ពលរដ្ឋខ្មែរក្រៅប្រទេសនឹងធ្វើបាតុកម្ម​ប្រឆាំងការបោះឆ្នោតនាចុងខែកក្កដានេះ​

ប្រជា​ពលរដ្ឋ​ខ្មែរអាមេរិកកាំង​ធ្វើបាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦(រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង)

ប្រជាពលរដ្ឋខ្មែរនៅប្រទេសមួយចំនួន​​អះអាងថា នឹងធ្វើបាតុកម្មជំរុញឲ្យអន្តរជាតិកុំឲ្យទទួលស្គាល់ការបោះឆ្នោតនាចុងខែកក្កដានេះ​ទេ។

តាមលិខិតដែល​ផ្សព្វផ្សាយ​ជាសាធារណៈនៅក្នុងបណ្តាញសង្គមបង្ហាញថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសគ្រោងធ្វើបាតុកម្មនៅថ្ងៃទី២៨ខែកក្កដា មុនថ្ងៃបោះឆ្នោតមួយថ្ងៃរួមមាននៅប្រទេសអាេមរិក បារាំង និងកូរ៉េខាងត្បូងជាដើម។

លោក យឹម ស៊ីណន ដែលអះអាងថា ជា​តំណាងឲ្យអ្នកដឹកនាំបាតុកម្មនៅប្រទេសកូរ៉េ​ខាងត្បូង​ ប្រឆាំងការបោះឆ្នោត បានបញ្ជាក់ប្រាប់វីអូឌីតាមបណ្តាញសង្គមនាថ្ងៃនេះ​ថា សហគមន៍ខ្មែរ និងសហគមន៍កូរ៉េ ដែលធ្វើការផ្នែកលទ្ធិប្រជាធិបេយ្យ នឹងនាំគ្នាកាន់ភ្លើងទៀនប្រជាធិបតេយ្យបំភ្លឺដល់កម្ពុជាដែលកំពុង​រុំព័ន្ធដោយភាពងងឹត ហើយក៏ជាការ​ថ្កោលទោសការបោះឆ្នោតខាងមុន​ផងដែរ។​

លោកស៊ីណនបញ្ជាក់ថា បាតុកម្មនេះគ្រោងធ្វើនៅប្រទេសកូរ៉េ នាថ្ងៃទី២៨ ខែកក្កដា វេលាម៉ោង៥ល្ងាច ដល់ម៉ោង១០យប់ ពោលគឺមុនមួយថ្ងៃ នៃការបោះឆ្នោតជាតិ ដោយមានអ្នកចូលរួមតិចបំផុត១ពាន់នាក់ ដោយក្នុង​នោះក៏មានវត្តមានលោកស្រី មួរ សុខហួរ និងលោក យ៉ែម បុញ្ញឬទ្ធិ​  អតីតតំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ​ចូលរួមផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ​ធ្វើ​បាតុកម្មនោះមិនអាច​ជំរុញឲ្យអន្តរជាតិដាក់សម្ពាធមក​លើកម្ពុជាបាននោះទេ ដោយសារកម្ពុជា​ធ្វើការបោះឆ្នោតស្របតាមគោលការប្រជាធិបតេយ្យ។

អ្នកឯងសម្តែងអីក៏សម្តែងទៅ ក៏ប៉ុន្តែរដ្ឋាភិបាលគេធ្វើទៅតាមគោលការណ៍ ផែនការ កម្មវិធីគោលនយោបាយ​របស់គណបក្សដែលឈ្នះឆ្នោត គេមិនយកតាមគំនិតពួកឧទ្ទាមក្រៅច្បាប់​ ឬមួយក៏អ្នកប្រឆាំង​មួយចំនួនតួច តិចតួចនោះទេ​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន

តំណាងរាស្ត្រអតីតបក្សប្រឆាំងលោក អូ ច័ន្ធរ័ត្ន​ មានប្រសាសន៍ថា ការធ្វើបាតុកម្មជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្របរូប ស្រប​តាមច្បាប់រដ្ឋធម្មនុញ្ញ។ ករណីនេះលោកថា គោរពសិទ្ធិអ្នកធ្វើបាតុកម្ម ខណៈលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។

ដោយសារលោកយល់ថាប្រទេសយើង​ ប្រជាធិបតេយ្យនៅប្រទេសកម្ពុជា​កំពុង​តែត្រឡប់ថយក្រោយ​ ឬក៏រអិលខុសពីគន្លងប្រជាធិបតេយ្យ​ ការទាមទារដើម្បីលទ្ធិប្រជាធិបតេយ្យ​អត់មានអ្វីខុស​ទេ ប៉ុន្តែខ្ញុំមិនមែន​ជាអ្នកគាំទ្រ​ទេ ប៉ុន្តែការធ្វើនោះមិនមានខុសអ្វីទេ

តំណាងរាស្ត្រអតីតបក្សប្រឆាំងលោក អូ ច័ន្ធរ័ត្ន

អ្នកនាំពាក្យ​ គណៈកម្មាធិការណ៍ជាតិ​រៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែងថា​នេះជាការយល់ឃើញរបស់​ក្រុម​ពលរដ្ឋ​ដែលរស់នៅក្រៅប្រទេស​ទាំងនោះ។ ប៉ុន្តែលោក យល់​ថា​ការសម្រេច​យ៉ាងណាទៅលើ​ការបោះឆ្នោត​នាខែ    ​កក្កដា​ខាង​មុខអាស្រ័យលើប្រជាពលរដ្ឋខ្មែរដែល​កំពុង​រស់នៅ​កម្ពុជាសព្វថ្ងៃ។

លោក​បន្ថែម​យ៉ាងដូច្នេះថា៖«ការកំណត់​ជោគវាសនា​របស់ប្រទេស​កម្ពុជាគឺប្រជាពលរដ្ឋដែល​មាន​ឈ្មោះក្នុងបញ្ជី​ ប្រជា​ពលរដ្ឋ​ដែល​រស់នៅក្នុងប្រទេស​ ជាអ្នកសម្រេច​ជោគវាសនាដោយខ្លួន​ឯង»។

ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្រ្តសភានឹងប្រព្រឹត្តទៅនា​ថ្ងៃ​ទី​២៩ ខែកក្កដាខាងមុខ ដោយ​មានការ​ចូលរួមពីបក្សនយោបាយចំនួន ២០​បក្ស ប៉ុន្តែ ការ​បោះ​ឆ្នោត​នេះ​ ស្ថិត​នៅ​ក្រោម​ការ​រិះគន់​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ខណៈ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​នោះ​ឡើយ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ