តើមូលហេតុអ្វីខ្លះ បានជានេប៉ាល់​របូតចេញពីដៃឥណ្ឌា​បន្តិចម្ដងៗទៅចិន?​​

លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi (ខាងឆ្វេង), លោកនាយករដ្ឋមន្ត្រីនេប៉ាល់ Khadga Prasad Oli (កណ្ដាល) និងលោកប្រធានាធិបតីចិន Xi Jinping (ខាងស្ដាំ)

រដ្ឋមន្រ្តីក្រសួងការពារជាតិចិន​និង​ប្រមុខកងទ័ពនេប៉ាល់ ​បានជួបគ្នាកាលពីសប្ដាហ៍មុនដើម្បី​ពង្រឹង​ទំនាក់ទំនងយោធាប្រទេសទាំងពីរ។

តាមការចុះផ្សាយរបស់​ទីភ្នាក់ងារសា​ព័ត៌មាន​ស៊ិនហួរក្នុង​ជំនួបកាលពីថ្ងៃពុធសប្ដាហ៏មុខនា​ទីក្រុងប៉េកាំង រដ្ឋមន្រ្តីក្រសួងការពារជាតិ​ចិនលោក ​Wei Fenghe និងប្រមុខកងទ័ពនេប៉ាល់​ លោក​ Rajendra Chhetri ថ្លែងថាយោធានៃប្រទេសទាំងពីនឹងបន្តធ្វើកិច្ចសហប្រតិបត្តិ​ការណ៍​ជាមួយគ្នាឲ្យរឹត​តែប្រសើរ​ឡើងថែម​ទៀត​។ ​

ប្រមុខកងទ័ពនេប៉ាល់ ​លោក​ Rajendra Chhetri ក៏មិន​ភ្លេច​ទេ​ក្នុងការថ្លែង​អំណរគុណដល់​សមភាគីចិន​ ហើយលោក​ក៏ថានេប៉ាល់នៅ​តែគាំទ្រជានិច្ច​នូវគោល​នយោបាយ​ចិន​តែ​មួយ ហើយនឹងមិន​អនុញ្ញាត​ឲ្យ​កម្លាំង​ប្រឆាំងចិនណាមួយកើតមា​នៅលើទឹកដី   នេប៉ាល់​នោះដែរ។ ប្រមុខកង​ទ័ពនេប៉ាល់រូបនេះ ក៏បាន​និយាយ​ផងដែរ​ថា​នេប៉ាល់​មាន​ស្វាគមន៍ជានិច្ច​ក្នុង​កិច្ច​សហប្រតិបត្តការណ៍លើគ្រប់ផ្នែក​ទាំងអស់​ជាមួយចិន។​

នរណាក៏ដឹងដែរថា ឥណ្ឌា​តែងតែចង់​អោបក្រសោបប្រទេស​នេប៉ាល់​មិន​អោយធ្លាក់​ចូល​ក្នុងដៃប្រទេស​ណាមួយឡើយ ពោល​គឺប្រទេសចិន​តែ​ម្តង​។​ ដូច្នេះ​ភាព​ល្អូកល្អឺន​ដែល​នេប៉ាល់ មាន​ជា​មួយ​ចិន​នៅពេលនេះប្រហែល​ជា​ឥណ្ឌាមិនសប្បាយចិត្តប៉ុន្មាន​ទេ។​

ប៉ុន្តែសំណួរដែល​អាចត្រូវចោទសួរបាន​នៅពេល​នេះ តើមូលហេតុអ្វីខ្លះបានជានេប៉ាល់​របូតចេញពីដៃឥណ្ឌា​បន្តិចម្ដងៗទៅចិន?​​

ហេតុផលមួយដែលធ្វើអោយឥណ្ឌាមិន​អាចទប់នេប៉ាល់​មិនឲ្យ​ចេញពីខ្លួន​នោះ គឺតាំងពីពេល​ដែលបក្សកុម្មយនីស្ត​នេប៉ាល់ដែលគេដឹង​ថា​ជា​គណបក្សមួយដែលស្និទ្ធនឹង​ចិនឈ្នះឆ្នោត​កាលពីចុងឆ្នាំ២០១៧មកម្ល៉េះ។ គណបក្សនេះគឺជាក្រុមសម្ព័នភាពឆ្វេងនិយមដែល​ជាបក្ស​កើតឡើង​ពីការចងសម្ព័ន្ធរវាងគណបក្សកុម្មុយនីស្តពីរគឺគណបក្សបង្រួបបង្រួម​ម៉ាកនិង​លេនីន​ និង គណបក្ស​ម៉ៅនិយមកណ្ដាល។

ក្រុម​ទាំងនេះមិនសូវជាចូលចិត្តឥណ្ឌាប៉ុន្មាន​ទេ ហើយពួកគេក៏ជាអ្នកដែល​ស្នើសុំ​ឲ្យមាន​ការ​សើររើសន្ធិសញ្ញាព្រំដែន​ដែល​​នេប៉ាល់ចុះ​ជា​មួយឥណ្ឌាកាល​ពីមុខផងដែរ។ មិនតែប៉ុណ្ណោះក្រុមនេះ ជាពិសេសនាយករដ្ឋមន្រ្តីនេប៉ាល់សព្វថ្ងៃគឺលោក​ Khadga Prasad Oli ក៏ធ្លាប់​ទទូចស្នើរសុំ​ឲ្យ​ឥណ្ឌាគោរពនូវអធិបតេយ្យនេប៉ាល់ ហើយ​​បញ្ឈប់​រាល់​ការជ្រែកជ្រៀកកិច្ច​ការនយោបាយខ្លួន​។

ក្រៅ​ពីនេះ រឿងមួយទៀតដែល​ធ្វើអោយនេប៉ាល់​ចេញពីខ្លួនគឺវាអាច​​កើត​ចេញ​ពីភាពព្រងើយកន្ដើយនិងធ្វេសប្រហែស​របស់​ឥណ្ឌាខ្លួន​ឯងតែម្ដង។ ក្រោយការបោះឆ្នោត​ មេដឹក​នាំនេប៉ាល់​យកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់​ខ្លួន។ ​មេដឹក​នាំ​នេប៉ាល់​​ Khadga Prasad Oli ក្នុងពេល​បំពេញទសន្សកិច្ច​នៅប្រទេសឥណ្ឌាកាលពីខែ​មេសា​កន្លងទៅ​បាន​ចោទ​ជា​សំណួរ​សួរទៅ​ឥណ្ឌាថាហេតុអ្វីបាន​ជា​មិន​ទៅរក​ស៊ីនៅនេប៉ាល់​ដែល​ជាប្រទេស​ភូមិផងរបងជាមួយគ្នាទៅ ហេតុអីបាន​ជាដើរ​​ទៅរក​ស៊ី​ឆ្ងាយ​ម៉្លេះ។​ នេះ​បើតាម​ការដកស្រង់សម្តី​ដោយសារព័ត៌មាន​The Diplomat ។

តាមការចុះផ្សាយរបស់​សារព័ត៌មាន​South China Morning Post របស់ហុងកុងកាលពីឆ្នាំ២០១៧កន្លងទៅ អ្នក​វិនិយោគបរទេស​ដែល​ធ្វើការវិនិយោគដោយផ្ទាល់​គឺចិន​ឈរនៅ​លំដាប់​ទី​១ ខណៈដែលឥណ្ឌា​ឈរនៅលំដាប់ទី២។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏រដ្ឋាភិបាល​នេប៉ាល់​តែង​តែ​អះអាង​ថា​ទាំង​ចិន​និង​ឥណ្ឌា​សុទ្ធតែ​ជា​អ្នកជិត​ខាង​ល្អ​របស់​ខ្លួន​ ហើយ​នេប៉ាល់​ត្រួវការប្រទេស​ទាំងពីរនេះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខ្លួន។ មេដឹក​នាំ​នេប៉ាល់​លោក​ Khadga Prasad Oli​ ក៏ធ្លាប់​ប្រាប់​ទៅមេដឹក​នាំឥណ្ឌា​ដែរថា​កុំ​មានការ​ព្រួយបារម្ភអ្វីពេកចំពោះទំនាក់ទំនងរវាងនេប៉ាល់ និង​ចិនក្នុងពេលនេះ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ