អុឺរ៉ុប៖ ការដកកម្ពុជា​ចេញ​ពីគម្រោង​ពាណិជ្ជកម្ម​គឺ​ជា​​វិធាន​ការចុងក្រោយ

លោកស្រី Cecilia Malmström ទទួលបន្ទុកជាតំណាងពាណិជ្ជកម្មអឺរ៉ុប (European Trade Commissioner) (រូបភាព៖ ហ្វេសប៊ុក លោកស្រី Cecilia Malmström)

គណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៅថ្ងៃនេះ ធ្វើការព្រមាន​​ពី​ការ​ដកប្រទេសកម្ពុជា​ចេញពី​នូវ​គម្រោង​ពាណិជ្ជកម្មសេរី ហើយអះអាងថា នេះគឺជាវិធានការចុងក្រោយ ប្រសិនបើរាល់ការខំត​ខំប្រឹង​ប្រែង​របស់​ពួកគេ​លើ​បញ្ហា​សិទ្ធិមនុស្សនិងសិទ្ធិការងារ បរាជ័យមិនបានដោះស្រាយនោះ។

គណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៅថ្ងៃទី១២កក្កដា ធ្វើការព្រមាន​​ពី​ការ​ដកប្រទេសកម្ពុជា​ចេញពី​គម្រោង​ពាណិជ្ជកម្មសេរី ហើយអះអាងថា នេះគឺជាវិធានការចុងក្រោយ ប្រសិនបើរាល់ការខិត​ខំប្រឹង​ប្រែង​របស់​ពួកគេ​លើ​បញ្ហា​សិទ្ធិមនុស្សនិងសិទ្ធិការងារ បរាជ័យមិនបានដោះស្រាយនោះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី «បេសកកម្មរបស់​សហភាពអឺរ៉ុប វាយ​តម្លៃ​អំពី​សិទ្ធិ​មនុស្ស​និង​ស្ថានភាពការងារនៅកម្ពុជា» ចេញផ្សាយនៅថ្ងៃទី​១២​កក្កដា​២០១៨​​ សមាជិកគណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោកស្រី Cecilia Malmströmត្រូវបានដកស្រង់សម្តីថា៖

គំនិតផ្តួចផ្តើមនៃគម្រោងពាណិជ្ជកម្មសេរី អ្វីទាំងអស់លើកលែងតែអាវុធ ឬ EBA នោះ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច​និងការលុប​បំបាត់ភាពក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ ការវិវត្តន៍ថ្មីៗដ៏គួរឲ្យបារម្ភនេះក្នុងប្រទេសកម្ពុជា បាន​អំពាវនាវ​ឱ្យមាន​ការវាយ​តម្លៃ​កាន់​តែ​ជិត​ស្និទ្ធ អំពីថាតើកម្ពុជា​កំពុងបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនឬយ៉ាងណា។

សមាជិកគណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោកស្រី Cecilia Malmström​

លោកស្រីមានប្រសាសន៍បន្តថា ការពិភាក្សានិងការប្រមូលព័ត៌មាន នៅក្នុងអំឡុង​ដំណើរ​បេសកកម្ម​របស់​គណៈកម្មការអឺុរ៉ុប បាន​ផ្តោត​លើការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅក្នុង​ផ្នែក​នយោបាយ​និង​សិទ្ធិបោះ​ឆ្នោត​ ក៏ដូចជាការទប់ស្កាត់​ស​កម្មភាពសង្គមស៊ីវិល។

បើតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី Cecilia Malmström​ អះអាងទៀតថា មានកង្វះខាតនៅពេល​និយាយ​​អំពីយន្តការដោះស្រាយវិវាទដីធ្លីនិងការ​គំរាម​កំហែង​​យ៉ាងធ្ងន់ធ្ងរដល់សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​និង​សិទ្ធិចរចាសមូហភាព។

នៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប យុត្តិធម៌សង្គម ​គឺជាទិដ្ឋភាព​សំខាន់​​​មួយ​ រួមមានការគោរពសិទិ្ធមនុស្ស​សេរីភាពជាមូលដ្ឋាន ​និងស្តង់ដារការងារ ហើយបន្ទាប់ពី​បេសកកម្ម​​ស្វែងរកការពិត​នេះ យើង​នឹងវិភាគការពិតយ៉ាងលម្អិតមួយ ហើយ​ពិចារណា​ជំហាន​បន្ថែម​ទៀត​ចំពោះ​ប្រទេសកម្ពុជា

សមាជិកគណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោកស្រី Cecilia Malmström​

នៅក្នុងដំណើរទស្សនកិច្ច (៥កក្កដា-១១កក្កដា ឆ្នាំ២០១៨) គណៈប្រតិភូសហភាពអឺរ៉ុប បានជួប​ជាមួយ​សមាជិក​ជាច្រើន​​នៃរដ្ឋាភិបាលកម្ពុជា ​ក៏ដូចជាសហជីព អង្គការសង្គមស៊ីវិល​ក្រុមហ៊ុន​និង​តំណាងអង្គការ​សហប្រជាជាតិនិងអង្គការពលកម្មអន្តរជាតិ (ILO) នៅក្នុងប្រទេស ​នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​។

គម្រោងពាណិជ្ជកម្មសេរី «អ្វីទាំងអស់លើកលែងតែអាវុធ ឬ EBA» បាននាំមកនូវ​អត្ថប្រយោជន៍​សំខាន់​​ៗដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលសហភាពអឺរ៉ុបគឺជាទីផ្សារគោលដៅនាំចេញដ៏សំខាន់​ដែល​មាន​ចំនួន​៤០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា។

ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប​បានកើនឡើងយ៉ាងឆាប់រហ័ស​ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលកើនឡើង២២៧ភាគរយ នៅចន្លោះឆ្នាំ២០១១និង២០១៦។

នៅឆ្នាំ២០១៧ ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបបានឈានដល់៥ពាន់លានអឺរ៉ូ ដែលបានដាក់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម​អ្នក​ទទួល​ផល​ពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសេរី EBA។ ការនាំចេញចំនួន៩៥,៥ ភាគរយ ត្រូវបានធ្វើឡើង​ក្រោមកិច្ច​ព្រមព្រៀងគម្រោងពាណិជ្ជកម្មសេរី EBA នៅក្នុងចំណោមការនាំចេញ​ដែលត្រឹមត្រូវតាមបទ​បញ្ញត្តិ​របស់ EBA៕

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

អត្ថបទព័ត៌មានថ្មីៗ
[wpc-weather id="75954"/]