តៃវ៉ាន់​​ប្រកាស​​បិទ​​​ទ្វារ​អគារ​ឯកជន​​ និង​​សាធារណៈ​​ត្រៀម​​សម្រាប់​​ព្យុះ​​ទីហ្វុង​ម៉ារីយ៉ា

កម្មករដែលមានខ្សែពួរនៅកំពង់ផែប៉ាស្ទឺស៊ូនៅកីលុងកាលពីថ្ងៃទី 10 ខែកក្កដាឆ្នាំ 2018 នៅពេលទូកបានចូលចតមុនពេលព្យុះ ទីហ្វុង​ម៉ារីយ៉ា Typhoon Maria (រូបភាព៖ AFP)

សារព័ត៌មាន​នានា បាន​ចុះ​ផ្សាយ​ថា ការិយាល័យ និង​សាលារៀន​នៅ​លើ​ដែន​ដី​កោះ​តៃវ៉ាន់ ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ ហើយ​រាល់​ជើង​ហោះ​ហើរ​ទាំង​អស់ ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ព្យុះ​ទីហ្វុង​ដ៏​ខ្លាំង​ក្លា​ឈ្មោះ ម៉ារីយ៉ា កំពុង​តែ​តម្រង់​ទិស​សំដៅ​ទៅ​ដែន​ដីកោះ​មួយ​នេះ ដោយ​នាំ​ទាំង​ទឹក​ភ្លៀង​ធ្លាក់​ជោគ​ជាំ និង​ខ្យល់​បក់​បោក​ដ៏​ខ្លាំង​ក្លា​ផង​ដែរ។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ដក​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​ការិយាល័យ​ឧតុនិយម​តៃវ៉ាន់ ដែល​បាន​និយាយ​ថា ព្យុះ​ម៉ារីយ៉ា កំពុង​ស្ថិត​នៅ​ចម្ងាយ ៥០០​គីឡូ​ម៉ែត្រ​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង​ឆ្នេរ​សមុទ្រ​យីឡាន ជាមួយ​ល្បឿន​ដល់​ទៅ ១៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ការិយាល័យ​ឧតុនិយម​តៃវ៉ាន់ បាន​បន្ថែម​ថា ផល​ប៉ះ​ពាល់​នៃ​ព្យុះ​នេះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មាន​កម្រិត​ខ្លាំង​ក្លា​បំផុត​នៅ​យប់​ថ្ងៃ​អង្គារ​នេះ និង​នៅ​ព្រឹក​ថ្ងៃ​ស្អែក​ ដោយ​នាំ​មក​នូវ​ទឹក​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ដល់​ទៅ ៥០០​មីលីលីត្រ​នៅ​តំបន់​មួយ​ចំនួន។

មន្ត្រី​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​ក៏​បាន​ព្រមាន​អំពី​ទឹក​ជំនន់ និង​ការ​រអិល​បាក់​ដី​ផង​ដែរ។

អាជ្ញាធរ​កោះ​តៃវ៉ាន់ បាន​ប្រកាស​ថា ការិយាល័យ​ធ្វើការ និង​សាលា​រៀន នឹង​ត្រូវ​បិទ​ទ្វារ​នៅ​រសៀល​ថ្ងៃ​នេះ នៅ​តាម​ទីក្រុង​ចំនួន ៥ ក្នុង​នោះ​មាន​ទាំង​ទីក្រុង​យីឡាន ដែល​នឹង​ទទួល​រង​ខ្យល់​បក់​បោក​ខ្លាំង​ក្លា​បំផុត។

អាជ្ញាធរ​អាកាសចរណ៍​តៃវ៉ាន់ ក៏​បាន​ប្រកាស​ផង​ដែរ​ថា ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ប្រហែល ៧០ និងជើង​ហោះហើរ​ចំនួន ២ ទៅ​កាន់​កោះ​អូគីណាវ៉ា​របស់​ជប៉ុន ត្រូវ​បាន​លុប​ចោល​ទៅ​វិញ។

ក្រុមហ៊ុន​អាកាស​ចរណ៍​ហុងកុង Cathay Pacific បាន​និយាយ​ថា ខ្លួន​ក៏​បាន​លុប​ចោល​ជើង​ហោះ​ហើរ​ជាច្រើន​រវាង​ទីក្រុង​ហុងកុង និង​ទីក្រុង​តៃប៉ិ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។

ក្រៅ​ពី​នេះ ជើង​ហោះ​ហើរ​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ប្រកាស​លុប​ចោល​ផង​ដែរ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អ្នក​ដំណើរ​រាប់​ពាន់​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ