អ្នកភូមិនៅខេត្តក្រចេះដែល​ពុលស្រាចេញពីមន្ទីរពេទ្យ​មួយចំនួន​ ខណៈមួយចំនួនទៀតនៅមន្ទីរពេទ្យនៅឡើយ

អ្នកភូមិកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពមួយ នៅស្រុកស្នួល ខេត្តក្រចេះ ដែលថាពុលស្រាស កាលពីថ្ងៃទី១៣ ខែកក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងសុខាភិបាល)

ប្រជាពលរដ្ឋមួយចំនួន​ដែល​ពុល​ស្រាសនៅស្រុកស្នួលខេត្តក្រចេះ បាន​ចេញ​ពីមន្ទីរពេទ្យក្រោយសម្រាកព្យាបាល​នៅមន្ទីរពេទ្យ    ខណៈដែលអ្នកភូមិ​១៨នាក់ទៀត​នៅកំពុងព្យាបាលនៅឡើយ។

អភិបាលស្រុកស្នួល លោក គង់​ គឹមនី បានប្រាប់វីអូឌីនៅថ្ងៃនេះថា មកទល់ពេលនេះ អ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យគឺមាននៅសល់​ត្រឹមតែ១៨នាក់ប៉ុណ្ណោះ ក្នុងនោះមានស្រ្តីចំនួន០៦នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ អ្នកភូមិ​មកពីស្រុកស្នួលខេត្តក្រចេះបានស្លាប់៣នាក់ និង៦២នាក់ទៀតបានចូល​មន្ទីរពេទ្យបង្អែកស្នួល មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារតែពួកគាត់ទាំងនោះ បានពុលស្រាសដែលមានសារធាតុមេតាណុលនៅពេលដែល​ពួកគាត់​ចូលរួមក្នុងកម្មវិធីពិសារអាហារជុំគ្នា បុណ្យសព និងសែនអ្នកតា។

តាមសេចក្តីប្រកាសព័ត៌មានដដែល ​ក្រសួងសុខាភិបាលបានអំពាវនាវឲ្យអាជ្ញាធរខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធ​ឲ្យជួយរឹតបន្តឹងការត្រួតពិនិត្យ​ក្នុងការផលិត ការចែកចាយនិងការលក់ស្រាសជាប្រចាំ និងបញ្ឈប់​ការផលិតនិងការចែកចាយស្រាសដែលមិនត្រឹមត្រូវតាម​បច្ចេកទេស ព្រមទាំងរឹតបន្ធឹងការត្រួត​ពិនិត្យដោយហ្មត់ចត់នៅតាមច្រកចូល នូវផលិតផលស្រាស និងសារធាតុសម្រាប់ផលិត​ស្រាស​ខុសពីបច្ចេកទេស។ ជាងនេះទៅទៀត ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែបញ្ឈប់ការ​ពិសារស្រាសដែលផលិតមិនមាន​បច្ចេកទេសត្រឹមត្រូវ។

គួរឲ្យបញ្ជាក់ផងដែរថា នេះជាករណីមួយទៀតនៅខេត្តក្រចេះ បន្ទាប់ពីមានការពុលទឹកព្រែកទេរ​ដែលធ្វើឲ្យស្លាប់មនុស្ស ១៣នាក់ និង១៣៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីថ្ងៃទី៧ ខែឧសភា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ