បទ​យកការណ៍​​៖​ មធ្យោយបាយ​ធ្វើ​ដំណើរ​សាធារណៈ​បាន​ដាក់​ដំណើរការ​ជា​បន្ដបន្ទាប់​ ​ប៉ុន្ដែ​ការ​កក​ស្ទះ​នៅ​តែ​ជា​បញ្ហា​

ការធ្វើចរាចរណ៍ តាមដងវិថី ដោយមធ្យោបាយធ្វើដំណើរផ្សេងៗគ្នា

មធ្យោយបាយធ្វើដំណើរសាធារណៈ​ បានឲ្យដាក់ដំណើរការប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ​២០១៧​​​ នៅក្នុងរាជធានីភ្នំពេញ​ ដែលចាប់ផ្ដើមដំបូងជាប្រភេទរថយន្តក្រុងសាធារណៈ ហើយនៅក្នុងឆ្នាំនេះដែរ មធ្យោបាយធ្វើដំណើរសាធារណៈបានដាក់ឲ្យប្រើប្រាស់បន្ថែមទៀត រួមមាន រថភ្លើង​​​និងនាវាដឹកជញ្ចូនសាធារណៈ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ​​​

សាលារាជធានីភ្នំពេញរំពឹងថា មធ្យោយបាយធ្វើដំណើរសាធារណៈ ដែលបានដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់ទាំងនេះ អាចកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ប៉ុន្តែតែចំនួនអ្នកប្រើប្រាស់មធ្យោបាយនេះនៅមានកម្រិតទាបនៅឡើយ ដោយសារតែប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន​ ហើយពួកគេគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការរងចាំរថយន្តក្រុងដើម្បីធ្វើដំណើរ។

កំពុងអង្គុយពិសារកាហ្វេ​​​ នៅក្នុងហាងមួយក្នុងរាជធានីភ្នំពេញ លោក ឃូ សុភ័ណ្ឌ បុគ្គលិកក្រុមហ៊ុនឯកជន បានប្រាប់​ វី​.អូ.ឌី ថា លោកមិនដែលប្រើប្រាស់​​​មធ្យោបាយធ្វើដំណើរសាធារណៈម្ដងណាឡើយ ដោយសារតែគាត់មិនចង់ចំណាយពេលច្រើនក្នុងការធ្វើដំណើរ ហើយគាត់ចង់ប្រើមធ្យោបាយណារហ័សហើយមានប្រសិទ្ធិភាព។

ដោយសារខ្ញុំមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន​ […] ពេលដែលខ្ញុំទៅណា​ ខ្ញុំត្រូវការពេលវេលាលឿន​ដោយសារតែអត់មានពេលច្រើន ហើយប្រើប្រាស់ម៉ូតូវាធ្វើដំណើរទាន់ចិត្ត

 លោក ឃូ សុភ័ណ្ឌ បុគ្គលិកក្រុមហ៊ុនឯកជន

ទោះបីជាការកកស្ទះ មានការប្រសើរតិចតួចយ៉ាងណាក្តី​ ក៏ប្រជាជនមួយចំនួនមានការសាទរ​​​ចំពោះការដាក់ឲ្យមានការអនុវត្តនៃការប្រើប្រាស់មធ្យោយបាយធ្វើដំណើរសាធារណះនេះដែរ​។

កម្មការនីរោងចក្រមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានសម្ដែងសេចក្ដីរីករាយចំពោះការដាក់ឲ្យ​​​ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈនេះ ដោយសារតែវាមានសុវត្ថិភាពជាងមធ្យោបាយដ៏ទៃ ហើយតម្លៃសមរម្យ ផ្ទុយពីការប្រើប្រាស់ម៉ូតូ ឬរឺម៉កកង់បីដែលត្រូវចំណាយថវិកាច្រើនក្នុងការធ្វើដំណើរម្ដងៗ។​​​ អ្នកស្រីប្រើប្រាស់រថយន្តក្រុងជាប្រចាំ​​​​​​នៅពេលចេញពីធ្វើការ ពីព្រោះពេលព្រឹកគាត់ត្រូវទៅដល់រោងចក្រម៉ោង៧ព្រឹក ដែលមិនអាចធ្វើដំណើរតាមឡានក្រុងបានទាន់ពេលវេលានោះឡើយ។

ឡានក្រុងឥឡូវស្អាតល្អ ទំនើប មានអនាម័យច្រើនជាងមុន […] ត្រជាក់ស្រួល ហើយវាជួយដល់ការកកស្ទះចរាចរណ៍ និងតម្លៃថោកដែលប្រជាជនអាចជិះបាន

កម្មការនីរោងចក្រមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ

កម្មការនី ដដែលនេះបានលើកឡើងថា ការកាត់បន្ថយមធ្យោបាយធ្វើដំណើរឯកជន វាអាចជួយកាត់បន្ថយការកកស្ទះបានតិចតួចប៉ុណ្ណោះ។ តែអ្វីដែលសំខាន់ អ្នកបើកបរគ្រប់រូបត្រូវគោរពច្បាប់ចរាចរណ៍។

ដោយសារចរាចរណ៍នៅលើផ្លូវស្រុកខ្មែរសព្វថ្ងៃនេះ ការបើកបរដូចអត់គោរពច្បាប់ អត់កំណត់នៅលើផ្លូវខ្លួនឯង តិចផ្លូវខាងគេទំនេរទៅខាងផ្លូវគេផ្សេង ផ្លូវខាងយើងទំនេរមកផ្លូវយើងអីចឹង ជិះទៅជិះមកវាអាចមានការប៉ះពាល់គ្នា

កម្មការនីរោងចក្រមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានលើកឡើងថា ការកកស្ទះចរាចរណ៍ក្នុងក្រុងភ្នំពេញ ដោយសារកំណើនប្រជាជន ​​​  និង

យានយន្តគ្រប់ប្រភេទ ហើយជាពិសេសប្រជាពលរដ្ឋ​​​មួយចំនួនពុំបានគោរពច្បាប់ចរាចរណ៍។ បច្ចុប្បន្ននេះចំនួនរថយន្ដនៅក្នុងក្រុងភ្នំពេញមានប្រមាណជាង៥០ម៉ឺនគ្រឿង និង ម៉ូតូចំនួន ១.៥លានគ្រឿង។

កំណើនប្រជាពលរដ្ឋ (មនុស្សច្រើន យាន្ដជំនិះច្រើន) កត្តាគោរពច្បាប់របស់អ្នកបើកបរកម្រិតណា ទោះបីមនុស្សតិច បើសិនអ្នកបើកបរអត់គោរពច្បាប់វានៅតែមានការកកស្ទះដដែល និងកត្ដាផ្លូវថ្នល់ […]

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី

លោក មាសភក្ដី បានកត់សំគាល់ថា មធ្យោបាយធ្វើដំណើរសាធារណៈបានទទួលការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់ប្រជាពលរដ្ឋ ដោយសាររបាយការណ៍នៃចំនួនអ្នកប្រើប្រាស់បានកើនឡើងជាលំដាប់បើធៀបពីការដាក់ដំណើរការជាលើកដំបូង។

លោក (ប្រជាពលរដ្ឋ) កំពុងចូលរួមនិងគាំទ្រទៅហើយ ដោយសារតែកំណើនការប្រើប្រាស់ បើយើងអត់ឃើញកំណើនអ្នកប្រើប្រាស់យើងក៏អត់អាចកំណើនដែលឆ្លុះបញ្ចាំងថា ប្រជាជនយើងប្រើប្រាស់ទេ ពីដើមឡើងឡើយមានចំនួនតែប៉ុន្មានពាន់នាក់ រហូតកើនឡើងជាលំដាប់ ប៉ុន្មានខែមុនជាមធ្យមមានប្រហែលជាងប៉ុន្មានម៉ឺននាក់ ១ម៉ឺន៣ពាន់នាក់នោះទេ មកដល់ឥឡូវកើនដល់ជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ […]

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី

កាលពីថ្ងៃទី ៦​ ខែមេសា ឆ្នំ២០១៨ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធ និងបានដាក់ឲ្យប្រើប្រាស់នាវាដឹកជញ្ជូនសាធារណៈព្រែកព្នៅ ភ្នំពេញ-តាខ្មៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរ។ ក្រសួងក៏បានបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននេះ គឺពុំយកតម្លៃសេវាកម្មអ្វីឡើយ គិតចាប់ពីថ្ងៃដាក់ដំណើរការ​ រហូតដល់ថ្ងៃទី ០១ ខែសីហានេះ។

អ្នកបើកបរនាវាសាធារណៈ លោក ហួត មាន បានឲ្យដឹងថា ប្រជាជនភាគច្រើនប្រើប្រាស់នាវានេះសម្រាប់ការជិះសាកល្បងកម្សាន្ដតែប៉ុណ្ណោះ មិនបានប្រើប្រាស់ក្នុងការធ្វើដំណើរទៅធ្វើការឡើយ។

គេជិះច្រើនល្ងាចថ្ងៃ សៅរ៍ និងអាទិត្យនៅពេលដែលគេសម្រាក គេចង់ជិះដើរលេង តែបើថ្ងៃធម្មតាអត់សូវមានទេ

អ្នកបើកបរនាវាសាធារណៈ លោក ហួត មាន

លោក ក៏បានបន្ដថា ថ្ងៃធម្មតាជាមធ្យមមានអ្នកជិះប្រហែល ១០នាក់ តែពេលល្ងាចមានចំនួនច្រើនជាងបន្ដិច រីឯថ្ងៃសោរ៍ និងថ្ងៃអាទិត្យ ជួនកាលមានប្រជាជនមកជិះច្រើនដល់លើសចំណុះទូកក៏មាន។

លោក ម៉េត មាសភក្ដី បានលើកឡើងថាសាលាក្រុងរាជធានីភ្នំពេញ​​​គ្រោងនឹងបន្ថែមចំនួនរថយន្តក្រុង និងពង្រីកខ្សែរត់របស់រថយន្ដក្រុងបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះឲ្យមានប្រសិទ្ធិភាពខ្ពស់។ លោក មាសភក្តីក៏លើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់មធ្យោបាយសាធារណៈកាន់តែច្រើនបន្ថែមទៀតដើម្បីកាត់បន្ថយការកកស្ទះ។​​​ បច្ចុប្បន្នសាលារាជធានីភ្នំពេញមានរថយន្តក្រុងសរុប ១៧៧គ្រឿង ក្នុងនោះ ៥៧គ្រឿផ្តល់ដោយក្រសួងសាធារណៈការ ១០០គ្រឿងជាអំណោយពីប្រទេសចិន និង២០គ្រឿងផ្សេងទៀតជាអំណោយពីប្រទេសជប៉ុន។

សាលាក្រុង គ្រោងពង្រីក ពង្រឹងគុណភាព រៀបចំបន្ថែមទៀត ពង្រីកខ្សែរត់ ពង្រីកចំនួនរថយន្ដរបស់យើងបន្ថែមទៀត។ ជាក់ស្ដែង ប៉ុន្មានថ្ងៃនេះ យើងទទួលបានរថយន្ដបន្ថែមទៀត ២០គ្រឿង រហូតដល់ចុងឆ្នាំ២០១៨ហ្នឹង យើងនឹងបង្រ្គប់រហូតដល់ ៨០គ្រឿង ដែលជាជំនួយជប៉ុន

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី

នៅថ្ងៃទី ១០ មេសា ឆ្នាំនេះ ក្រុមហ៊ុនរថភ្លើង រ៉ូយ៉ាល់រេលវេយ៍ ក៏បានដាក់ដំណើរការរថភ្លើងមួយខ្សែទៅកាន់ប្រលានយន្ដហោះអន្ដរជាតិដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ដោយពុំយកថ្លៃសេវា ទាំងភ្ញៀវជាតិ និងអន្ដរជាតិចំនួន៣ខែផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ