អ្នក​កាសែត​អូស្ត្រាលី​ស្វែង​រក​ការ​លើក​លែង​ទោស​ពី​​លោក ហ៊ុន សែន ក្រោយ​ជាប់​ឃុំ​ជាង​១​ឆ្នាំ

លោក ​James Ricketson (ប្រភព៖ Reuter)

អ្នក​កាសែតជន​ជាតិ​​​អូស្ត្រាលី លោក James Ricketson ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ជាង ១​ឆ្នាំមុន​នោះ បាន​សរសេរ​លិខិត​សុំ​ទោស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ស្នើ​ឲ្យ​ដោះ​លែង​រូប​លោក​ផង​ដែរ។

​ក្នុង​លិខិត​សុំ​ទោស​ជា​ភាសា​ខ្មែរ​ដែល​ត្រូវ​បាន​បក​ប្រែ​ចេញ​ពី​​លិខិត​ជា​ភាសា​អង់គ្លេស​ចុះ​ថ្ងៃ​ទី​១ ខែ​កក្កដា​នោះ លោក James រៀប​រាប់​ថា លោក​សោក​ស្ដាយ​ចំពោះ​សេចក្ដី​អត្ថាធិប្បាយ​«ដែល​មិន​គោរព» និង​សុំ​អភ័យ​ទោស​ចំពោះ​លោក​ ហ៊ុន សែន ផ្ទាល់។

អ្នក​កាសែត​អូស្ត្រាលី​រូប​នេះ ក៏​បាន​កោត​សរសើរ​ផង​ដែរ​ថា ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស និង​ស្ថេរភាព​សម្រាប់​ប្រជាជន​កម្ពុជា។

អ្នក​បក​ប្រែ​លិខិត​សុំ​ទោស​របស់​លោក James គឺ​លោក ញ៉ុក វណ្ណា បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លិខិត​បក​ប្រែ​រួច​រាល់​ហើយ ហើយ​កូន​ប្រុស​របស់​លោក James នឹង​ដាក់​ទៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន។

មេធាវី​ការពារ​ក្ដី​លោក James គឺ​លោក​ស្រី ពឹង យក់ហៀប បានឲ្យ​ដឹង​ថា កូន​ក្ដី​របស់​អ្នកស្រី​បាន​ទទួល​ស្គាល់​កំហុស​របស់​លោក ហើយ​ក៏​បាន​សម្រេច​ចិត្ត​សរសេរ​លិខិត​សុំ​ទោស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ការ​ដោះ​លែង​ពី​ការ​ឃុំ​ខ្លួន ខណៈ​ដែល​លោក​ស្រី​អះ​អាង​ថា សុខភាព​លោក James បាន​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់ពី​លោក​បាន​ដួលសន្លប់កាលពីខែឧសភាកន្លងមកនេះ។

លោក James Ricketson ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ដាក់​ឃុំ​ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ប្រមូល​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ក្រោយ​​ពេល​លោក​បង្ហោះ​ដ្រូន​ក្នុង​ក្បួន​ឃោសនា​បោះឆ្នោត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

អតីតនាយករដ្ឋ​មន្ត្រី​អូស្រ្តាលី លោក​ Tony Abbott ក៏​បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះ​លែង​អ្នក​កាសែត​រូប​នេះ​ផង​ដែរ តាម​រយៈ​យុទ្ធនាការ​នៅ​លើ​បណ្ដាញ​អ៊ីនធឹណិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ