រដ្ឋាភិបាលគ្រោងកែច្នៃដំឡូងមីសម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក​

ពិធីប្រគល់ និងទទួលឯកសារគោលនយោបាយដំឡូងមី ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអន្តរក្រសួង តំណាងវិស័យឯកជន និងអង្គការ UNDP ដែលជាសមាជិក សមាជិកា នៃគណៈកម្មការរៀបចំគោលនយោបាយជាតិដំឡូងមី ប្រមាណជាង ៥០នាក់ (រូបភាព៖ វេបសាយ ក្រសួងពាណិជ្ជកម្ម)

រដ្ឋាភិបាលគ្រោងសហការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗក្នុងការកែច្នៃដំឡូងមីឲ្យមានគុណភាពត្រូវតាមបទដ្ឋានអន្តរជាតិ និងនាំចេញដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារពិភពលោក​។​

សេចក្តីប្រកាសព័ត៌មានរួមគ្នារវាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) និង​ ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១០ខែមិថុនាបានបង្ហាញលទ្ធផលនៃការសិក្សាថា កម្ពុជា ជាប្រទេសមានលទ្ធភាពអាចកែច្នៃដំឡូងមីដើម្បីផ្គត់ផ្គង់តម្រូវការពិភពលោកបាន។

តាមសេចក្តីប្រកាសព័ត៌មានគម្រោងនេះ នឹងចាប់ផ្តើមក្រោយការបោះឆ្នោតអាណត្តិទី៦ ដោយកែច្នៃទៅជាម្សៅដំឡូងមី ចំណែកកាកសំណល់កែច្នៃទៅជាចំណីសត្វនិងជីធម្មជាតិ។​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ប្រាប់វីអូឌីបន្ថែមតាមទូរសព្ទថា មុនចាប់ផ្តើមគម្រោងនេះ មានការសិក្សាច្បាស់លាស់ដោយរកឃើញថា ពិភពលោកកំពុងតែយកចិត្តទុកដាក់លើដំណាំដំឡូងមី សម្រាប់ទ្រទ្រង់ជីវិតបន្ទាប់ពីស្រូវ និងពោត។​

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ដើម្បីអាចពន្លឿនគម្រោងនេះ រដ្ឋាភិបាលត្រូវការសហការជាមួយដៃគូអភិវឌ្ឍន៍ផ្សេង ដើម្បីបំពេញចន្លោះខ្វះខាតរវាងអ្នកវិនិយោគនិងកសិករដាំដុះ។​

ចំណែកឯលោក រីឆាត ម៉ាស្ហល (Richard Marshall) សេដ្ឋកិច្ចវិទូនៃអង្គការ UNDP ប្រចាំប្រទេសកម្ពុជា លើកឡើងក្នុងសេក្តីប្រកាសព័ត៌មាននោះដែរថា ដំឡូងមីមានសារៈសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជានិងកែច្នៃយកទៅប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។​

របាយការណ៍សិក្សារបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា  កសិករ៩ម៉ឺនគ្រួសារកំពុងតែដាំដំឡូងមី លើផ្ទៃដីកន្លះលានហិកតានៅក្នុងខេត្តចំនួន​១៣។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ