បទយកការណ៍៖ រ៉ឺម៉កកង់បីខ្មែរធ្លាក់ចុះ ខណៈកង់បីឥណ្ឌាវាយលុកទីផ្សារកម្ពុជា

រ៉ឺម៉កកង់បីខ្មែរ

មធ្យោបាយធ្វើដំណើរដែលប្រជាជនខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិតែងតែនិយមប្រើប្រាស់ សព្វថ្ងៃនេះ បន្ទាប់ពីយានជំនិះផ្ទាល់ខ្លួន គឺ «តុក តុក» ឬ «រ៉ឺម៉កកង់បី» ហើយនៅពេលនេះមានការជឿនលឿនជាងមុន ដោយគេបានបំពាក់បច្ចេកវិទ្យាទំនើប ងាយស្រួលសម្រាប់​អ្នកជិះ និងអ្នកដឹកជញ្ជូន។

មកដល់បច្ចុប្បន្ននេះ ដោយសារតែមានភាពជឿនលឿនខ្លាំង ឡាំប្រឺតា ដែលមនុស្សមួយចំនួនហៅថា កង់បីឥណ្ឌា ឬតុក តុក ឥណ្ឌា កំពុងតែវាយលុកទីផ្សារកម្ពុជាយ៉ាងខ្លាំង ខណៈ​ដែលរ៉ឺម៉កកង់បី​ខ្មែរកំពុងប្រឈមមុខនឹងការធ្លាក់ចុះចំនួននៃអ្នកប្រើប្រាស់ និងជិតបានបាត់បង់​បន្តិចម្តងៗ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)​​​ លោក វន ពៅ បានប្រាប់វីអូឌីឲ្យដឹងថា មូលហេតុដែល​ចំនួនអ្នករត់រឺុម៉កកង់បីខ្មែរធ្លាក់ចុះ ហើយងាកមកប្រើប្រាស់ឡាំប្រឺតាវិញ ព្រោះតែវាប្រើហ្គាស ចំណេញថវិកា ហើយខាងក្រុមហ៊ុន បានបំពាក់បច្ចេកវិទ្យាទំនើប (App) ស្រាប់ងាយស្រួលក្នុងការរកម៉ូយទៀតផង។

អ្នករត់រឺុម៉កកង់បីខ្មែរមួយចំនួនបានបង្ខំចិត្តលក់កង់បីរបស់ខ្លួនដើម្បីទិញកង់បីឥណ្ឌា ដែលមានតម្លៃថ្លៃ។ ហើយអ្នកខ្លះបានយកប្លង់ដីដាក់បញ្ចាំធនាគារ ដើម្បីទទួលបានថវិកាទិញ កង់បីឥណ្ឌា។

យើងឃើញថាទីមួយ​ដោយសារតែរឺុម៉កឥណ្ឌានឹងគឺ ប្រើប្រាស់ហ្គាស ចឹងមានន័យថាហ្គាសមានតម្លៃថោកជាងសាំង ទីពីរគឺភាគច្រើនក្រុមហ៊ុនដែលនាំ​ចូលរឺុម៉កឥណ្ឌានឺងគឺគេបានបង្កើតប្រព័ន្ធ App ដោយខ្លួនគេ ចឹងហើយធ្វើឲ្យអ្នករត់រឺុម៉កខ្មែរ មួយចំនួនធំបង្ខំចិត្តទៅទិញរឺុម៉ក​ឥណ្ឌារត់វិញ ហើយអ្នកខ្លះទៀតគឺបានលក់រឺុម៉ក់ខ្មែរក្នុងតម្លៃថោក ទៅយកប្លង់ដី ប្លង់ផ្ទះទៅបញ្ចាំងនៅធនាគារ ដើម្បីយកលុយ​ទិញរឺុម៉កឥណ្ឌា […] អ្នករត់រឺុម៉កខ្មែរមួយចំនួនធំបាត់បង់សេដ្ឋកិច្ច ហើយបង្ខំចិត្តទៅទិញរឺុម៉កឥណ្ឌាធ្វើយ៉ាងណាដើម្បីបង្កើន​ប្រាក់ចំណូលគាត់ឡើងវិញ

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)​​​ លោក វន ពៅ

កំពុងអង្គុយនៅលើម៉ូតូ និយាយគ្នាលេងជាមួយអ្នករត់រឺុម៉កកង់បីខ្មែរគ្នាឯង លោក តាក់ វ័យ៤០ឆ្នាំ ជាអ្នករត់រ៉ឺម៉កកង់បីខ្មែរមួយរូប​ក្នុងចំណោមអ្នករត់រ៉ឺម៉កកង់បីខ្មែរជាច្រើន បានឲ្យដឹងថាសម្រាប់លោកគឺមានផលលំបាកបន្តិចបន្តួច ដោយសារពុំសូវមានភ្ញៀវ​ជិះបណ្តាលឲ្យចំណូលរបស់គាត់មានការធ្លាក់ចុះ។

មុននឹងមាន (ឡាំប្រឺតា) ខ្ញុំ បើនិយាយទៅមធ្យម (រកបាន) វា ២០ដុល្លារ ដល់ពេលឥឡូវមកធ្លាក់វិញហើយ […] បើតុកតុកខ្មែរខ្ញុំនេះ វាជួនកាល៧ទៅ៨មឺុន មធ្យម៥មឺុន […] សម្រាប់ខ្ញុំ ផលលំបាកតិចតួចដែរ វាអត់មានភ្ញៀវជិះចឹង

លោក តាក់ វ័យ៤០ឆ្នាំ ជាអ្នករត់រ៉ឺម៉កកង់បីខ្មែរមួយរូប

ទោះបីជាមិនសូវមានការពេញនិយមយ៉ាងណាក៏ដោយ ក៏លោក តាក់ មិនគិតចង់ផ្លាស់ប្តូររឺុម៉កកង់បីខ្មែររបស់ខ្លួនដែរ ព្រោះលោក​ចង់​រក្សា និងគាំទ្រអ្វីដែលជារបស់ខ្មែរដដែល។

បើតាមគំនិតខ្ញុំ ខ្ញុំអត់ចង់ប្តូរទេ ព្រោះរបស់ឥណ្ឌានេះ វារបស់បរទេស ម្យ៉ាងខ្ញុំគាំទ្រផលិតផលរបស់​ខ្មែរយើងផង អានេះវាជាស្នាដៃរបស់ខ្មែរផលិត

លោក តាក់ វ័យ៤០ឆ្នាំ ជាអ្នករត់រ៉ឺម៉កកង់បីខ្មែរមួយរូប

ជាមួយគ្នានេះដែរ ដោយសារតែមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ប្រជាពលរដ្ឋខ្មែរគ្រប់វ័យគឺកាន់តែយល់ពីរបៀបប្រើប្រាស់​នូវសេវាកម្មដឹក​ជញ្ជូនតាមរយៈកម្មវិធីនៅលើស្មាតហ្វូនមួយចំនួនដូចជា WeGo Passapp និង Grab។ ផ្អែកលើការយល់ដឹង​ច្រើនរបស់ប្រជាពលរដ្ឋ ការរត់រ៉ឺម៉កកង់បីខ្មែរ និងឡាំប្រឺតាគឺកាន់តែងាយស្រួល ព្រោះមានកម្មវិធីជួយឲ្យប្រជាពលរដ្ឋហៅបាន​យ៉ាងលឿន ដូចនេះ​អ្នករត់រ៉ឺម៉កកង់បីខ្មែរ និងឡាំប្រឺតា ​មិនចាំបាច់ហៅភ្ញៀវ ឬម៉ូយដូចមុនទៀតឡើយ។

កំពុងអង្គុយលើតុកតុកចាំភ្ញៀវ ដៃម្ខាងចុចទូរសព្ទ លោក ភីវុធ វ័យ៣២ឆ្នាំ ជាអ្នករត់ឡាំប្រឺតា ឬតុក តុកឥណ្ឌា ក្នុងចំណោមអ្នករត់ឡាំប្រឺតាជាច្រើន បានឲ្យដឹងថាតាំងពីដូរពីរឺុម៉កកង់បីខ្មែរមកឡាំប្រឺតា ក្នុងរយៈពេល២ខែនេះចំណូលរ​បស់លោកបើប្រៀបធៀប​​​ បច្ចុប្បន្នគឺខុសគ្នា ហើយតាំងពីទិញមកគឺស្រួល ដោយគ្មានខូចខាតអ្វីឡើយ។

ពីមុន (រកបាន) ៤-៥មឺុន ដល់ឥឡូវវាអាចឡើងលើសនឹង ថា៧-៨មឺុន ទៅ១០មឺុន […] ព្រោះថាគេដូចថា គេរកនឹង គេរកបាន ចឹងយើងលក់អានោះ (រឺុម៉កកង់បីខ្មែរ) ទៅយើងរកតាមគេ (រត់ឡាំប្រឺតា) ទៅ

លោក ភីវុធ វ័យ៣២ឆ្នាំ ជាអ្នករត់ឡាំប្រឺតា ឬតុក តុកឥណ្ឌា

លោកភីវុធ បានបន្តថា ជីវភាពគ្រួសាររបស់លោកមានការប្រសើរជាងមុនក្រោយពីបានប្តូរមកប្រើឡាំប្រឺតានេះ។ ជាងនេះទៅ​ទៀត លោកអាចរកម៉ូយងាយស្រួលជាងមុន ហើយបូកផ្សំនឹងឡាំប្រឺតាប្រើបានទាំងសាំង និងហ្គាសផង វាធ្វើឲ្យលោកកាន់តែ​ចំណេញបន្ថែមទៀត។

បើតាមការសាកសួរពីប្រជាពលរដ្ឋជាច្រើនដែលធ្លាប់ជិះរ៉ឺម៉កកង់បីខ្មែរ និងឡាំប្រឺតាកន្លងមក ក្នុងនោះកញ្ញា ធីយ៉ានុត និស្សិត​ឆ្នាំទី២ នៅ​សាកលវិទ្យាល័យអន្តរជាតិ បានឲ្យដឹងថា កញ្ញាមិនសូវជិះតុកតុកខ្មែរប៉ុន្មានទេ ដោយសារតែតម្លៃខ្ពស់ ពិបាក​ក្នុងការ​ដើរចេញទៅហៅ និងជាពិសេសត្រូវតថ្លៃ ខណៈដែលពេលកញ្ញាជិះឡាំប្រឺតា គឺមានភាពធូរថ្លៃ មិនបាច់ត្រូវតវ៉ា ហើយគេអាចមកយកដល់មុខផ្ទះទៀត។

រវាង Passapp និងតុកតុក ខ្ញុំចូលចិត្ត Passapp ច្រើនជាង ពីព្រោះថា Passapp ងាយស្រួលដោយខ្ញុំគ្រាន់តែ order គេនៅក្នុង app គឺគេនឹងមកយកខ្ញុំដល់ទីកន្លែងម៉ង អត់ដូចតុកតុក គឺខ្ញុំពិបាកនឹងស្វែងរកទីតាំងរបស់គាត់ ហើយមួយវិញ​ទៀតតម្លៃ Passapp គឺគេបាន set រួចហើយតម្លៃរបស់គេក៏សមរម្យដែរ មិនភ័យខ្លាចទៅនឹងការប្រឈមមុខទៅនឹងការឆបោក​ផ្សេងៗ ដូចជាការទាមទារតម្លៃលើពីតម្លៃដែលបានដាក់រួចហើយ

កញ្ញា ធីយ៉ានុត និស្សិត​ឆ្នាំទី២ នៅ​សាកលវិទ្យាល័យអន្តរជាតិ

ចំពោះបញ្ហាការធ្លាក់ចុះនៃការប្រើប្រាស់រ៉ឺម៉កកង់បីខ្មែរនេះ លោក វន ពៅ ក៏បានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យពិនិត្យមើលការនាំចូល កង់បីឥណ្ឌា ហើយធ្វើយ៉ាងណាកុំឲ្យតម្លៃថ្លៃពេក ដើម្បីឲ្យពលរដ្ឋខ្មែរមានលទ្ធភាពទិញប្រកបអាជីវកម្ម។ លោកក៏បានលើទឹកចិត្តអ្នកផលិតរ៉ឺម៉កកង់បីខ្មែរ ឲ្យរៀបចំបច្ចេកទេសដែលអាចប្រើហ្គាសបានដើម្បីទាក់ទាញអតិថិជន។

ខ្ញុំសំណូមពរទៅរដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធ ឬក៏អ្នកវិនិយោគក្នុងស្រុក ឬក៏អ្នកបចេ្ចកទេសធ្វើរឺុម៉កក្នុង​ស្រុក គួរតែរៀបចំបច្ចេកទេសធ្វើរឺុម៉កខ្មែរឡើងវិញ ដើម្បីធ្វើឌីស្សាញយ៉ាងម៉េចឲ្យជារឺុម៉កខ្មែរនឹងប្រើហ្គាសបាន ដើម្បីជាការសន្សំ​សំចៃទៅដល់ប្រជាពលរដ្ឋខ្មែរចំនុចទីមួយ ចំនុចទីពីរ សុំឲ្យរាជរដ្ឋាភិបាលពិនិត្យមើលនៃការនាំចូលរឺុម៉កឥណ្ឌា កុំឲ្យតម្លៃខ្ពស់ខ្លាំង​ពេក អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋតូចតាច អ្នកប្រកបមុខរបររត់រឺុម៉កហ្នឹងឯង

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)​​​ លោក វន ពៅ

គួរឲ្យបញ្ជាក់ផងដែរថា សមាជិករត់រ៉ឺម៉កកង់បី របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សព្វថ្ងៃ មាន១០០០០នាក់ ក្នុងនោះ ៦០០០​​នាក់ ក្នុងរាជធានីភ្នំពេញ ក្រៅពីនោះ មាននៅខេត្តសៀមរាប ព្រះសីហនុ បន្ទាយមានជ័យ បាត់ដំបង និង កំពត។  មកទល់ពេលនេះ តាមការស្ទាបស្ទង់ សមាជិករបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសនៅរាជធានីភ្នំពេញ​​​ មានសមាជិក​​​ ៤០០០នាក់ក្នុងចំណោម៦០០០នាក់ បានលក់រឺុម៉កខ្មែររបស់ពួកគាត់។

រ៉ឺម៉កកង់បីឥណ្ឌា
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ