ម៉ាឡេស៊ីប្រើវិធានការតឹងរឹងជាមួយចិនដោយបារម្ភគ្រោះថ្នាក់ដល់ជាតិ

នាយករដ្ឋមន្ត្រីវ័យ៩៣ឆ្នាំរបស់ម៉ាឡេស៊ីដែលទើបឈ្នះការបោះឆ្នោតកាលពីខែឧសភាកន្លងទៅនេះលោក មហាធា មហាមេដ បានប្រកាសពីវិធានការតឹងរឹងមួយចំនួនអនុវត្តទាំងក្នុងនិងក្រៅប្រទេស ដើម្បីធានាស្តារ និងពង្រឹងសេដ្ឋកិច្ចជាតិ។​

វិធានការដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកំពុងតែប្រើជាមួយចិនពេលនេះគឺការពិនិត្យលើកម្ចី និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។​

គម្រោងអភិវឌ្ឍន៍របស់ចិន

គម្រោងអភិវឌ្ឍន៍ចំនួន​៤របស់ក្រុមហ៊ុនចិន​ គឺផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ពីម៉ាឡេស៊ី​ទៅប្រទេសថៃ និងការរៀបចំបំពង់បង្ហូរប្រេងចំនួន៣ ដែលមានទឹកប្រាក់ប្រមាណ២៣ប៊ីលាន ត្រូវបានផ្អាក ដើម្បីពិនិត្យលើកិច្ចសន្យាឡើងវិញ។​

លោក មហាធា មហាមេដ បានលើកឡើងថា កិច្ចសន្យាវិនិយោគនិងកម្ចីជាច្រើន ជាមួយចិនតែងតែធ្វើឲ្យប្រទេសម៉ាឡេស៊ីខានបង់ ដោយសារចិនប្រមូលយកផលចំណេញច្រើនលើសលប់ពេក។​

នាយករដ្ឋមន្ត្រីរូបនេះបានក្រើនរំឭកមន្ត្រីនិងប្រជាជនម៉ាឡេស៊ីថា កុំឲ្យសប្បាយជាមួយកម្ចីរបស់ចិន​ព្រោះការប្រាក់ខ្ពស់ហើយកើនឡើងជារៀងរាល់ថ្ងៃ។​

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ មានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងពេលឆាប់ៗគឺនៅក្នុងខែកក្កដានេះ ដើម្បីជួបជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងជជែកកិច្ចសន្យាមួយចំនួនឡើងវិញ។ ប៉ុន្តែខាងភាគីចិនបញ្ជាក់នៅក្នុងខែកក្កដានេះ លោកស៊ី ជាប់រវល់ទើបស្នើឲ្យការជួបគ្នានោះដូរទៅខែសីហាវិញ។​

ប្រទេសម៉ាឡេស៊ីមិនមែនជាប្រទេសទី១ដែលរងឥទ្ធិពលដោយសារតែកម្ចីនិងការកសាងហេដ្ឋារចនាសម្ព័ន្ធនោះទេគឺមានប្រទេសផ្សេងៗទៀតដែលជួបបញ្ហាទាងនេះរួចហើយដូចជា នៅក្នុងប្រទេសស្រីលង្កាដោយសារតែប្រទេសនេះមិនមានលុយសងបំណុល  ចិន​យកកំពុងផែសំខាន់មួយនៅក្នុងទីក្រុងHambantota  នៅក្នុងខេត្តភាគខាងត្បូងនៃប្រទេស ចំណែកប្រទេសប៉ាគីស្ថានត្រូវក៏ត្រូវចិនគ្រប់គ្រងកំពង់ផែមួយដែរនៅក្នុងទីក្រុង Gwadarនៅភាគនិរតីប្រទេស ក្នុងហេតុផលដូចគ្នានេះ។​

បើនិយាយពីការវិនិយោគខ្នាតធំនៅក្រៅប្រទេសនេះ ចិនក៏ធ្លាប់មានបទពិសោធន៍ត្រូវប្រទេសមីយ៉ាន់ព្យួរគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីមួយឈ្មោះMyitsone កាលពីឆ្នាំ២០១០។​

ហេតុផលនយោបាយអន្តរជាតិ

នៅក្នុងសង្គមម៉ាឡេស៊ីបច្ចុប្បន្នក៏កំពុងតែមានការព្រួយបារម្ភដោយសារតែចំនួនប្រជាជនរបស់ចិនច្រើន ខណៈប្រទេសទាំងពីរនេះក៏មានជម្លោះនៅដែនសមុទ្រដែរ។​

ហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀតដែលប្រជាពលរដ្ឋម៉ាឡេស៊ីបោះឆ្នោតដូរនាយករដ្ឋមន្ត្រីរបស់ពួកគេដោយសារតែមេដឹកនាំមុននោះស្និទ្ធស្នាលខ្លាំងជាមួយចិននាំឲ្យមានការបារម្ភថា ចិនអាចនឹងមានឥទ្ធិពលធ្វើអី្វគ្រប់យ៉ាងលើម៉ាឡេស៊ី។​

មេដឹកនាំចិនលោក ស៊ីជីនពីង បានដាក់ចេញគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ កាលពីឆ្នាំ២០១៣ ដើម្បីបង្ហាញឥទ្ធិពលរបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក ខណៈចិនក៏កំពុងតែប្រជែងជា មួយមហាអំណាចផ្សេងៗទៀត ដើម្បីក្លាយជាមហាអំណាចផុតលេខនៅលើពិភពលោកដែរ។​

ប៉ន្តែគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងសកម្មភាពផ្សេងៗរបស់ចិនដើម្បីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅបណ្តាលប្រទេសផ្សេងៗនេះ ក៏ទទួលផលអវិជ្ជមានវិញដែរដោយសារតែស្ថានភាពនយោបាយប្រទេសទាំងនោះមានការប្រែប្រួល។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ