អ្នក​តាម​ដាន​យល់​ខុស​គ្នា​ពី​សកម្ម​ភាព​រដ្ឋ​មន្ត្រី​ចុះ​​បង្រៀន​ពល​រដ្ឋ​ពី​របៀប​គូស​សន្លឹក​ឆ្នោតយក​បក្សប្រជាជន

លោក អ៊ិត សំហេង អ៊ិត សំហេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខណ្ឌចំការមន​ និងគណ:កម្មាធិការគណបក្សខណ្ឌ​ ចុះសួរសុខទុក្ខផ្ទាល់ជាមួយសមាជិកបក្ស​ ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារ​ភូមិ១​៦ សង្កាត់ទន្លេបាសាក់ ដើម្បី​ផ្សព្វផ្សាយអំពីគោលការណ៍ចម្បងរបស់គណបក្ស​ រូបសញ្ញាគណបក្ស​ លេខរៀងគណបក្ស​ របៀបគូសក្នុងប្រអប់រូបសញ្ញាគណបក្សលើសន្លឹកឆ្នោត ថ្ងៃទី១៥ កក្កដា ២០១៨ (រូបភាព៖ www.cpp.org.kh)

អ្នក​តាម​ដាន​បញ្ហាសង្គម​​បង្ហាញចំណាប់​អារម្មណ៍​ខុស​គ្នា​ជុំ​វិញ​សកម្ម​ភាពរបស់​រដ្ឋ​មន្ត្រី​​មួយចំនួន​ដែល​ចុះ​មូល​ដ្ឋាន​បង្រៀនពល​រដ្ឋ​ពី​របៀបគូស​សន្លឹក​ឆ្នោត​ឲ្យ​ចំ​បក្សប្រជា​ជន​កម្ពុជាក្នុង​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​​នេះ។

អ្នក​វិភាគ​មួយ​ចំនួន​យល់​ថា​សកម្ម​ភាព​នេះគឺ​​កំពុង​មើល​ងាយ​ពល​រដ្ឋ​ខ្លួន និង​ខុស​តួនាទី ខណៈ​មួយ​ចំនួន​ទៀត​យល់​ផ្សេងពី​នេះ។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរលោក មួង សូនី មាន​ប្រសាសន៍​ថា ការ​ចុះ​ទៅឃោស​នា​សម្រាប់​បក្ស​ខ្លួន​របស់​រដ្ឋ​មន្ត្រី​នេះ​គឺ​មិន​មែន​ជា​បញ្ហា​នោះ​ទេ តែ​លោក​ថា​សកម្ម​ភាពដែល​បង្រៀន​ពល​រដ្ឋ​ពី​របៀប​គូស ហើយ​គូស​ឲ្យ​ចំ​បក្សប្រជាជន​​នោះ​គឺ​ពិបាក​ទទួល​យក​បាន​ និង​មើល​ងាយ​ប្រជា​ពល​រដ្ឋរបស់​ខ្លួន។

នៅលើពិភព​លោក​គឺ​គ្មាន​នរណាគេ​ទៅ​ឃោសនា​នយោបាយ​ទៅឲ្យ​គេ​គូស​ឲ្យ​បក្សខ្លួន​នោះ​ទេ! គេ​ទៅ​ផ្ស​ព្វ​ផ្សាយ​​គោល​នយោបាយ​របស់​បក្ស​ខ្លួន តើ​ល្អ​ឬអត់? ពល​រដ្ឋពេញ​ចិត្ត​ឬ​អត់? ហ្នឹង​នៅ​ប្រទេស​សង្គម​ប្រជា​ធិបតេយ្យ​ប្រជា​ជន​ដែល​គេ​ឆ្លាត​ៗ គឺ​រដូវឃោស​នា​ហ្នឹង​គឺ​គេ​ឃោស​នាពី​គោលនយោបាយ​នៃ​ការ​អភិវឌ្ឍន៍​ជាតិ​របស់​ខ្លួន​ ដើម្បី​ឲ្យ​ពល​រដ្ឋ​បោះ​ឆ្នោត​​ឲ្យ​។ ប៉ុន្តែ​បើ​យើង​ទៅ​ឲ្យ​ពល​រដ្ឋ​បោះឆ្នោត​ឲ្យ​ចំ​លេខ​២០ វា​ហាក់បី​ដូចជា​យើង​មើល​ងាយ​ប្រជា​ជន​មិន​ឲ្យ​តម្លៃ​ប្រជាជន។ វា​មាន​ចំណុច​អវិជ្ជមាន​ចឹង​ ហើយ​វា​នឹង​បង្កើត​វប្បធម៌ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​របស់​បក្សប្រជាជន​ខ្លួន​ឯងហ្នឹង​ធ្វើ​រឿង​មិន​ល្អ​ មិន​ត្រឹម​ត្រូវ ដល់​ចឹង​វា​អត់​មាន​ការ​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ទេ​!​

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរលោក មួង សូនី

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លោក ហង្ស វិទូ មាន​ប្រសាសន៍​ថាការ​ចេញមុខ​ផុ​ល​ផុស​របស់​រដ្ឋ​មន្ត្រីទៅ​មូល​ដ្ឋាន​បង្រៀន​ពល​រដ្ឋ​ឲ្យ​​គូស​សន្លឹក​ឆ្នោត​យក​បក្សប្រជា​ជន​នេះ ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច ខណៈ​ដែល​ដៃ​គូរប្រកួត​ដ៏ធំ​របស់​បក្ស​ប្រជា​ជន​​ត្រូវបាន​ផាត់​ចេញពី​ការ​បោះឆ្នោត​នោះ។

មិន​សម​ណាខ្លាច​ចាញ់​ដល់​ថ្នាក់​នេះ​ទេ! ព្រោះថា​អាណត្តិ​នេះទោះបីចង់​មិន​ចង់​ ក៏​យើង​មើល​ឃើញ​ពី​ភាព​ឈ្នះ​នៃ​ដោយ​សារ​តែ​គ្មាន​គណបក្សសង្គ្រោះ​ជាតិ ទោះ​បី​ជា​យ៉ាង​ម៉េច​ក៏​បក្សគាត់​នៅ​តែ​ឈ្នះ​អញ្ចឹង​ឯង។ តែ​អ្វី​ដែល​គាត់​ធ្វើ​នេះ​ហាក់​បី​ដូច​ជា​ហួស​ហេតុ​ពេក ហើយ​ធ្វើឲ្យប្រជាជន​មើល​ឃើញ​ពី​កំសោយ។ ជា​ទូ​ទៅ​រដ្ឋ​មន្ត្រី​គឺ​ជា​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់​ណាស់​ បើ​រាប់​មួយ​ថ្នាក់​ទៀត​ហ្នឹងគឺ​ស្មើរ​នឹង​នាយក​រដ្ឋ​មន្ត្រី​បាត់​ទៅ​ហើយ អញ្ចឹង​រដ្ឋ​មន្ត្រី​គឺ​គាត់ត្រូវតែ​ធ្វើ​ការ​ឯក​រាជ្យ បូជា​កម្លាំង​កាយ​ចិត្ត​របស់​គាត់​ជូន​ប្រយោជន៍​រួម​ មិន​គួរ​មាន​និន្នាការ​បក្ស​ណានោះ​ទេ

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លោក ហង្ស វិទូ

 អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ មិនចាប់អារម្មណ៍ចំពោះការការរិះគន់ទាំងនេះឡើយ ដោយថាការចុះទៅណែនាំឲ្យពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត​គឺបង្ការកុំឲ្យសន្លឹកឆ្នោតខូចតែប៉ុណ្ណោះ។

បើអ្នកហ្នឹង អស់សំណើចឲ្យវាសើចទៅ! ហើយសុំឲ្យទៅមើលច្បាប់ទៅតើគេទៅពន្យល់ប្រជាពលរដ្ឋគូសវាខុសកន្លែងណា? មិនមែនតែមានស្រុកខ្មែរទេដែលប្រជាពលរដ្ឋគូសត្រូវនោះ មើលសន្លឹកឆ្នោតអត់បានការសូម្បីតែនៅអាមេរិក នៅអឺរ៉ុបក៏មានសន្លឹកឆ្នោតអត់បានការមនុស្សបោះខុសដែរតើ! អញ្ចឹងបើពួកហ្នឹងអស់សំណើចឲ្យសើចទៅ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ

មួយ​រយៈចុង​ក្រោយ​នេះ​គេឃើញ​មាន​រដ្ឋ​មន្ត្រី​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​បក្សប្រជា​ជន​បាន​ចុះ​ឃោស​នា​បក្សនៅតាម​មូល​ដ្ឋាន​​ដោយ​បាន​បង្ហាញ​ទៅ​កាន់​ពល​រដ្ឋ​ពី​របៀប​គូស​សន្លឹក​ឆ្នោត​ និង​ជំរុញ​​ឲ្យ​ពលរដ្ឋ​ទាំង​នោះគូស​​ឲ្យ​ចំលេខ​២០​ដែល​ជា​លេខរៀង​របស់​បក្សប្រជា​ជន​ផង​ដែរ។

រដ្ឋមន្ត្រី​ទាំង​នោះ​រួម​មានរដ្ឋ​មន្ត្រី​ក្រសួ​ងការងារ​លោក អ៊ិត​ សំហេង រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល​ លោក ស៊ុយ សែម រដ្ឋ​មន្ត្រីក្រសួង​ទេស​ចរណ៍​លោក ថោង ខុន និងរដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​លោក ហ៊ឹម ឆែម ជាដើម​។

ទោះ​ជា​យ៉ាង​ណាសម្រាប់​អ្នក​វិភាគ​បញ្ហា​សង្គម​លោកបណ្ឌិត ប៉ា ច័ន្ទរឿន យល់​ថាការ​ចុះ​ទៅឃោសនា​របស់​រដ្ឋ​មន្ត្រី​ទាំង​នេះ​គឺ​មិនខុស​នោះ​ទេប្រសិន​ជាការ​ឃោស​នា​នៅ​ក្រៅម៉ោងការងារ ហើយ​ចំពោះ​ការ​បង្រៀន​ពល​រដ្ឋ​ឲ្យ​គូស​ចំ​បក្សប្រជា​ជន​វិញ​លោក​យល់​ថា​ជា​ការ​សកម្ម​ភាពមួយ​ក្នុង​ចំណោម​សកម្ម​ភាព​ផ្សេង​ទៀត​នៃ​ការ​ឃោស​នា​ប៉ុណ្ណោះ។

វា​ជា​ចំណុចខ្សោយ​សម្រាប់​បក្ស​ដទៃ​ទៀត​ដែរ ប្រសិន​ជា​គណបក្សផ្សេង​ដែល​ចូល​រួម​ការ​បោះឆ្នោត​ហ្នឹង​គាត់​មិន​មាន​លទ្ធភាព មិន​មាន​ធនធាន​គ្រប់​គ្រាន់​ទាំងមនុស្ស ទាំងសម្ភារៈ​ដើម្បីចុះ​ទៅ​បង្រៀន ឬ​ក៏​ត្រងត្រាប់ប្រាប់​អ្នក​បោះ​ឆ្នោត​របស់​ខ្លួន​ហ្នឹង​ឲ្យ​គូស​លើ​គណបក្សខ្លួន​ដូច​គណបក្សប្រជា​ជន​ដូច​ដែល​បាន​ធ្វើកន្លង​ដែរ​មក​ហ្នឹង។ ខ្ញុំ​គិតថា​គណ​បក្ស​តូច​ៗ​ទាំង​នោះ គឺ​ចាញ់​ប្រៀបគណបក្ស​ប្រជា​ជន​ដែល​មាន​ធន​ធាន ទាំង​ធន​ធាន​មនុស្ស​​ និង​សម្ភារៈ​ហើយ​​

​អ្នក​វិភាគ​បញ្ហា​សង្គម​លោកបណ្ឌិត ប៉ា ច័ន្ទរឿន

​បើ​តាម​លោក ប៉ា​​ ច័ន្ទ​រឿន កម្ពុជា​គួរ​មាន​ការ​កម្រិត​ឲ្យ​បាន​ជាក់​លាក់​លើធន​ធាន​នៃគណបក្សនយោបាយដែល​បាន​ចូល​រួម​បោះឆ្នោតដើម្បី​ឲ្យ​ការ​ឃោសនា​​មាន​តម្លាភាពសម្រាប់​គ្រប់​បក្សនយោបាយ​ទាំង​អស់។

​យុទ្ធ​នាការ​ឃោស​នា​បោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិទី៦ ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​២៧ កក្ក​ដា​នេះ ដោយ​មាន​គណបក្ស​នយោ​បាយ​​ចំនួន ​២០​ចូល​រួម​ឃោសនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ