សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ជម្រុញ​ជា​ថ្មី​ឲ្យ​អាជ្ញាធរ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​លើ​ឃាតកម្ម​លោក ​កែម ឡី

រូបសំណាកលោក កែម ឡី ក្នុងពិធីរំលឹកខួបការស្លាប់របស់លោក

ក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនបានយកថ្ងៃខួប​២ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ជំរុញជាថ្មីទៅអាជ្ញាធរឲ្យស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោស ដោយពួកគាត់យល់ថា ព្រឹត្តិការណ៍​​បាញ់សម្លាប់នេះ មិនមែនមានតែឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះទេ។

នៅថ្ងៃនេះ អង្គការសង្គមស៊ីវិលនិងពលរដ្ឋ បាននាំគ្នាប្រមូលផ្ដុំនៅស្ដុបបូកគោ ដោយយកកម្រងផ្កា និងកាហ្វេ មកដាក់នៅកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី ដោយថា ដើម្បីរំលឹកពីវីរភាពរបស់លោកដែលហ៊ានធ្វើការវិភាគ និងនិយាយការពិតដែលកើតឡើងនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះនៅកន្លែងដែលលោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ ​ថាលោកចង់ឲ្យអាជ្ញាធរកម្ពុជាបង្កើតគណៈកម្មាការមួយធ្វើការស៊ើបអង្កេតករណីបាញ់ ឃាតកម្មលើលោក កែម ឡី ដើម្បីស្វែងរកអ្នកនៅក្រោយនៃការបាញ់សម្លាប់លោកមកផ្ដន្ទាទោស។ លោកបន្តថា  ខ្មាន់កាំភ្លើងដែលអាជ្ញាធរចាប់បានឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះ គ្រាន់តែជាឃាតករសិប្បនិមិត្តតែប៉ុណ្ណោះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ចូលរួមរំលឹកខួបនៃការស្លាប់លោក កែម ឡី ថ្ងៃទី ១០ កក្កដា ២០១៨
យើងនៅតែប្រកាន់ជំហរជំរុញបន្តបន្ទាប់ ពេលនេះរកមិនឃើញយើងជំរុញទៅពេលក្រោយ ហើយដើម្បីជម្រះនៅមន្ទិលសង្ស័យ កុំឲ្យមតិប្រជាពលរដ្ឋសង្ស័យថាអាជ្ញាធរអសមត្ថភាពឬមួយពាក់ព័ន្ធជាមួយអ្នកមានអំណាចនៅពីក្រោយខ្នង។ អញ្ចឹងយើងត្រូវតែលាតត្រដាងទៅរកការពិតជូនប្រជាពលរដ្ឋ ជូនសាច់ញតិ ជូនកូនចៅ ផ្ដល់យុត្តិធម៌ដើម្បីលុបបំបាត់ភាពមន្ទិលសង្ស័យទាំងអស់នេះ

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន 

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលបានទៅកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី ជំរុញទៅអាជ្ញាធរឲ្យបង្ហាញលទ្ធផលដែលធ្វើការស៊ើបអង្កេតជាសាធារណៈ ដោយថា ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចូលរួមរំលឹកខួបនៃការស្លាប់លោក កែម ឡី ថ្ងៃទី ១០ កក្កដា​ ២០១៨
ករណីនេះ មិនមែនដូចជាករណីឃាតកម្មទៅលើបុគ្គលធម្មតាទេ។ ដូច្នោះយើងគួរតែផ្ដល់ព័ត៌មាន ឬក៏ចំណាត់ការខ្លះអំពីការធ្វើកិច្ចការបស់ខ្លួនដែលថា បានចាត់វិធានការ តើយើងបានចាត់វិធានការរបៀបម៉េច ហើយបានធ្វើអ្វីខ្លះទាំងអស់នេះ ដែលសាធារណជនកំពុងតែរង់ចាំ ហើយយើងឃើញហើយភាពស្ងប់ស្ងាត់នេះធ្វើឲ្យយើងកាន់តែមានមន្ទិលសង្ស័យមែនទែន។ តើអ្នកដែលគាត់មានការពាក់ព័ន្ធនឹងតើគាត់មានតួនាទីអីបានជាមានឥទ្ធិពលខ្លាំងទៅលើចំណាត់ការរបស់សមត្ថកិច្ចឬតុលាការហ្នឹង?

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ លើកឡើងថា អ្នកស្រីមកស្តុបបូគោនៅថ្ងៃនេះ ដើម្បីរំលឹកខួប ២ ឆ្នាំ នៃការបាញ់សម្លាប់ លោក កែម ឡី។ អ្នកស្រីបន្តថា រយៈពេល២ ឆ្នាំនេះ អ្នកស្រីនៅតែឈឺចាប់និងចងចាំជានិច្ចពីវីរភាពលោក កែម ឡី ដែលហ៊ាននិយាយពីការពិតនៅក្នុងសង្គម។

សម្រាប់នាងខ្ញុំនៅតែអំពាវនាវ ទទូចដល់រដ្ឋាភិបាលឲ្យជួយរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ដោយសារ ការរកយុត្តិធម៌កន្លងមក យើងក៏ឃើញដែរ ការមានផ្ដន្ទាទោសលោក អឿត អាង ហៅ ជួប សម្លាប់ ហ្នឹង ប៉ុន្តែពួកយើងនៅតែមិនទាន់អស់ចិត្ត ដោយយើងយល់ឃើញថា ឃាតករពិតប្រាកដមិនមែនជាជនម្នាក់នោះទេ

ពលរដ្ឋម្នាក់ដែលចូលរួមពិធីរំលឹកខួបលោក កែម ឡី (សុំមិនបញ្ចេញឈ្មោះ)

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការជំរុញនេះ ថាជារឿងនយោបាយ។  ទាក់ទិននឹងករណីឃាតកម្មលើលោក កែម ឡី នេះដែរ លោកថា អាជ្ញាធរកម្ពុជាកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត​។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក ​ជិន ម៉ាលីន
តុលាការនឹងអាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេតដែរ ប៉ុន្តែលទ្ធផលយ៉ាងណានោះគេមិនអាចបង្ហាញជាសាធារណៈបាននៅពេលនេះទេ ពីព្រោះដំណើរការស៊ើបអង្កេតនេះវាមានភាពស្មុគស្មាញ ហើយវាអាចត្រូវរក្សាការសម្ងាត់មួយចំនួន ដើម្បីឈានទៅដល់ការរកឃើញភាគីដែលពាក់ព័ន្ធផ្សេង។ អញ្ចឹងដំណើរការនេះកំពុងប្រព្រឹត្តទៅហើយនៅពេលដែលគេស្វែងរកភស្តុតាងគ្រប់គ្រាន់ហើយស្វែងរកអ្នកនៅពីក្រោយ គេនឹងធ្វើការបើកសវនាការ ពេលនោះគេនឹងបង្ហាញជាសាធារណៈហើយ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន

លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងស្តាម៉ាតមួយកន្លែង ស្ថិតក្នុងស្ថាននីយ៍ប្រេងឥន្ធនៈកាល់តិចជាប់ស្តុបបូកគោ កាលថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ ក្រោយពីអ្នកវិភាគដ៏ល្បីរូបនោះបានវិភាគបន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិមួយ ដែលលាតត្រដាងពីការក្តោបក្តាប់មុខជំនួញរបស់គ្រួសារ «ត្រកូលហ៊ុន» ។

រហូត​មក​ដល់បច្ចុប្បន្ននេះ  អាជ្ញាធរកម្ពុជាបានចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា «ជួប សម្លាប់» ដោយកាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារមួយជីវិត  នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក កែម ឡី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ