ធនាគារពិភពលោក ផ្តល់កម្ចីគ្មានការប្រាក់២០០លានដុល្លារដល់កម្ពុជាដើម្បី​អភិវឌ្ឍន៍វិស័យអប់រំ និង ​ផ្លូវ​គមនាគមន៍

ធនាគារពិភពលោក (រូបភាព៖ វេបសាយបរទេស)

ធនាគារពិភពលោក កាល​ពីម្សិល​មិញ​បាន​​សម្រេចផ្ដល់ឥណទានគ្មាន​ការប្រាក់​ដល់កម្ពុជាការអនុវត្ត​គម្រោងបង្កើនគុណភាពអប់រំ​ និង​ពង្រីកបណ្ដាញ​​ផ្លូវ​គមនាគមន៍។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញដោយធនាគារពិភពលោក កាលពីម្សិលមិញ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោង​វិនិយោគ​ធំពីរ គឺគម្រោងកែលម្អការអប់រំឧត្តមសិក្សា ហៅកាត់ថា HEICP និងគម្រោងគ្រប់គ្រង​សម្បតិ្តផ្លូវថ្នល់ជំហានទី២ ជាហិរញ្ញប្បទានបន្ថែម ដែលហៅកាត់ថា RAMP II ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ២០០​លានដុល្លារអាមេរិក។

តាមប្រភពដដែល គម្រោងកែលម្អការអប់រំឧត្តមសិក្សា ហៅកាត់ថា HEICP ដែលមានតម្លៃទឹកប្រាក់ ៩០លានដុល្លារអាមេរិក ធនាគារ​ពិភពលោកនឹងជួយដល់កម្ពុជាក្នុងការបង្កើនគុណភាពប្រព័ន្ធអប់រំឧត្តមសិក្សា ការស្រាវជ្រាវ និងដើម្បី​ពង្រីកឲ្យកាន់តែទូលាយថែមទៀតនូវលទ្ធភាពទទួលបានការអប់រំឧត្តមសិក្សាសម្រាប់ក្រីក្រ។​ សម្រាប់​ គម្រោង​ RAMP II  ដែលមានតម្លៃទឹកប្រាក់ចំនួន ១១០លានដុល្លារអាមេរិក មានគោលដៅកែលម្អលក្ខខណ្ឌ សុវត្ថិភាព និងភាពធន់អាកាសធាតុរបស់ផ្លូវជាតិលេខ៤។

គម្រោងនេះ ក៏ផ្តោតទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តធំដែលមានស្រាប់ កាត់បន្ថយហានិភ័យនៃការដឹកលើស​ទម្ងន់ ដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាមេរ៉ាចាប់ល្បឿន​បើក   បរ។

គួរបញ្ជាក់ផងដែរថា គម្រោងទាំងពីរនេះទទួលហរិញ្ញប្បទានតាមរយៈឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជា​មូលនិធិរបស់ធនាគារពិភពលោកសម្រាប់ប្រទេសក្រីក្រជាងគេ ហើយជាកម្ចី​គ្មានការប្រាក់ដែល​ត្រូវ​សងឲ្យគ្រប់វិញរយៈពេល ៣៨ឆ្នាំ រួមមាន​រយៈពេលអនុគ្រោះ៦ឆ្នាំផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ