អង្គការអន្ដរជាតិថា កម្ពុជាមិនបានធ្វើតាមអនុសាសន៍ UN ក្នុងការជំរុញការគោរពសិទ្ធិមនុស្ស

អង្គការអន្ដរជាតិចំនួន២ រិះគន់ថា រដ្ឋាភិបាលកម្ពុជាមិនបានគោរពតាមអ្វីដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានផ្ដល់អនុសាសន៍ឲ្យនោះទេ បន្ទាប់ពីកម្ពុជាបានត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្ស ២ដងរួចមកហើយ។ ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចហាក់មិនចាប់អារម្មណ៍នឹងរបាយការណ៍ទាំងនោះឡើយ។

ក្នុងរបាយការណ៍ចេញផ្សាយកាលពីសប្ដាហ៍មុនដាក់ជូនទៅក្រុមការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែល វីអូឌីទើបតែទទួលបាននៅថ្ងៃនេះ អង្គការសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch និងគណៈកម្មាការអ្នកច្បាប់ អន្ដរជាតិ (International Commission of Jurists) បានបង្ហាញក្ដីបារម្ភជាថ្មីជុំវិញបញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជា បន្ទាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន បានទទួលយកអនុសាសន៍ចំនួន ៣០១ ក្នុងចំណោមអនុសាសន៍ ៣៤៣ចំណុច ក្នុងកិច្ចប្រជុំត្រួតពិនិត្យជាសកលរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៤។

ក្នុងរបាយការណ៍​ អង្គការសិទ្ធិមនុស្សមួយនេះក៏រិះគន់ថា រដ្ឋាភិបាលកម្ពុជាបានដើរផ្ទុយពីអនុសាសន៍ទាំងនោះ ដោយបានបើកការវាយប្រហារកាន់តែខ្លាំងលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីបំបិទកុំឲ្យមានសំឡេងរិះគន់នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។

អង្គការ Human Rights Watch បន្ដថា បន្ទាប់ពីបាត់បង់សំឡេងគាំទ្រយ៉ាងច្រើនក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យចាប់ខ្លួនប្រធានអតីតគណបក្សប្រឆាំង លោក កឹម សុខា​ ទាំងកណ្ដាលយប់ ពីបទ «ក្បត់ជាតិ» ដែលនាំឲ្យការរំលាយអតីតគណបក្សសង្គ្រោះជាតិដោយសាលាដីកាតុលាការកំពូល និងការបិទសិទ្ធិធ្វើនយោបាយរបស់មន្ដ្រីអតីតបក្សប្រឆាំង ១១៨រូប។

ចំណែក ក្រុមអ្នកច្បាប់អន្ដរជាតិក៏បានបង្ហាញរបាយការណ៍របស់ខ្លួនផងដែរ ដោយរិះគន់ថា ស្ថាប័នតុលាការនៅកម្ពុជាមិនឯករាជ្យ ខណៈ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានរំលោភអំណាច និងប្រើប្រាស់ប្រព័ន្ធច្បាប់ក្នុងផ្លូវខុស។ ក្រុមអ្នកច្បាប់អន្ដរជាតិទាមទារឲ្យបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពលើអង្គការសង្គមស៊ីវិល ធានាសិទ្ធិបញ្ចេញមតិ និងការប្រមូលផ្ដុំដោយសេរី ព្រមទាំងលុបចោល ឬធ្វើវិសោធនកម្មនូវច្បាប់ទាំងឡាយណា ដែលផ្ទុយពីបទដ្ឋាននៃច្បាប់អន្ដរជាតិ ដូចជា ច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់ស្ដីពីអង្គការ សមាគម ប្រកាសអន្ដរក្រសួង ដែលហាមឃាត់ និងត្រួតពិនិត្យការផ្សព្វផ្សាយលើប្រព័ន្ធអនឡាញជាដើម។

VOD មិនអាចទាក់ទងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី រហូតដល់រសៀលថ្ងៃនេះ។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា មិនចាប់អារម្មណ៍នឹងរបាយការណ៍អង្គការអន្ដរជាតិទាំងពីរនេះទេ ដោយថា រដ្ឋាភិបាលកម្ពុជា បានអនុវត្តទៅតាម​ច្បាប់ និងតាមបែបផែនគោរពសិទ្ធិមនុស្សរបស់ខ្លួន។

យើងមានយន្ដការផ្លូវច្បាប់របស់យើង យើងមានយន្ដការគណៈកម្មាធិការសិទ្ធិមនុស្សជាតិរបស់យើង។ មិនចាំបាច់គេមកប្រដៅយើងថា ត្រូវធ្វើយ៉ាងម៉េច ដើម្បីការពារសិទ្ធិមនុស្សទេ ព្រោះកម្ពុជា យើងមានរបៀបការពារសិទ្ធិមនុស្សរបស់យើង។ ​យើងមានរបៀបអនុវត្តផ្លូវច្បាប់របស់យើង

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគម​អាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក ក៏កំពុងរៀបចំរបាយការណ៍របស់ខ្លួន ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ។

លោកក៏បង្ហាញក្ដីបារម្ភផងដែរអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងស្នើឲ្យរដ្ឋាភិបាលងាកមកគោរពកាតព្វកិច្ចសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

អង្គការសង្គមស៊ីវិលក្នុងស្រុក ក៏កំពុងតែធ្វើរបាយការណ៍ឆ្លុះបញ្ចាំងអំពីអនុសាសន៍របស់សមាជិកប្រទេសក្នុងអង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យតើចំណុចណាខ្លះ ដែលកម្ពុជាបានអនុវត្តន៍​ ហើយចំណុចណាខ្លះដែលមិនបានអនុវត្ត។​ […] ចៀសវាងដែលយើងបានដាក់អនុសាសន៍កន្លងមក តែងតែមានការច្រានចោល មិនទទួលយកនូវអនុសាសន៍នោះសោះ

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគម​អាដហុក លោក សឹង សែនករុណា

ការត្រួតពិនិត្យជាសកលអំពីបញ្ហាសិទ្ធិមនុស្ស​ ឬ Universal Periodic Review គឺជាយន្ដការរបស់អង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យការគោរពសិទ្ធិមនុស្សរបស់រដ្ឋជាសមាជិក នៅរៀងរាល់ ៥ឆ្នាំម្ដង ខណៈ​ កម្ពុជាបានឆ្លងកាត់ការត្រួតពិនិត្យបែបនេះ ២ដងរួចមកហើយ គឺនៅឆ្នាំ២០០៩ និងឆ្នាំ២០១៤។

តាមការគ្រោងទុក កម្ពុជានឹងឆ្លងកាត់ការត្រួតពិនិត្យបែបនេះជាលើកទី៣ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅចន្លោះខែមករា និងខែកុម្ភៈឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ