តើ​សង្រ្គាម​​ពាណិជ្ជកម្ម​​អាមេរិក​​និង​​ចិន​​​អាច​មាន​​ច្រក​​ចេញ​អ្វី​ខ្លះ?​​

លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីងពីង

សង្រ្គាម​​​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​បានផ្ទុះឡើងជាផ្លូវ​ការតាំង​ពីដើម​​ខែនេះមកម្ល៉េះ។ អាមេរិក​បាន​ដំឡើងពន្ធលើទំនិញចិន​ដែល​នាំចូល​អាមេរិក​ជាច្រើន​ប្រភេទដែល​មាន​តម្លៃជាទឹកប្រាក់៥០​ពាន់​លាន​ដុល្លារ​ ខណៈដែល​ចិន​ក៏បាន​ធ្វើ​ការ​សងសឹក​ភ្លាម​ៗ​វិញ​ផង​ដែរ​ដោយ​ដំឡើងពន្ធលើទំនិញ​អាមេរិក​ដែល​មាន​តម្លៃ៥០ពាន់លាន​ដូចគ្នា​ដែរ។

គ្មានប្រទេស​ណាមួយដែល​ចំនេញ​ពីសង្រ្គាម​ពាណិជ្ជកម្ម​នេះទេ ពោល​គឺវា​ជា​សង្រ្គាម ​ខាត​-ខាត ​ទាំងសងខាង បើទោះបីជាលោក ដូណាល់ ត្រាំ បានថ្លែងកាល​ពីខែ​មីនា​កន្លងទៅថា​សង្រ្គាម​ពាណិជ្ជកម្ម​គឺល្អសម្រាប់អាមេរិក​ ហើយអាមេរិកនឹងឈ្នះ។ ប៉ុន្តែ​បើ​យោងតាម​របាយណ៍របស់​នាយកដ្ឋាន​កសិកម្ម​សហរដ្ឋ​អាមេរិកបង្ហាញថា​  ​ ចិន​ជា​ទីផ្សារធំមួយដែល​អាមេរិកនាំចេញផលិតកសិកម្មដែល​កាល​ពីឆ្នាំ​២០១៧កន្លងទៅ​ អាមេរិក​បាន​នាំ​ផលិត​កសិកម្ម​ចូលចិន​មាន​តម្លៃជាទឹក​ប្រាក់​ប្រមាណ​ជិត​២០ពាន់លាន​ដុល្លារ។ តាមការចុះផ្សាយ​របស់សារព័ត៌មាន​ CNBC ផលិតផលកសិកម្ម​២៥​%របស់​អាមេរិក​គឺនាំចេញទៅកាន់ប្រទេស​ចិន។ និយាយរួមកសិករអាមេរិក​ជាអ្នក​ដែល​រង​ផល​ប៉ះពាល់​ជាង​គេ។

ក្រឡេកមក​​មើលប្រទេស​ចិន​​វិញ ចិន​​ក៏ប៉ះពាល់មិន​តិច​ប៉ុន្មាន​ដែរ​។ ទំនិញ​ជាច្រើនប្រភេទរបស់ចិន​ត្រូវបាន​អាមេរិក​ដំឡើងពន្ធ​ដែល​ធ្វើ​អោយប៉ះពាល់​ដល់ក្រុមហ៊ុន​សហគ្រាស​ជាច្រើន​របស់ចិន​ផងដែរ។

តើ​សង្រ្គាម​ពាណិជ្ជ​កម្ម​រវាងប្រទេស​ទាំាំងពីរនេះអាចមានច្រក​ចេញ​អ្វីខ្លះ​?

ជាទូទៅកាល​ណាមាន​ជម្លោះពាណិជ្ជកម្ម​រវាង​ប្រទេស​មួយនឹងប្រទេស​មួយកើតឡើង ប្រទេស​ដែល​ពាក់ព័ន្ធនឹង​ជម្លោះ​នោះត្រូវពឹង​ផ្អែក​លើ​​អង្គកា​រពាណិជ្ជកម្ម​ពិភពលោក​ឲ្យ​ជួ​យដោះស្រាយ។ ប៉ុន្តែសម្រាប់ជម្លោះពាណិជ្ជកម្ម​រវាង​​អាមេរិក​និង​ចិន​នេះ អង្គការពាណិជ្ជកម្មពិភពលោកមិន​អាចធ្វើ​អ្វី​បាន​ទេក្រៅពី​ការតាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ជម្លោះ​នេះទេ។

ចិនក៏ធ្លាប់បាន​ស្នើរឲ្យអង្គការពាណិជ្ជកម្ម​ពិភពលោកជួយ​ដោះស្រាយ​រឿងនេះដែរ ដោយ​ចោទអាមេរិក​ថាបាន​កម្រិត​ការធ្វើពាណិជ្ជកម្ម​ជាមួយគ្នា​ដោយ​មិន​ស្មើភាពគ្នា។ ប៉ុន្តែ​បើ​ទោះ​ជា​ចិន​បង្ហាញ​ចេតនា​ចង់​ឲ្យភាគី​ទី៣​ ពោល​គឺ​អង្គការ​ពាណិជ្ជកម្មពិភពលោក​មក​ជួយ​យ៉ាងណាក្តី ក៏អាមេរិកនៅតែមិន​បានបង្ហាញ​ចេតណាណាមួយ​ក្នុងការដោះស្រាយ​ជម្លោះនេះទេដោយ​អាមេរិក​លើកឡើង​ថា​​ការដំឡើងពន្ធនេះធ្វើឡើង​ក្រោម​ហេតុផលការព្រួយ​បារម្ភពីបញ្ហា​សន្តិ​សុខជាតិ។​

តាម​គោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក  ប្រទេស​ដែល​ជាសមាជិក​អង្គការនេះអាច​មិន​ខ្វាយខ្វល់​ពីកាតព្វកិច្ច​ពាណិជ្ជកម្មដែល​មាន​ចែងក្នុង​គោលការណ៍របស់អង្គការនេះ​ដូចជាការ ធ្វើពាណិជ្ជកម្ម​ជាមួយគ្នា​ដោយស្មើភាពជាដើមបាន​ ប្រសិនបើ​ប្រទេសណាមួយលើកហេតុផល​ថាការធ្វើពាណិជ្ជកម្ម​នោះប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួន។ អាមេរិកបានប្រើលេស​នេះដើម្បីមិន​ចូលរួម​ការ​ចរចារ ឬការកាត់សេចក្តីណាមួយដែល​ធ្វើ​ឡើង​ដោយ​អង្គការមួយនេះ។ ចំណែកអង្គការ​ពាណិជ្ជកម្មពិភពលោកក៏គ្មាន​ហេតុផលណាមួយ​ដែល​អាច​បង្ខំ​អាមេរិក​ឲ្យ​ធ្វើ​តាម​នោះដែរ ព្រោះហេតុផល​ដែល​អាមេរិកប្រើនៅពេល​នេះ​វា​មិន​មាន​អ្វីផ្ទុយពីគោលការណ៍របស់​អង្គការពាណិជ្ជកម្មពិភពលោកនោះទេ។ ដូច្នេះហើយការដោះស្រាយ តាម​យន្តការណ៍អង្គការពាណិជ្ជកម្មពិភពលោកប្រហែល​ជាពិបាកនឹងអាច​ធ្វើទៅបាន​ក្នុងកាលៈទេសៈនេះ។

នាយក​គម្រោងសិក្សាពីជំនួញនិងសេដ្ឋកិច្ចចិន​នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តនិងគោលនយោបាយ លោក Scott Kennedy  បានប្រាប់អ្នកសារព័ត៌មាន​អនឡាញ Vox .com របស់អាមេរិកថា​ជម្លោះពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរនេះនឹង​មាន​ដំណោះស្រាយ​នៅពេល​ដែល​ប្រទេស​នីមួយៗ​ មើលឃើញថា​ផល​ប៉ះពាល់លើសេដ្ឋកិច្ចនិងនយោបាយដែល​បង្កឡើងដោយ​​ជម្លោះនេះវាគ្រប់គ្រាន់​សម្រាប់ភាគីទាំងពីរ។​

អ្នកស្រាវជ្រាវនិងជាអ្នកវិទ្យាសាស្រ្តនយោបាយ​នៃវិទ្យាស្ថាន Roosevelt  របស់​អាមេរិក​ លោក Todd Tucker បាន​ប្រាប់សារព័ត៌មាន​ខាងលើបន្ថែម​ថា​ដំណោះស្រាយមួយ​ទៀត​ចំពោះបញ្ហានេះគឺចិន​អាច​ធ្វើធូរស្បើយឡើងវិញ ដោយបញ្ជាទិញ​ផលិតផល​កសិកម្មអាមេរិកបន្ថែម ហើយជួយបន្ថែម​ទៀត​លើរឿងកូរ៉េខាងជើង។ លោកបន្តថា ពេលនោះអាមេរិក​អាច​នឹង​លុប​ចោល​ពន្ធ​ទាំងនោះវិញ។

នាយករងមជ្ឈមណ្ឌល Herbert A. Stiefel Center for Trade Policy Studies សម្រាប់ការសិក្សា​គោល​នោបាយ​ពាណិជ្ជកម្ម​នៃវិទ្យាស្ថាន​ Cato លោក​ Simon Lester នៅសហរដ្ឋអាមេរិក ថ្លែងប្រាប់សារព័តមាន​នេះដែរថាសង្រ្គាម​ពាណិជ្ជកម្ម​កម្ម​រវាង​ប្រទេស​ទាំងពីរអាចនឹងបញ្ចប់កាល​ណា​ប្រទេស​ទាំង​ពីរ​ធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក។​ លោកបន្ត​ថា​ដើម្បី​កុំ​អោយ​ការដំឡើង​ពន្ធដែល​ធ្វើឡើងដោយរដ្ឋបាល លោក ត្រាំ នៅពេល​នេះមើលទៅ​វា​ដូចជា​រឿងឡប់ឡែរ ចិនគួរ​តែ​សម្បទានឲ្យអាមេរិក​នូវ​រឿង​មួយ​ចំនួន​ដែល​អាមេរិក​ចង់បាន ហើយ​អាមេរិក​ក៏ត្រូវតែ​ផ្ដល់ឲ្យចិន​នូវរឿងមួយចំនួន​វិញដែរដើម្បីកុំ​ឲ្យ​គេមើល​ឃើញ​ថា​ចិន​ខ្លាច​សំឡុតអាមេរិក។

លោក​ក៏បានផ្ដល់ជាអនុសាសន៍មួយទៀត​ផងដែរ​ថា​ចិន​គួរ​តែ​រួម​គ្នា​ជាមួយបណ្ដាប្រទេស​ផ្សេងៗមួយចំនួន​ទៀត​ដែល​ទទួល​រង​ផល​ប៉ះពាល់ដោយសារ​ការដំឡើងពន្ធ​ពី​អាមេរិកនេះ។ លោកថា​ការធ្វើបែបនេះ​វា​អាចនឹងធ្វើឲ្យអាមេរិក​ផ្លាស់ប្តូរឥរិយាបថ។​

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ​ រហូត​មក​ដល់ពេល​នេះមិនមាន​សញ្ញាវិជ្ជមាន​ណាមួយ​ដែល​បង្ហាញថា​សង្រ្គាម​ពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរនេះបញ្ចប់នៅពេល​ណា​នោះទេ។​ ជាក់ស្ដែង​​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC របស់​អង់គ្លេស​ដែលចេញផ្សាយនៅ​ថ្ងៃនេះ​ សហរដ្ឋអាមេរិកក៏នឹង​ដំឡើងពន្ធ​១០ភាគរយ​បន្ថែម​ទៀត​លើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ​ជាទឹកប្រាក់​២០០ពាន់​លាន​ដុល្លានៅ​ខែ​ដើមកញ្ញានេះ​លើ​ទំនិញ​ជាង​៦០០០ប្រភេទរបស់ចិន ដើម្បីជា​ការឆ្លើយតប​​ដែលចិន​ហ៊ាន​សងសឹកខ្លួន​ដោយដំឡើង​ពន្ធ​ទំនិញអាមេរិកដែល​នាំ​ចូល​ចិន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ