កម្មការិនី​ដួល​សន្លប់​នៅតាកែវអះអាងថា ធុំក្លិនអ្វីម្យ៉ាង​មុនដួលសន្លប់

កម្មករជិត ៣០០​នាក់បម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវ ថ្ងៃទី ០៩ កក្កដា ២០១៨ (រូបភាព៖ ប.ស.ស)

កម្មករបម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវ អះអាងថា មុនដួលសន្លប់ ពួក​គេ​បានធុំក្លិនអ្វីម្យ៉ាង ខណៈអាជ្ញាធរអះអាងថា កាលដួលសន្លប់របស់កម្មករទាំងនោះ ពាក់​ព័ន្ធ​នឹង​កង្វះ​ជាតិ​ស្ករ។

កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រ ប៉ុន តឹសហ្វូតវែរ ស្ថិតក្នុងឃុំតាភេម ស្រុកត្រាំកក់ បានដួលសន្លប់ជាបន្តបន្ទាប់រយៈពេល ៣ថ្ងៃចាប់តាំងបីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែ​កក្កដា​នេះ។

គណៈកម្មាការទប់ស្កាត់ការដួលសន្លប់ បាន​វាយតម្លៃថា ការដួលសន្លប់របស់កម្មករទាំងនោះដោយសារខ្សោយ និងដួលតាមគ្នា បន្ទាប់ពី​ពួកគេ​បាន​ឃើញ​កម្មការិនី​ម្នាក់រង​របួសដៃពេលកំពុងបំពេញ​ការងារ។

អ្នកស្រី ហ៊ឹម ពិសី កម្មការី​ម្នាក់ដែលសន្លប់តាំងពី៣​ថ្ងៃ​មុន ហើយទើបចេញពីមន្ទីរពេទ្យនៅ​ថ្ងៃនេះ​នោះ បាន​និយាយថា មុនពេលដួលសន្លប់គាត់​បានធុំក្លិនអ្វីម្យ៉ាង ហើយក្រោយមកធ្វើឲ្យថប់ចុងដង្ហើម និងណែនដើមទ្រូងដួលសន្លប់តែម្តង។

ធុំក្លិនដែរ មិនមែនអត់ទេ។ ធម្មតារោងចក្រផលិតស្បែកជើង យើងធុំក្លិនស្បែកខ្លះហើយ តែរាល់ដង វាធុំដែរ តែវាធុំល្មម វាអត់ធុំខ្លាំង ធុំលក្ខណៈអាចធ្វើការងារកើត ដល់ថ្ងៃហ្នឹង ពុលអាក្លិនស្បែកហ្នឹងផង ឃើញគេសន្លប់ផង បានអារម្មណ៍ទន់ដៃទន់ជើង ហើយញ័រដើមទ្រូង​អស់កម្លាំង

អ្នកស្រី ហ៊ឹម ពិសី កម្មការី​ម្នាក់ដែលសន្លប់

កម្មករម្នាក់ទៀតដែលបានដួលសន្លប់តាំងពីទី១០កក្កដា ហើយទើបចេញពីមន្ទីរពេទ្យនៅថ្ងៃនេះដែរ អ្នកស្រី ចាន់ ដារី ឲ្យដឹងថា គាត់មិនបានធ្វើការកន្លែងអគារដែលកម្មករម្នាក់រងបួសដៃនោះទេ ហើយថា គាត់បានដួលសន្លប់បន្ទាប់ពីធុំក្លិនកាវសម្រាប់បិទស្បែកជើង និងក្លិនអ្វីម្យ៉ាងទៀតដែលអ្នកស្រីពិបាកបង្ហាញ។

ខ្ញុំដឹងថា ណែនក្នុង​ទ្រូងហ្មង ចង់តែក្អួត ចង់តែសន្លប់ និយាយទៅចម្លែកហ្មង។ ខ្ញុំចូលធ្វើការងារនៅរោង​ចក្រហ្នឹង ២ឆ្នាំហើយ មិនដែលមានបញ្ហាទេ ទើបថ្ងៃហ្នឹងមិនដឹង​ជាមានមូលហេតុអី។ ខ្លះគេថា ខ្វះជាតិស្ករ ប៉ុន្តែ មិនខ្វះជាតិស្ករណារហូតទៅដល់ ៣ ទៅ ៤រយនាក់ទេ

អ្នកស្រី ចាន់ ដារី កម្មការិនីដែលដួលសន្លប់

ប្រធាន ប.ស.ស សាខាខេត្ត​តាកែវ លោក សួន វណ្ណៈ និយាយថា តាមការស្រាវជ្រាវរបស់គណៈកម្មាការទប់ស្កាត់ការដួលសន្លប់ បានរកឃើញថា កម្មករទាំងនោះដួលសន្លប់ដោយសារខ្សោយ និងដួលសន្លប់តាម​គ្នា​ ដែលលោកថា ការដួលសន្លប់តាមគ្នានោះ គឺជាជំងឺ «ស្នេហ៍ហ្វូង» មិនមែនបណ្តាលមកពីជាតិពុលអ្វីនោះទេ។

គណៈកម្មាការទប់ស្កាត់ការដួលសន្លប់របស់យើងមានគ្រប់ឧបករណ៍ យើងមានទាំងប្រដាប់វាស់ជាតិពុល យើងមានប្រដាប់វាស់ល្បឿនខ្យល់ យើងមានប្រដាប់វាស់សំលេងរំខាន និយាយទៅយើងមានទាំងអស់។ ដល់ពេលយើងចូលវាស់​ក្នុងរោងចក្រ រកអត់ឃើញអ្វីទាំងអស់។ បញ្ហាធម្មតាកម្មករយើងគាត់ខ្សោយ អញ្ចឹង គាត់ងាយទទួលយកអ្វីដែលជាភាពតក់ស្លុត គាត់មួយដួល គាត់ឃើញមួយក្អួត គាត់ចាប់ផ្តើមក្អួតតៗគ្នាហ្មង

ប្រធាន ប.ស.ស សាខាខេត្ត​តាកែវ លោក សួន វណ្ណៈ

មន្រ្តីអង្គការសង់ត្រាល់ ដែលចុះអង្កេតដល់កន្លែងកើតហេតុផ្ទាល់ អ្នកស្រី ធី ផល្លា មិនយល់ស្របនឹង​ការ​រក​ឃើញ​នេះ​ទេ ដោយអ្នកស្រីថា តាមចុះសង្កេតផ្ទាល់ គឺបរិយាកាសក្នុងរោងចក្រនោះមិនល្អ។ អ្នកស្រីស្នើ​ទៅ​ក្រសួងការងារ និងថៅកែរោងចក្រ ត្រូវកែលំអរបរិយាកាសក្នុងរោងចក្រទាំងកំដៅ សម្ភារៈ និងអនាម័យជាដើម។

ខ្ញុំអត់ស្របតាមការលើកឡើងរបស់ក្រសួងនោះទេ! ព្រោះអីកម្មករនៅអគារផ្សេងគ្នា មិនអាចថា មើលឃើញគ្នាហើយសន្លប់តាមគ្នាទេ! ហើយនេះមិនមែនជាហេតុផលនោះទេ ដោយសារតែបរិយាកាសក្នុងរោងចក្រ​ក្តៅ ហើយមានក្លិនកាវហ្នឹងធ្វើឲ្យគាត់សន្លប់

មន្រ្តីអង្គការសង់ត្រាល់ អ្នកស្រី ធី ផល្លា

កម្មករជាង ៣០០នាក់បម្រើការងារនៅរោងចក្រ ប៉ុន តឹសហ្វូតវែរ បាន​នដួលសន្លប់ជាបន្តបន្ទាប់​រយៈពេលបីថ្ងៃ ដែលការដួលសន្លប់ក្នុង​ចំនួន​ច្រើន​បែប​នេះត្រូវបានអាជ្ញាធរអះអាងថា បន្ទាប់​ពីកម្មករទាំងនោះ​បាន​ឃើញ​កម្មការិនី​ម្នាក់រង​របួស​លើ​ចុង​ម្រាម​ដៃ ហើយហូរឈាមខ្លាំង និងស្រែកខ្លាំងៗ ខណៈកម្មករសរុបជាង៤ពាក់នាក់បម្រើការងារនៅរោងចក្រនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ