របាយការណ៍៖ ក្រុមចារកម្មចិនកំពុងលួចទិន្នន័យពីស្ថាប័នបោះឆ្នោតកម្ពុជា

Fire Eye ព្រមានពីការលួចយកទិន្នន័យរបស់ក្រុមលួចព័ត៌មានបច្ចេកវិទ្យារបស់ចិនឈ្មោះ «TEMP PERISCOPE»

ក្រុមហ៊ុនអ៊ីនធើណែតសហរដ្ឋអាមេរិកមួយឲ្យដឹងថា ភ្នាក់ងារចារកម្មចិនកំពុងវាយប្រហារ និងលួចយកទិន្នន័យពីក្រសួង-ស្ថាប័នរដ្ឋមួយចំនួនរបស់កម្ពុជា ខណៈដែលការបោះឆ្នោតថ្នាក់ជាតិខិតជិតចូលមកដល់។

ក្រុមហ៊ុនសន្ដិសុខតាមប្រព័ន្ធអ៊ីនធើណែត Fire Eye ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានបង្ហាញរបាយការណ៍សិក្សាស្រាវជ្រាវរបស់ខ្លួន ដោយរកឃើញថា ក្រុមលួចព័ត៌មានបច្ចេកវិទ្យារបស់ចិនឈ្មោះ «TEMP PERISCOPE» កំពុងលុកលុយ និងលួចយកទិន្នន័យ ពីស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នដទៃទៀត ដូចជា ក្រសួងមហាផ្ទៃ ក្រសួងការបរទេសកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័នព្រឹទ្ធសភា និងស្ថាប័នព័ត៌មានផ្សេងទៀត។

ក្រុមហ៊ុន Fire Eye រកឃើញទៀតថា ក្រុមចារកម្មចិនកំពុងឃ្លាំមើលយ៉ាងដិតដល់លើការបោះឆ្នោតនៅកម្ពុជា​ និងថែមទាំងបានព្យាយាមលួចយកទិន្នន័យពីកូនស្រីអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា​ គឺកញ្ញា កឹម មនោវិទ្យា ទៀតផង។

បើតាមរបាយការណ៍ដដែលនេះ ក្រុមចារកម្មចិន TEMP PERISCOPE កំពុងធ្វើការនេះឲ្យរដ្ឋាភិបាលចិន និងធ្លាប់លួចយកព័ត៌មានពីបណ្ដាក្រុមហ៊ុន និងស្ថាប័នផ្សេងទៀត នៅសហរដ្ឋអាមេរិក អឺរ៉ុប តៃវ៉ាន់ និងហុងកុងជាដើម៕

សង្ខេបទិន្នន័យនៃសកម្មភាពដែលក្រុម TEMP.Periscope ធ្វើសកម្មភាពលួចទិន្នន័យសំខាន់ពីមុខសញ្ញារបស់ពួកគេ (រូបភាព៖ Fire Eyes)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ