​​អ្នក​បុរីកីឡានិងអតីតបឹងកក់ ទាមទារជាថ្មីម្ដងទៀតឲ្យក្រុមហ៊ុន​ផានអុីម៉ិចដោះស្រាយបញ្ចប់បញ្ហាដីធ្លី

រូបឯកសារ៖ អ្នកមានជម្លោះដីធ្លីមកពីសហគមន៍​បុរីកីឡានិងអតីតបឹងកក់ ២០ គ្រួសារ មកតវ៉ាជាថ្មីជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច ថ្ងៃ ១៦ កក្កដា ២០១៨

អ្នកមានជម្លោះដីធ្លីមកពីសហគមន៍​បុរីកីឡានិងអតីតបឹងកក់ នៅថ្ងៃព្រឹកនេះ បាននាំគ្នាតវ៉ានៅមុខ​គេហដ្ឋាន​អ្នកស្រី ស៊ុយ សុផាន ជាថ្មីទៀត ដោយ​ទាម​ទារ​ឲ្យម្ចាស់​ក្រុមហ៊ុន​ ផាន អ៊ីម៉ិច ដោះស្រាយបញ្ចប់បញ្ហាដីធ្លីដែលសល់ បន្ទាប់ពីសាលាក្រុងបិទបញ្ចប់ដំណោះស្រាយករណីវិវាទនេះកាលពីឆ្នាំមុន។

អ្នកស្រី ភោគ សុភីន មកពីសហគមន៍​បុរីកីឡា ប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលពួកគាត់នាំគ្នាតវ៉ានៅមុខគេហដ្ឋានអ្នកស្រី ស៊ុយ សុផាន ជាថ្មី គឺដើម្បីទាមទារឲ្យដោះស្រាយបញ្ហាដីធ្លីដល់ពួកគាត់ ២០ គ្រួសារ  ដោយអ្នកស្រីអះអាងថា នៅ​មិនទាន់​ទទួលបានសំណង ហើយក៏​មិនព្រមទៅរស់នៅភូមិអណ្តូងនោះដែរ​។

ខ្ញុំផ្ទះឈូសនោះមិនទាន់ទទួលបានទេ។ ហេតុអីបានជាគាត់ចោទខ្ញុំ? ប្ដឹងខ្ញុំដាក់ក្រសួងមហាផ្ទៃសព្វបែបសព្វយ៉ាងហើយខ្ញុំក៏មិនខ្លាចដែរ ទោះបីជាសាលាក្រុងគំរាមកំហែងខ្ញុំ ព្រោះគាត់អ្នកឈូសអ្នកដាក់គ្រឿងចក្រទៅកម្ទេចផ្ទះខ្ញុំ[…] ព្រោះយាយផានជាអ្នកដើមកំណើត ដើមហេតុធ្វើឲ្យខ្ញុំឈឺចាប់ខ្ញុំមិនទៅសាលាក្រុងទៀតទេ

អ្នកស្រី ភោគ សុភីន មកពីសហគមន៍​បុរីកីឡា

ពលរដ្ឋម្នាក់មកពីអតីតតំបន់បឹងកក់ អ្នកស្រី ស៊ាវ ណារ៉េត លើកឡើងថា សំណងដែលផ្ដល់ឲ្យពួកគាត់ចំនួន ៨000 ដុល្លារ និង លុយខ្មែរ ២ លានរៀលកន្លងមកនោះ អ្នកស្រីថា ធ្វើឡើងដោយការគំរាមកំហែង។ អ្នកស្រីបន្តថា   ពួកគាត់តវ៉ានៅមុខគេហដ្ឋានអ្នកស្រី ស៊ុយ សុផាន នាថ្ងៃនេះ ដើម្បីទាមទារឲ្យអ្នកស្រី ស៊ុយ សុផានផ្ដល់សំណងបន្ថែមដល់ពួកគាត់ ១៦២ គ្រួសារ  ដោយថា បច្ចុប្បន្នពួកគាត់ជួបការលំបាកបញ្ហាជីវភាពខ្លាំង ក្រោយពីមានការបណ្ដេញដោយបង្ខំ។

សម្រាប់សងបំណុលគេ ហើយស្ដារជីវភាពហើយផ្ដល់ការសិក្សាឲ្យកូន និងបង្កើតមុខរបរតិចតួចសម្រាប់គាត់ ដើម្បីផ្គត់ផ្គង់ជីវិភាពគ្រួសារ ព្រោះគាត់ចាកចេញទៅគាត់វេទនាខ្លាំងណាស់។ បានផ្ទះនឹងហើយ យកផ្ទះទៅដាក់នៅធនាគារ!ធនាគារឡៃឡុងយកផ្ទះហ្នឹងទៀត គាត់នៅសំយ៉ាបផ្ទះគេ គាត់ទៅដើរជួលផ្ទះគេនៅ ធ្វើឲ្យជីវភាពពួកខ្ញុំដុនដាបខ្លាំងណាស់តាំងពីចាកចេញពីតំបន់បឹងកក់ទៅ ហើយព្រាត់ប្រាស់បែកបាក់គ្រួសារបន្តៗទៀត

ពលរដ្ឋម្នាក់មកពីអតីតតំបន់បឹងកក់ អ្នកស្រី ស៊ារ ណារ៉េត

ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​ថា  ក្រុមហ៊ុនបានប្រគល់រឿងទៅឲ្យសាលា  រាជធានីរួចរាល់អស់ហើយ។

បញ្ហាហ្នឹង គឺដោះស្រាយបញ្ចប់អស់ហើយ ចង់ដឹងព័ត៌មានទាក់ទងទៅសាលាក្រុងទៅ សាលាក្រុងគេនឹងបកស្រាយប្រាប់ថាឯកសារហ្នឹង វាម៉េចៗ។ មិនមែនដោះស្រាយទាំងសាលាក្រុងទេ គ្រប់ព័ត៌មានទាំងអស់ចូលរួមគ្នាប្រជុំដោះស្រាយរាប់សិបដងហើយ ពួកបុរីកីឡាហើយអញ្ចឹងមីងមានតួនាទីត្រឹមតែសាងសង់ទេ ឯការចាត់ចែងកម្លាំងអីៗប្រជាជនខាងសាលាក្រុង

ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដីសុំមិនធ្វើអត្ថាធិប្បាយ ចំពោះករណីនេះ។

លោកថា៖«គិតថាដូចជាមិនមានរឿងអីថ្មី សម្រាប់ការជូនជាព័ត៌មានរឿងដដែល ទាំងបុរីកីឡា ទាំងបឹងកក់ អធ្យាស្រ័យសុំ អញ្ចឹងម៉ង។ ឥឡូវដូចជាមិនមានរឿងអីថ្មីសម្រាប់ជូនព័ត៌មានថ្មី អ្នកស្រីដែលត្រូវដោះស្រាយបានដោះស្រាយហើយ អ្នកស្រីដែលមិនត្រូវបានដោះស្រាយក៏បានជម្រាបជូនហើយ។ ហេតុអីមិនដោះស្រាយមូលហេតុចេះៗ សាលារាជធានីភ្នំពេញបានធ្វើកិច្ចការនេះអស់ហើយ»។

កាលពីសប្ដាហ៍មុន ក្រុមប្រជាពលរដ្ឋ​មកពីសហគមន៍ទាំងពីរនេះ ប្រមាណ ៤០ នាក់ ក៏បាននាំគ្នាទៅតវ៉ានៅមុខគេហដ្ឋានអ្នកស្រី ស៊ុយ សុផាន ម្ដងរួចមកហើយ ដោយទាមទារឲ្យប្រធានក្រុមហ៊ុន ផានអុីម៉ិច ផ្ដល់សំណងសមរម្យឲ្យពួកគាត់បន្ថែមទៀត  និងដោះស្រាយបញ្ជាប់បញ្ហាដីធ្លីនៅបុរីកីឡាផងដែរ។ ក្រុមអ្នកតវ៉ា អះអាងថា ប្រសិនបើអ្នកស្រី  ស៊ុយ សុផាន មិនព្រមដោះស្រាយបញ្ហាដីធ្លីនេះ ពួកគេនឹងនាំគ្នាទៅតវ៉ានៅមុខគេដ្ឋានអ្នកស្រីស៊ុយ សុផាន បន្តទៀត ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ