មេដឹកនាំកូរ៉េខាងត្បូងសុំទោសពលរដ្ឋលើការដំឡើងប្រាក់ឈ្មួលមិនបានតាមសន្យា

លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជែអ៊ីន (រូបភាព៖ www.vox.com)

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន​ចេញមុខប្រកាសសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ​ម្ចាស់ឆ្នោតដោយសារ លោកមិនអាចបំពេញបានតាមការសន្យាក្នុងការដំឡើងប្រាក់ឈ្នួលយ៉ាងតិច១០ ០០០វុន ឬ ស្មើនិងប្រមាណ៨,៨៦ ដុល្លារក្នុង១ម៉ោង។

លោក មូន ជែអ៊ីន អាយុ៦៥ឆ្នាំ បានឈ្នះការបោះឆ្នោត​ហើយចូលកាន់តំណែងជាប្រធានាធិ បតីកូរ៉េខាងត្បូង​កាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧។ ក្នុងចំណោម​សារនយោបាយផ្សេងៗដែលជំរុញឲ្យលោកឈ្នះការបោះឆ្នោត​ក៏មាននិយាយពីចំណុចមួយដែរដែលជាការសន្យាដំឡើងប្រាក់ឈ្នួលអប្បបរមាឬ ប្រាក់ឈ្នួលគោលតិចបំផុតសម្រាប់បំពេញការងារមួយម៉ោងទទួលបាន​៨,៨៦ដុល្លារ។​

ប៉ុន្តែកាលពីថ្ងៃសៅរ៍សប្តាហ៍មុន​គណៈកម្មការប្រាក់ឈ្មួលអប្បបរមារបស់រដ្ឋាភិបាល​ បាន​ចេញសេចក្តីសម្រេចថា អាចដំឡើងបានតែ ១០,៩% គឺឡើងពីប្រមាណ ៦,៦ទៅ៧,៤ ដុល្លារក្នុងមួយម៉ោង។​ គណៈកម្មការដំឡើងប្រាក់ឈ្មួលរបស់រដ្ឋាភិបាលបានបញ្ជាក់ថា ការសម្រេចនេះ ដោយផ្អែកអត្រាកំណើនសេដ្ឋកិច្ច។​

ឲ្យខ្ញុំសូមអភ័យទោស ចំពោះការដែលខ្ញុំមិនមានសមត្ថភាពក្នុងការបំពេញតាមការសន្យាពេលឃោសនាបោះឆ្នោត

បញ្ហាប្រឈមនៃការដំឡើងប្រាក់ឈ្មួលនេះ ក៏បានធ្វើឲ្យអ្នកជំនួញបង្ហាញការព្រួយបារម្ភពីការកើនឡើងការចំណាយលើប្រាក់ឈ្មួលកម្មករនិយោជិត។​

ទោះយ៉ាងណាប្រធានាធិបតីរូបនេះ បានសន្យាថា នឹងខិតខំធ្វើយ៉ាងណាមិនឲ្យមានការប៉ះពាល់ដល់អ្នកវិនិយោគនោះទេ។​

របាយការណ៍ចុងក្រោយរបស់វេទិកាសេដ្ឋកិច្ចពិភពលោកចេញផ្សាយកាលពីឆ្នាំ២០១៣បង្ហាញថា កូរ៉េខាងត្បូងស្ថិតនៅលេខរៀងទី១២ក្នុងចំណោមប្រទេសចំនួន​២៧ដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេលើពិភពលោក​។ ក្នុងរបាយការណ៍សិក្សានោះបង្ហាញថា អូស្ត្រាលីមានប្រាក់ឈ្មួលខ្ពស់ជាងគេ ចំណែកអាមេរិកនៅលើកូរ៉េខាងត្បូង ហើយជប៉ុននៅលេខរៀងខាងក្រោម​កូរ៉េខាងត្បូង។​

កាលពីខែសីហាឆ្នាំ២០១៧គឺក្រោយពេលដែល លោក​មូន​ ជែអ៊ីន ឡើងកាន់តំណែង រដ្ឋាភិបាលកូរ៉េខាងត្បូង​បានប្រកាសដាក់ចេញថវិកាប្រមាណ​៤០០ប៊ីលានដុល្លារដើម្បីបង្កើន និងពង្រឹងគុណភាពការងារសម្រាប់ប្រជាពលរដ្ឋ។​

បើទោះជាមេដឹកនាំកូរ៉េខាងត្បូងសម្តែងការសោកស្តាយនិងសុំទោសពលរដ្ឋចំពោះការខកខានការដំឡើងប្រាក់ឈ្នួលគោលក៏ដោយ ប៉ុន្តែប្រាក់ឈ្នួលគោលរបស់កូរ៉េខាងត្បូងបច្ចុប្បន្នក្នុង១ម៉ោងប្រហាក់ប្រហែល ប្រាក់ឈ្នួលទាបបំផុតក្នុង១ថ្ងៃនៃប្រទេសអាស៊ាន។ ហ្វ៊ីលីនជាប្រទេសដែលមានច្បាប់កំណត់ប្រាក់ឈ្នួលគោលទាបបំផុតក្នុង១ថ្ងៃ១០,០៥ដុល្លារ ចំណែកថៃមានប្រាក់ឈ្មួលប្រមាណ៩ដុល្លារក្នុងថ្ងៃអាស្រ័យលើតំបន់ការងារ។ ដោយឡែកនៅសិង្ហបុរី និង ប្រុយណេមិនបានកំណត់ប្រាក់ឈ្នួលអប្បបរមាទេ។​

ការប្រកាសចេញមុខសុំ​ទោសជាសាធារណៈរបស់លោក មូន ជែអ៊ីននេះ ក៏ជាការបង្ហាញពីឥរិយាបថនៃការដឹកនាំប្រកបដោយការទទួលខុសត្រូវ ខណៈមេដឹកនាំមួយចំនួនទៀតអាចបំភ្លេចការសន្យាឬ រកមូលហេតុផ្សេងៗបកស្រាយដើម្បីការពារខ្លួនគេចចេញពីការទទួលខុសត្រូវលើការសន្យា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ