អ្នកបុរីកីឡា និងអតីតអ្នក​បឹងកក់ជំរុញរដ្ឋាភិបាលជួយរកដំណោះស្រាយ ខណៈការបោះឆ្នោតជិតមកដល់

ប្រជាពលរដ្ឋអតីតតំបន់បឹងកក់ និងបុរីកីឡាប្រមាណ ៤០គ្រួសារ បាននាំគ្នាតវ៉ានៅទីស្ដីការគណៈរដ្ឋមន្ដ្រី ថ្ងៃទី ១៣ កក្កដា ២០១៨

ក្រុមអ្នកមានជម្លោះដីធ្លីអតីតតំបន់បឹងកក់ និងបុរីកីឡាជាច្រើនគ្រួសារម្សិលមិញនេះ បានចេញតវ៉ាជាថ្មី ដើម្បីជំរុញឲ្យមានដំណោះស្រាយសមស្រប ខណៈដែលគណបក្សកាន់អំណាច និងគណបក្សនយោបាយផ្សេងទៀតកំពុងឃោសនារកសំឡេងឆ្នោត។

នៅព្រឹកថ្ងៃសុក្រម្សិលមិញ ប្រជាពលរដ្ឋអតីតតំបន់បឹងកក់ និងបុរីកីឡាប្រមាណ ៤០គ្រួសារ បាននាំគ្នាតវ៉ានៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីសុំឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយ ដោយអ្នកខ្លះថា មិនទាន់ទទួលបានប្រាក់សំណងសោះ និងខ្លះទៀត មកតវ៉ាដើម្បី សុំប្រាក់សំណងបន្ថែម។

នៅអំឡុងពេលតវ៉ានេះ សន្ដិសុខខណ្ឌ ៧មករា បានរារាំងក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លីទាំងនេះ មិនឲ្យចេញទៅតវ៉ានៅកន្លែងផ្សេងទេ ដោយបារម្ភពីការប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងការកកស្ទះចរាចរណ៍។

ពលរដ្ឋម្នាក់មកពីអតីតតំបន់បឹងកក់ អ្នកស្រី សាត ផា ឲ្យដឹងថា មូលហេតុដែលអ្នកស្រីមកតវ៉ាជាថ្មីនេះ គឺដើម្បីទាមទារប្រាក់សំណងបន្ថែម ដោយថា អ្នកស្រីជួបបញ្ហាជីវភាពខ្លាំង ក្រោយពីមានការបណ្ដេញដោយបង្ខំ និងមិនទាន់មានដំណោះស្រាយណាមួយសមស្រប។

ខ្ញុំទាមទារផ្ទះដីខ្ញុំវិញដែលអត់ទាន់បានផង គឺប្រជាពលរដ្ឋដែលរងគ្រោះដោយគេបង្ខំចាកចេញ គឺទាមទារសំណងបន្ថែម តែផ្ទះនិងដីខ្ញុំ អត់ទាន់បានសំណងទេ។​ មកនេះ ខ្ញុំចង់ប្រាប់រដ្ឋាភិបាលថា​ ឲ្យសម្ដេច ហ៊ុន​ សែន និងប៊ុនរ៉ានី ហ្នឹង ជួយប្រជាពលរដ្ឋដែលរងគ្រោះនេះ ខ្ញុំឈឺចាប់ណាស់ ខ្ញុំអស់ជម្រក​នៅហើយ

ពលរដ្ឋម្នាក់មកពីអតីតតំបន់បឹងកក់ អ្នកស្រី សាត ផា

ពលរដ្ឋម្នាក់ទៀត ដែលមានជម្លោះដីធ្លីនៅតំបន់បុរីកីឡា អ្នកស្រី ភោគ សុភីន ប្រាប់ VOD ថា អ្នកស្រីមិនទាន់បានទទួលប្រាក់សំណងណាមួយឡើយ បន្ទាប់ពីក្រុមហ៊ុនផានអ៊ីមិចឈូសឆាយផ្ទះគាត់មួយខ្នង កាលពីឆ្នាំ២០១២។ អ្នកស្រីស្នើសុំឲ្យរដ្ឋាភិ បាលជួយដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រាំរ៉ៃនេះ ខណៈការបោះឆ្នោតក៏កាន់តែខិតចូលមកដល់។

ពួកខ្ញុំវេទនាណាស់ កុំឲ្យពួកខ្ញុំដើរតវ៉ាតទៅទៀត ជិតបោះឆ្នោតហើយ សម័យនេះហើយ សូមសម្ដេចជួយបញ្ចប់ជម្លោះដីធ្លីទៅ ។ហើយមន្ដ្រីសាលាក្រុងឈប់លាបពណ៌ឲ្យប្រជាពលរដ្ឋទៀតទៅ។ […]ខ្ញុំទៅសុំដំណោះស្រាយ គាត់ប្រមាថខ្ញុំ យកផ្ទះបានឡើងមួយហ្នឹង មកសង្កត់ខ្ញុំ ប្រមាថខ្ញុំសុទ្ធតែ មកធ្វើអីទៀត សម្លុតខ្ញុំ ឲ្យសន្ដិសុខចាប់ខ្ញុំ បោះពីជាន់ទី៦ មកដី

ពលរដ្ឋម្នាក់ទៀត ដែលមានជម្លោះដីធ្លីនៅតំបន់បុរីកីឡា អ្នកស្រី ភោគ សុភីន

អភិបាលរងខណ្ឌ៧មករា លោក ហៀក ចាន់លាង ដែលចុះមកទទួលញត្តិពីប្រជាពលរដ្ឋ ថ្លែងថា លោកនឹងសុំកិច្ចអន្ដរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយដោះស្រាយចំពោះករណីនេះ។

អភិបាលរងខណ្ឌ៧មករា លោក ហៀក ចាន់លាង
អំបាញ់មិញ លោកអភិបាលគាត់តេមកខ្ញុំ។ គាត់ថា ចាំទាក់ទងទៅគណៈរដ្ឋមន្ដ្រីឲ្យមកទទួលសំណូមពរបងប្អូន ហើយនិងសួរទៅរាជធានី។ ពីព្រោះរឿងនេះថ្មីសម្រាប់ខ្ញុំ ខ្ញុំអត់ដឹងថា រឿងនេះមានទំនាក់ទំនងដោះស្រាយយ៉ាងម៉េច ខ្ញុំអត់ដឹងច្បាស់ទេ

អភិបាលរងខណ្ឌ៧មករា លោក ហៀក ចាន់លាង

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ ផាន អ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ ជូនប្រជាពលរដ្ឋ ១ ៧៧៦គ្រួសារវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន។

ដោយឡែក កាលពី​ឆ្នាំ២០១១ រដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ដោយបានកាត់ដីចំនួន ១២.៤៤ ហិចតា ឲ្យប្រជា​ពល​​​​រដ្ឋ​ជាង៧០០គ្រួសារ នៅតំបន់បឹងកក់។ ប៉ុន្តែអ្នកបឹងកក់ថា ជិត ៧ឆ្នាំនៅតែមិនទាន់មាន​ដំណោះ​ស្រាយ​​​។​

ប៉ុន្ដែ ក្នុងវេទិកាមួយកាលពី​ថ្ងៃទី២២សីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់​ឲ្យអភិបាល​​រាជធានី​ភ្នំពេញ​ថ្មី លោក ឃួង ស្រេង ត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លីនៅតំបន់បឹងកក់ឲ្យអស់ ខណៈបច្ចុប្បន្នតំណាង​អ្នក​មាន​ជម្លោះ​​ដីធ្លីនៅតំបន់បឹងកក់ជាង១៦០គ្រួសារនៅតែអះអាងថា ពួកគេមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ​៕

ប្រជាពលរដ្ឋអតីតតំបន់បឹងកក់ និងបុរីកីឡាប្រមាណ ៤០គ្រួសារ បាននាំគ្នាតវ៉ានៅទីស្ដីការគណៈរដ្ឋមន្ដ្រី ថ្ងៃទី ១៣ កក្កដា ២០១៨
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ