បទយកការណ៍៖ ប្រជាពលរដ្ឋស្ទឹងមានជ័យបន្តរស់នៅក្រោមស្ពាន ព្រោះគ្មានថវិកាសង់ផ្ទះថ្មី

ប្រជាពលរដ្ឋស្ទឹងមានជ័យបន្តរស់នៅក្រោមស្ពាន ព្រោះគ្មានថវិកាសង់ផ្ទះថ្មី

បន្ទប់តូចៗធ្វើពីស័ង្កសី បានសាងសង់ឡើងជាជួរៗក្រោមស្ពានអាកាសស្ទឹងមានជ័យ សំរាប់ប្រជាពលរដ្ឋរស់នៅបណ្តោះអាសន្ន បន្ទាប់ពីសាលារាជធានីភ្នំពេញដាក់ចេញនូវគោលនយោបាយស្តារប្រឡាយទឹកស្អុយស្ទឹងមានជ័យ។

ដំណាក់កាលទី១ ប្រជាពលរដ្ឋជាងមួយរយគ្រួសារបានយល់ព្រមមករស់នៅបណ្តោះអាសន្នក្រោមស្ពានអាកាសស្ទឹងមានជ័យដែលស្ថិតនៅ ខណ្ឌមានជ័យ ប្រមាណ ២០០ម៉ែត្រពីភូមិរបស់ពួកគេដើម្បីឲ្យអាជ្ញាធរស្តារប្រឡាយទឹកស្អុយ និង រំដោះទឹកជំនន់ ក្នុងទីក្រុងភ្នំពេញ
ព្រមទាំង រៀបចំដីឡូតិ៍សំរាប់ចែកជូនពួកគាត់។ ផ្ទះប្រជាពលរដ្ឋមួយចំនួនបានតយ៉ាបចេញមកក្រៅដើម្បីប្រកបអាជីវកម្មនិងស្នាក់នៅ ពីព្រោះផ្ទះដែលអាជ្ញាធររាជធានីភ្នំពេញសាងសង់ជូនពួកគាត់តូចចង្អៀត ហើយគ្រួសារនីមួយៗមានសមាជិកច្រើន។

ប្រជាពលរដ្ឋរស់នៅក្រោមស្ពានបណ្តោះអាសន្ន និង ជាអ្នកលក់ឥវ៉ាន់ចាប់ហួយ អ្នកស្រី ខៀវ ស្រី ដែលមានសមាជិកគ្រួសារ១០នាក់ ប្រាប់វីអូឌីថា អ្នកស្រីបានមករស់នៅក្រោមស្ពានស្ទឹងមានជ័យ ក្នុងខែធ្នូ ឆ្នាំ២០១៧បន្ទាប់ពីគ្រួសារអ្នកស្រីយល់ព្រមចាកចេញបណ្តោះអាសន្នដើម្បីឲ្យអាជ្ញាធរក្រុងភ្នំពេញស្តាប្រឡាយទឹកស្អុយ។ ដោយសារសមាជិកក្នុងគ្រួសារច្រើន អ្នកស្រីបានតយ៉ាបផ្ទះដើម្បីលក់ដូរ និងសម្រាកពេលយប់។

និយាយបណ្ដើរដៃខ្ចប់បង្គាក្រៀមបណ្ដើរ អ្នកស្រី ខៀវ ស្រី បាននិយាយថា៖

យើងកូនចៅច្រើនយើងនៅម៉េចចុះ ហើយយើងតកន្លែងយ៉ាបយើងសល់ហ្នឹងណា យើងតទៅ គេមិនឲ្យយើងតទៅ យើងនៅមិនចុះយើងទីនៅណា តូចជាង ហើយយើងមនុស្សវាច្រើន មនុស្សតិចគេនៅបានហើយយើងមនុស្សច្រើនយើងដេកទៅណាអីទៅណាមានតែអោយកូនដេកខាងក្នុង យើងដេកខាងក្រៅទៅម៉ែឪ

បន្ទាប់ពីរៀបចំដីរួចរាល់ សាលារាជធានីភ្នំពេញកាលពីខែមិថុនាឆ្នាំ២០១៨ បានចែកដីឡូតិ៍ជូនប្រជាពលរដ្ឋជាង១៥០គ្រួសារដែលស្ម័គ្រចិត្តមករស់នៅក្រោមស្ពាន។ទោះបីជាការស់នៅក្រោមស្ពានជួនបញ្ហាលំបាកខ្លះក៏ដោយ គ្រួសារអ្នកស្រី ខៀវ ស្រី បន្តរស់នៅទីនោះទៀត ព្រោះគ្រួសារអ្នកស្រីមិនមានថវិកាគ្រប់គ្រាន់ក្នុងការសាងសង់ផ្ទះលើដីឡូតិ៍នោះដដែល។

ពិបាកថាពិបាកណាស់វានៅ ប៉ុន្ដែយើងវាអត់ហើយមិនដឹងទៅនៅណា តែបើយើងជួលគេវាអស់លុយច្រើនមានតែយើងទ្រាំហ្នឹងហើយគ្រាន់តែលុបទឹកលូថាស្រួល ប៉ុន្ដែគ្រាន់ថាពេលយើងនៅណោះវាស្រួលហើយ គ្រាន់តែវាស្អុយឡូ ប៉ុន្ដែគ្រាន់តែ ដល់ពេលយើងរុះរើយើងវាអត់លុយសាងសង់វិញហ្នឹងណា វាអញ្ចឹង វាមិនដឹងម៉េចយើងអត់លុយចេះតែនៅសិនទៅ ថ្ងៃណាគេដេញចាំយើងចុះទៅនៅធ្វើខ្ទមបាំងតង់បាំងអីនៅទៅ

ប្រជាពលរដ្ឋរស់នៅក្រោមស្ពានបណ្តោះអាសន្ន និង ជាអ្នកលក់ឥវ៉ាន់ចាប់ហួយ អ្នកស្រី ខៀវ ស្រី

ប្រជាពលរដ្ឋម្នាក់ទៀតដែលស្ម័គ្រចិត្តរស់នៅផ្ទះបណ្ដោះអាសន្នក្រោមស្ពានស្ទឹងមានជ័យមឈ្មោះ កាយ ឃឹង អាយុ ៦៥ឆ្នំា បានប្រាប់វីអូឌីឲ្យដឹងថា ដោយសារតែមានការចរចារជាមួយនឹងលក្ខខណ្ឌការដោះដូរជូនពលរដ្ឋ បានបន្ដរស់នៅលើទីតាំងចាស់បន្ទាប់ពីស្តាប្រឡាយទឹកស្អុយរួចរាល់និងមានផ្ទះបណ្ដោះអាសន្នសំរាប់ស្នាក់នៅ ទើបមានការរុះរើផ្ទះតាមសំណើររបស់សាលារាជធានីភ្នំពេញ។

អង្គុយយោគជើងលើគ្រែបណ្ដើរនិយាយបណ្ដើរ អ្នកស្រីឃឹង បាននិយាយថា៖

ថាបើអោយចេញ ហើយទៅនៅហ្នឹងវិញបាននាំគ្នាចេញ ចេញពេលហ្នឹងហើយអត់អោយដីនៅអត់ចេញទេ[…]គេសួរតើ បើគេចាក់ដីចាក់អីឲ្យយើង យើងចេញមកនៅក្រោមស្ពាននេះ គេចាក់ហើយ រៀបចំហើយ យើងទៅធ្វើផ្ទះនៅ[…]ហើយនាំគ្នាក៏សុខចិត្តរុះផ្ទះមកនៅហ្នឹងទៅ

ប្រជាពលរដ្ឋម្នាក់ទៀតដែលរស់នៅក្រោមស្ពានស្ទឹងមានជ័យមឈ្មោះ កាយ ឃឹង អាយុ ៦៥ឆ្នំា

បើទោះបីជាមានការជួយជ្រោមជ្រែងពីសំណាក់សាលារាជធានីភ្នំពេញយ៉ាងណាក៏ដោយ អ្នកស្រី កាយ ឃឹង ថាគ្រួសារអ្នកស្រី និង ពលរដ្ឋមួយចំនួនដែលមានសមាជិកគ្រួសារច្រើនជួបការលំបាកដដែល ព្រោះផ្ទះបណ្ដោះអាសន្នដែលរៀបចំជូនប្រជាពលរដ្ឋ មានទំហំតូចក្នុងការរស់នៅ។

សើចបណ្ដើរលេងជាមួយចៅស្រីបណ្ដើរ អ្នកស្រី ឃឹង បាននិយាយថា៖

«ពិបាកដែរកុំតែយើងចេះតែទ្រាំនៅទៅ មានអីខ្ញុំគេអោយ កូនខ្ញុំនៅផ្សេង ខ្ញុំនៅផ្សេង បើនៅទាំងអស់គ្នានៅមិនអស់ ដាក់បានតែគ្រែពីរហ្នឹងហើយសល់ប្រឡោះហ្នឹងដាក់ម៉ូតូ មួយផ្ទះគេអោយតែប៉ុនៗហ្នឹងអត់អស់ហើយកូនខ្ញុំថាសុំកន្លែងគេខ្លះគេអត់មានមកនៅអញ្ចឹងទៅសុំនៅ

ប្រជាពលរដ្ឋម្នាក់ទៀតដែលរស់នៅក្រោមស្ពានស្ទឹងមានជ័យមឈ្មោះ កាយ ឃឹង អាយុ ៦៥ឆ្នំា

អ្នកស្រីឃឹង បានបន្ថែមទៀតថា ជារៀងរាល់ថ្ងៃក៏មានការរំខានពីសម្លេងយានយន្ដ ដែលបើកបរលើស្ពាន ហើយក៏ធ្វើឲ្យអ្នកស្រីមានអារម្មណ៍ភ័យនិងដេកមិនលក់ផងដែរនៅពេលមានគ្រោះថ្នាក់ចរាចរណន៍នៅក្បែរនោះម្ដងៗ។

អូយនិយាយអីមិនភ្ញាក់ភ័យ នែក! ម៉ូតូកន្លែងក្រោមស្ពានដួលម្ដងៗមួយៗភ័យ អីស្មានតែដូចអ្នកណាបោកគ្រាប់បែក យ៉ាប់ដែលហ្នឹងណា ដល់ពេលថ្ងៃមុនហ្នឹងមានអី អាឡានហ្នឹងវាដាច់ហ្គែសហ្នឹងមកកន្លែងនោះកន្លាប់ កន្លាប់ទៅផ្ទុះហ្គែសមក ហូយ…នាំគ្នារត់ស្មានតែគេបាញ់អី មកពីណាដល់ហើយ ដ៏វីវៗនាំគ្នារត់ទៅដល់ ហើយអស់ទៅសើចវិញមានអី

ប្រជាពលរដ្ឋម្នាក់ទៀតដែលរស់នៅក្រោមស្ពានស្ទឹងមានជ័យមឈ្មោះ កាយ ឃឹង អាយុ ៦៥ឆ្នំា

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បាននិយាយថា ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញក៏បានសាងសង់ផ្ទះ ជាមួយនឹងការរៀបចំទាំងប្រព័ន្ធទឹកភ្លើង ផ្នែកសន្ដិសុខ ព្រមទាំងដាក់រថយន្តពេទ្យសំរាប់មើលការខុសត្រូវបងប្អូនប្រជាពលរដ្ឋដែលរើចេញពីទីតាំងចាស់នោះ។

លោក ម៉េត មាសភក្ដី បានឲ្យដឹងថា គម្រោងរៀបចំកាយសំរាមនៅតាមប្រឡាយទឹកស្អុយស្ទឹងមានជ័យ គឺដើម្បីបើកផ្លូវប្រឡាយទឹកដែលកកស្ទះដោយសំរាមបោះចោលដោយប្រជាពលរដ្ឋរស់នៅទីនោះ ជាហេតុធ្វើឲ្យស្ទះទឹកពីទីតាំងផ្សេងៗ និងម្យ៉ាងទៀតចង់រៀបចំការរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពស្របច្បាប់ផងដែរ។

ប្រឡាយហ្នឹងវារាក់ វាត្រូវបានបងប្អូនប្រជាពលរដ្ឋរបស់យើងខ្លះរំលោភចាក់ដីលើ ខ្លះបោះសំរាមចោល ដល់អញ្ចឹងទៅវារាក់វាបើកមុខទឹកវាអត់បានបំពេញមុខងារជាប្រឡាយអោយពិតប្រាកដ[…]អញ្ចឹងហើយបានជាយើងខំជីកខំស្ដារវាឡើងវិញដើម្បីអោយប្រឡាយហ្នឹងប្រើប្រាស់គ្រប់ជាមុខងារពេញបរិបូរណ៍[…]ហើយទី២គឺដើម្បីគិតគូរអំពីបងប្អូនប្រជាពលរដ្ឋរបស់យើងដែលកំពុងតែរស់នៅខ្នងប្រឡាយហ្នឹងផង[…]ដោយសារតែពួកគាត់រស់នៅលើទីតាំងដីរបស់រដ្ឋដោយមិនស្របច្បាប់ព្រោះប្រឡាយជាកម្មសិទ្ធរបស់រដ្ឋ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី

អភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រង បានមានប្រសាសន៍ថា អាជ្ញាធរនិងក្រុមការងារអ្នកជំនាញបានចំណាយពេលលើការកាយសំរាមចេញពីប្រឡាយនិងការចាក់ដីបំពេញលើសពីការរំពឹងទុករហូតដល់ទីបីខែឯណោះ ព្រោះបរិមាណសំរាមមានច្រើនទើបមានការចំណាយពេលយូរក្នុងការបញ្ចប់ដំណាក់កាលនេះ។

រយៈពេលដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងធ្វើការបញ្ចប់ ប៉ុន្ដែកន្លែងនេះ វាខុសពីគម្រោងខ្ញុំដែលបានលើកឡើងជាមួយនឹងអ្នកបច្ចេកទេសដោយសារតែ យើងវាយតម្លៃខុសថាសំរាមនៅទីនោះច្រើនពេក ការកាយសំរាមនិងការចាក់ដីវាច្រើន ហើយយើងឧស៊ីផាយទៀត ហើយយើងធ្វើអោយបានរឹងមាំកុំអោយមានការរំលោភមកថែមទៀត ហើយយើងធ្វើនេះដើម្បីធានាបានការហូរទឹក អញ្ចឹងយើងវាខុសពីបីខែនៃគម្រោង

អភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រង

អ្នកស្រី ខៀវ ស្រី ពេញចិត្តចំពោះគម្រោងរៀបចំសាជាថ្មីដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិរស់នៅលើប្រឡាយទឹក តែអ្នកស្រីសំណូមពរឲ្យមានការជួយជ្រោមជ្រែងជាថវិការខ្លះក្នុងការកសាងផ្ទះថ្មីលើដីឡូតិ៍ដែលសាលាក្រុងភ្នំពេញបានពុះចែកជូនកាលពីពេលថ្មីៗនេះ។

អ្នកស្រីបាននិយាយប្រាប់វីអូឌីទាំងទឹកមុខក្រៀមក្រំថា៖ 

គ្រាន់តែថាវាល្អហើយគេរុះរើចាក់ដីអោយយើងនៅនោះ មានស្អីទៀត វាអត់ស្អុយអត់អីអញ្ចឹងទៅណា ប៉ុន្ដែគ្រាន់ថាសំខាន់យើងអត់មានលុយធ្វើផ្ទះធ្វើអីនៅ បើយើងមានលុយធ្វើផ្ទះនៅវាមានអី សុំអោយគេជួយ ឥឡូវដូចថាយើងអត់អញ្ចឹងទៅណា សុំអោយគេជួយធ្វើផ្ទះធ្វើអីអញ្ចឹងទៅណា គ្រាន់ថាមិនអោយគេជួយទាំងអស់នោះទេ ដូចថាឥឡូវ១០០អញ្ចឹង ជួយ៥អីញ្ចឹងទៅ យើងវាអត់ ជួយតិចតួចមក គ្រាន់ធ្វើផ្ទះធ្វើអីអញ្ចឹងទៅណា មិនអោយគេជួយទាំងស្រុងទេ ចង់អោយជួយអញ្ចឹង

ឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ លោក មាសភក្តី បាននិយាយថា សាលារាជធានីភ្នំពេញពុំមានគោលការណ៍ផ្តល់ថវិកាសាងសង់ផ្ទះថ្មីជូនពួកគាត់នោះទេ។

យោងតាមសេចក្ដីប្រកាសសាលារាជធានីភ្នំពេញ បានអោយដឹងថា ដើម្បីបើកមុខទឹកតាមប្រឡាយស្ទឹងមានជ័យ និងផ្លូវអមប្រឡាយស្ទឹងមានជ័យ ក្នុងការដោះស្រាយទឹកជំនន់នៅរដូវវស្សាក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំគម្រោងស្ថាបនាមាត់ប្រឡាយទឹកស្អុយស្ទឹងមានជ័យ សងខាងជាបេតុង កាត់បន្ថយការលិចទឹកនៅផ្លូវលេខ ២០០៤ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវ ទ្រុងមាន់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ