ខុមហ្វ្រែល​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​អង្គការ​នេះ​ត្រៀម​​ធ្វើ​ឲ្យ​ចលាចល​ថ្ងៃ​បោះឆ្នោត​

លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកស៊ើបអង្កេតនៃអង្គការខុមហ្រ្វែល

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ច្រានចោលចំពោះការចោទប្រកាន់របស់បណ្តាញព័ត៌មានសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន ដែល​បានផ្សព្វផ្សាយដោយចោទប្រកាន់ថា អង្គការនេះត្រៀមបង្កបញ្ហាក្នុងថ្ងៃបោះឆ្នោត។​

ក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី១០ ខែកក្កដា អង្គការខុមហ្វ្រែល បានលើកឡើងថា បណ្តាញព័ត៌មានសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់ថា សកម្មភាពរបស់អង្គការខុមហ្វ្រែលធ្វើឡើងដើម្បីអុកឡុងការបោះឆ្នោត និងបង្កចលនានៅក្រោយការបោះឆ្នោត រួមទាំងភ្ជាប់ជាមួយព័ត៌មានអំពីគ្រោះថ្នាក់ទឹកខ្មៅជ្រលក់ម្រាមដៃជាដើម។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ អង្គការខុមហ្វ្រែល បានបញ្ជាក់ថា អង្គការរបស់ខ្លួនមិនបានអនុវត្តសកម្មភាពដូចការចោទប្រកាន់នេះទេ ខណៈខុមហ្វ្រែលកំពុងបំពេញបេសកកម្ម និងខិតខំអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីជំរុញការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមបែបប្រជាធិបតេយ្យត្រឹមត្រូវ ដោយគោរពការអនុវត្តន៍សិទ្ធិមនុស្ស និងឆ្លុះបញ្ចាំងឆន្ទៈរបស់ពលរដ្ឋតែប៉ុណ្ណោះ។

ក្នុងខ្លឹមសាររបស់សារព័ត៌មាន Fresh News ចេញផ្សាយកាលពីថ្ងៃទី២កក្កដា បានសរសេរថា កាលពី៥ឆ្នាំមុនអំឡុងពេល   កម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៥ ឆ្នាំ២០១៣ មានអង្គការសង្គមស៊ីវិលមួយចំនួនក្នុងនោះរួមមានសមាគមអាដហុក និងអង្គការខុមហ្វ្រែលផងដែរ បានបង្ហាញនូវរបបគំហើញថ្មីរបស់ខ្លួនដោយអះអាងថា ទឹកថ្នាំខ្មៅរបស់   គ.ជ.ប ដែលអាចលាងជ្រះវិញក្នុងពេលដ៏ខ្លី។

ដោយ Fresh News បញ្ជាក់ថា លោក ហ៊ុន សែន បានចាត់ទុកការប្រឌិតរឿងទាក់ទងនឹងទឹកខ្មៅសម្លាប់អ្នកបោះឆ្នោតលើកនេះគឺជាផែនការសម្ងាត់ថ្មីដែលក្រុមទាំងនោះបង្កើតឡើង ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋពីមាត់មួយទៅមាត់មួយ ហើយថា ក្រុមនោះគឺមានការជាប់ពាក់ព័ន្ធនឹងក្រុមដែលអំពាវនាវដល់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត។

ចំណែកសារព័ត៌មាន Swift News បានចុះផ្សាយវាយប្រហារជាច្រើនទៅអង្គការខុមហ្វ្រែល និងអាន់ហ្វ្រែលដែលដឹកនាំដោយលោក គល់ បញ្ញា ដោយចោទថា អង្គការនេះបានរៀបចំផែនការក្រឡុកការបោះឆ្នោតនៅពេលខាងមុខនេះទៀតផង។

មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស បន្ថែមលើសេចក្តីប្រកាសព័ត៌មានថា ការចុះផ្សាយរបស់សារព័ត៌មានទាំងនេះ គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន បំភ្លៃការពិត និងបំភិតបំភ័យដែលធ្វើឲ្យប៉ះពាល់ ដល់សិទ្ធិរបស់អង្គការ និងប្រជាពលរដ្ឋក្នុងការចូលរួមកិច្ចការនយោបាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ខណៈលោកថា គេហទំព័រមួយដែលមានឈ្មោះថា«កម្ពុជាពិត»បានផ្សព្វផ្សាយបំភ្លៃការពិតច្រើនជាងគេពីអង្គការខុមហ្វ្រែល។

វាជាព័ត៌មានដ៏បំប៉ោងមួយទៅដល់មតិជាតិ អន្តរជាតិ និងដល់មូលដ្ឋាន អញ្ចឹងទៅវាធ្វើអ្នកដែលអ្នកសង្កេតការរបស់យើងហ្នឹង គាត់មានការព្រួយបារម្ភ មិនត្រឹមតែអ្នកអង្កេតការយើងទេសូម្បីតែប្រជាពលរដ្ឋក៏គាត់មានការព្រួយបារម្ភក្នុងការធ្វើកិច្ចការងាររបស់យើងដែរ។អញ្ចឹងការព្រួយបារម្ភហ្នឹង វាស្ថិតនៅក្នុងប្រើប្រាស់សិទ្ធឬឆន្ទៈរបស់យើង របស់ប្រជាពលរដ្ឋដែលមានចែងរដ្ឋធម្មនុញ្ញដែលចែងថាពលរដ្ឋមានសិទ្ធិចូលរួមកិច្ចនយោបាយផ្សេងៗ។ ហើយនៅពេលនេះជាអំឡុងពេលបោះឆ្នោតទៀតអញ្ចឹងបើមានការភិតភ័យបែបនេះពលរដ្ឋមិនអាចបើប្រាស់សិទ្ធរបស់ខ្លួនឯងដោយត្រឹមត្រូវ ដោយយុត្តិធម៌បានទេ

មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២កក្កដា បាន​ព្រមានវាយខ្នោះលើអ្នកដែលនិយាយថាទឹកខ្មៅជ្រលក់ដៃក្នុងថ្ងៃបោះឆ្នោតនឹងធ្វើឲ្យមនុស្សស្លាប់ក្រោយពីជ្រលក់បាន២៤ម៉ោង ដោយថា ពាក្យចចាមអារាមនេះធ្វើឲ្យឲ្យប៉ះពាល់ដល់​សន្តិសុខជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ