អាវុធហត្ថប្រកាសចាត់ការផ្លូវច្បាប់លើបុរសម្នាក់ដែលថាបានផ្សាយព័ត៌មានមិនពិត

ជនក្លែងបន្លំព័ត៍មានក្នុងហ្វេសប៊ុក (រូបភាពពី ហ្វេសប៊ុក)

កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រកាសចាត់ការផ្លូវច្បាប់លើបុរសម្នាក់ដែលជាអតីតមន្រ្តីក្នុងស្ថាប័ននេះ ក្នុងខេត្ត​កំពង់ធំថា បានផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកងរាជអាវុធហត្ថ។

នៅក្នុងបណ្ដាញសង្គមឈ្មោះ «យមរាជលោកិយ៍» ដែលត្រូវបានចែកចាយតគ្នា បុរសម្នាក់ឈ្មោះ សន សំនៀង បានផ្សាយផ្ទាល់ជាបន្តបន្ទាប់ថាខ្លួនត្រូវបានបាត់បង់ដំណែងក្នុងកងរាជអាវុធហត្ថទាំងអយុត្តិធម៌ ដោយសារការ​ចាប់បទល្មើសគ្រឿងញៀន ១៧២ គីឡូក្រាម កាលពីឆ្នាំ ២០១៣ ដែលលោកថា​ជារបស់បុគ្គលមានឥទ្ធិពល។

នេះបើតាមការលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី ១៥ ខែ កក្កដា របស់កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេសស្ដីពីការបង្ហោះព័ត៌​មានតាមបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ «យមរាជ លោកិយ៍» និងការផ្សព្វផ្សាយ​តាមប្រព័ន្ធព័ត៌មានមួយចំនួនទៀត ដែលថាជាព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយ​សរបស់កងរាជ​អាវុធ​ហត្ថ។

តាមសេចក្ដីប្រកាសព័ត៌មាននោះ អ ហ បានលើកឡើងថាបុរសឈ្មោះ សន សំនៀង ជាអតីតនាយទាហាន​កង​រាជអាវុធហត្ថខេត្តកំពង់ធំ ហើយត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌតាំងពីឆ្នាំ ២០១៧ ដោយសារបាន​ប្រ​ព្រឹត្ត​កំហុស​ជាបន្ត​បន្ទាប់ៗ ។

ជាមួយគ្នានោះដែរ អ ហ ក៏លើកឡើងដែរថារាល់ការផ្សព្វផ្សាយរបស់បុគ្គលនោះជាព័ត៌មានមិនពិត និង ប្រកាស​ចាត់វិធានការផ្លូវ​ច្បាប់ ថាបើអតីតមន្រ្តីកងរាជអាវុធហត្ថរូបនោះមិនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មាននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ