លោក ​ហ៊ុន សែន តែងតាំង​កូន​ប្រុស​ច្បង​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព​ជា​ផ្លូវ​ការ

លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​តែង​តាំង​កូន​ប្រុស​ច្បង​របស់​លោក ជា​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព​ជា​ផ្លូវការ​ហើយ បន្ទាប់​ពីក្បាល​ម៉ាស៊ីន​ជាន់​ខ្ពស់​ក្នុង​ជួរ​កង​ទ័ព ត្រូវ​បាន​រុះរើកាល​ពី​ពាក់​ចុង​​ខែមុន។

ក្នុង​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​៦ កក្កដា ព្រះ​ករុណា​​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​តែង​តាំង​លោក ហ៊ុន ម៉ាណែត ជា​អគ្គ​មេ​បញ្ជាការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ។

សេចក្ដី​សម្រេច​តែង​តាំង​លោក ហ៊ុន ម៉ាណែត ជា​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក​ហ៊ុន ម៉ាណែត បច្ចុប្បន្ន​មាន​តួនាទី​ជា​មេ​បញ្ជាការ​កង​ទ័ពជើង​គោក ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី ជា​មេ​បញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវ​កម្ម និង​ជាមេបញ្ជាការ​រង​នៃ​កង​អង្គរក្ស​របស់​ឪពុក​លោក​ផ្ទាល់។ ក្រៅពី​តួនាទី​ជា​នាយទាហាន លោកហ៊ុន ម៉ាណែត ក៏​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់បក្សប្រជា​ជនកម្ពុជា​ផង​ដែរ ។

នាយក​ប្រតិបត្តិ​សម្ព័នគណនេយ្យ​ភាព​សង្គម​លោក សន ជ័យ យល់​ថា ការ​ស្នើ​សុំ​ព្រះ​មហា​ក្សត្រតែង​តាំង​កូន​ខ្លួន​ក្នុង​តំណែង​ណា​មួយ​នោះ​មិន​ខុស​នោះទេ ដោយ​សារ​កម្ពុជា​ពុំ​មាន​ច្បាប់​ស្តីពី​ទំនាស់​ផល​ប្រយោជន៍ ប៉ុន្តែ លោក​បាន​ចោទ​សួរ​អំពី​ឯករាជ្យភាព​របស់​មន្ត្រី​យោធា ខណៈ​ដែល​លោក ហ៊ុន ម៉ាណែត ក៏​ជា​សមាជិក​ជាន់​ខ្ពស់​របស់​បក្ស​កាន់​អំណាច​ផង​នោះ។

វា​[ឯក​រាជ្យ​ភាពកង​ទ័ព]កំពុង​ស្ថិត​ក្នុង​សភាពមួយ​ដែល​មិន​ច្បាស់​លាស់ ដោយ​សារ​តែ​មនុស្ស​ម្នាក់មាន​តំណែង​ក្នុង​គណបក្ស​នយោ​បាយ​​​ផង ​ជួរ​កង​ទ័ព​ផង។ យើង​មើល​ទៅ​ជា​របៀប​ដែល​ស្មុគ​ស្មាញ ​ហើយ​មើល​ទៅ ​វា​មិន​ច្បាស់​លាស់។ អញ្ចឹង​​ទៅ ​វា​ជា​របៀប​មួយ​ដែល​ប៉ាត​ណា​ប៉ាតណី ដែល​យើង​ពិបាក​នឹង​មាន​ជំនឿថា​ កង​ទ័ពមាន​ឯក​រាជ្យ​ភាព មាន​អព្យា​ក្រឹតភាពណាស់

នាយក​ប្រតិបត្តិ​សម្ព័នគណនេយ្យ​ភាព​សង្គម​លោក សន ជ័យ

​លោក​ ហ៊ុន ម៉ាណែត​ ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​មេ​បញ្ជាការរង​​កង​ទ័ព តែ​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ថ្ងៃទី​២៩ កក្កដាខាង​មុខ។

ស្រប​ពេល​នេះ​ដែរ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Right Watch បាន​លើក​ឡើង​ថា ​គណបក្សកាន់​អំណាច​របស់​លោក ​ហ៊ុន សែន កំពុងប្រើ​ប្រាស់​ឧត្តម​សេនីយ​មួយ​ចំនួន​ក្នុងជួរ​រដ្ឋាភិបាល​ ឲ្យ​ធ្វើ​ការ​ឃោស​នា​បម្រើ​បក្សរបស់​ខ្លួន ដែល​ផ្ទុយ​ទៅនឹង​ច្បាប់​កម្ពុជាក្នុង​នោះ​ក៏​មាន​លោក ​ហ៊ុន ម៉ាណែត​ ផង​ដែរ។

ការ​បោះឆ្នោត​នេះ​ គឺ​មិន​មាន​ប្រជា​ធិបតេយ្យ​នោះ​ទេ! ព្រោះ​វា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ដែល​បក្សប្រជា​ជន បានប្រើ​មេបញ្ជា្កការ​(ទ័ព និង​នគរបាល)​ក្នុង​ការ​ឃោស​នា​បោះ​ឆ្នោត​​។ រដ្ឋាភិបាល​បរទេស​ដែល​បាន​ផ្តល់​លុយ​ជា​ច្រើន​លាន​ដុល្លារដល់​កម្ពុជា​ជាច្រើន​ទសវត្សរ៍​សម្រាប់​លើក​ស្ទួយ​ប្រជា​ធិប​តេយ្យ​ គួរតែតវ៉ា​ការរំលោភ​បំពានដែល​មិនច្បាស់​លាស់​នៃដំណើរ​ការ​បោះ​ឆ្នោត​នេះ

ប្រធាន​ Human Rights Watch លោក ប្រេត អាដាម បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​នេះ

លោកឧត្តម​សេនីយឯក​ ហ៊ុន ម៉ាណែត​ បាន​ចូលបម្រើការ​ងារ​ជា​កង​ទ័ព​នៅ​ឆ្នាំ​១៩៩៥ ជា​ឆ្នាំដែល​លោក​ត្រូវ​ទៅ​រៀន​នៅ​សាលា​​បណ្ឌិត​សភា​យោធា​​អាមេរិក​ផង​ដែរ។ លោក​ត្រូវ​បាន​លោក​ ហ៊ុន សែន ​តម្លើងឋានៈ​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោកកាល​ពី​ដើម​ឆ្នាំ​២០១១ ហើយ​នៅ​ឆ្នាំ​២០១៣ លោក​ត្រូវ​បាន​តម្លើង​ជា​ឧត្តម​សេនីយ៍​​ឯក​ផ្កាយ​បី​ ហើយ​​បើតាម​ការ​អះអាង​របស់​​ក្រសួង​ការ​ពារជាតិ​កាលពី​ចុង​ខែមិថុនាកន្លង​មក​នេះ លោកអាច​នឹង​តម្លើងជា​នាយឧត្តម​សេនីយ៍​ផ្កាយ​៤​ នាពេល​ឆាប់​ៗ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ