្ងៃទី២៣ខែមិថុនាមកម្ល៉េះដោយសារតែទឹកភ្លៀងបានជន់លិច​រូងភ្នំជាហេតុ​ធ្វើឲ្យពួកគេមិនអាច​ចាក​ចេញពីរូងភ្នំនោះបាន​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ