អ្នក​ភូមិ​នៅស្ទឹងត្រែងដែលរងផល​ប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ ស្នើរដ្ឋាភិបាលកសាងហេដ្ឋារចនាស័ម្ពន្ធ

ទំនប់​វារីអគ្គិសនី សេសានក្រោម ២​ រូបភាពពីទីស្តីការគណរដ្ឋមន្រ្តី

ជនជាតិដើមភាគតិចក្នុងខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ អំពាវនាវទៅអាជ្ញាធរ ជួយកសាងហេដ្ឋារចនាស័ម្ពន្ធក្នុងសហគមន៍ ខណៈអ្នកភូមិ៥២គ្រូសារទៀតកំពុងបន្តរស់នៅលើទីទួលសុវត្តិភាពដោយមិនព្រមទទួលយកសំណងគោលនយោបាយរបស់រដ្ឋាភិបាល។

ជនដើមភាគតិចពូនងរស់នៅភូមិក្បាលរមាសអ្នកស្រី ស្រាំង ឡាញ់ ប្រាប់វីអូឌីនៅថ្ងៃនេះថា អ្នកភូមិមិនព្រមចាកចេញដោយសារពួកគាត់បានទៅស្នាក់អាស្រ័យ និងរស់នៅតំបន់នោះតាំងពីដូនគាត់ពួកគាត់មកម៉្លេះ។​

មូលហេតុដែលមិនព្រមចាកចេញទៅនៅដីថ្មី ដែលគេដោះស្រាយឲ្យហ្នឹង ដោយសារសោកស្តាយអត្តសញ្ញាណ ទឹកដី ព្រៃឈើដែលជីដូនជីតាធ្លាប់រស់នៅតាំងពីច្រើនជំនាន់មកហើយ ដោយរាល់ថ្ងៃនេះ បានបាត់បង់លិចលង់ក្នុងទឹកមួយចំនួនធំហើយ គឺនៅមួយចំនួនតូចប៉ុណ្ណោះដែលពួកខ្ញុំ៥២គ្រួសារនេះបន្តរស់នៅដើម្បីថែរក្សាដោយមិនអាចលះបង់បានទេ

ជនដើមភាគតិចពូនងរស់នៅភូមិក្បាលរមាសអ្នកស្រី ស្រាំង ឡាញ់

ជនជាតិដើមភាគតិចពូនងម្នាក់អ្នកទៀតអ្នកស្រី ចើ នាង និយាយថា ចាប់តាំងសាងសង់ទំនប់វារីអគ្គិសនីនោះមកសហគមន៍ត្រូវបានបាត់បង់ហេដ្ឋារចនាសម្ព័នទាំងអស់ ដូចជាសាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម។

អ្នកស្រីបន្តថា សព្ទថ្ងៃពួកគាត់៥២គ្រួសារដែលមិនព្រមចាកចេញកំពុងបន្តរស់នៅលើទីទួលសុវត្តិភាពជិតភូមិចាស់ ខណៈរងចាំអាជ្ញាធរជួយកសាងហេដ្ឋារចនាស័ម្ពន្ធឲ្យសហគមន៍វិញ។

ពួកយើងមានផលលំបាកច្រើនណាស់ ព្រោះអីយើងធ្លាប់នៅក្នុងភូមិចាស់ហ្នឹង។ យើងមានផ្សារ មានបន្លែគ្រប់សព្វ បែបយ៉ាង។ យើងមានជីវ់ចម្រុះតាមដងទន្លេ។ យើងមានស្រែមានចំការនៅខាងក្រោយផ្ទះ ដល់ឥលូវនេះយើងផ្លាស់ទៅទីទួលសុវត្តិ ភាពហ្នឹងយើងជួបផលលំបាក់ច្រើន ព្រោះអីនៅឆ្ងាយៗគ្នា ហើយយើងចាប់ផ្តើមកាប់គាស់ស្រែចំការថ្មី ទីកន្លែងថ្មី យើងជួបផលលំបាកគ្មានផ្លូវដែរ យើងខ្វះសាលារៀន ខ្វះមន្ទីរពេទ្យជាដើម

ជនជាតិដើមភាគតិចពូនងម្នាក់អ្នកទៀតអ្នកស្រី ចើ នាង

អ្នកស្រីបន្តថា កូនៗអ្នកភូមិមិនបានរៀនសូត្រដិតដល់នោះទេ ដោយសារខ្វះគ្រូបង្រៀន និងពេលឈឺម្តងៗជួបការលំបាក់ខ្លាំងព្រោះគ្មានគ្រូពេទ្យ ដោយតម្រូវឲ្យដឹកទៅព្យាបាលនៅទីរួមខេត្តដែលនៅឆ្ងាយពីភូមិ។ ស្រ្តីរូបនេះបន្តទៀតថា កាលចុងឆ្នាំ២០១៨ អាជ្ញាធរខេត្តបានសន្យាជួយកសាងហេដ្ឋារចនាស័ម្ពន្ធជូនពួកវិញដែរ។

អភិបាលខេត្តស្ទឹងត្រែងលោក ម៉ុម សារឿន ប្រាប់វីអូឌីថា រវល់ប្រជុំនៅថ្ងៃនេះ ដោយមិនអាចនិយាយជំវិញបញ្ហានោះបាន។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគម​អាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា តាមគោលការណ៍ច្បាប់ និងគោលការណ៍សិទ្ធិមនុស្ស រាល់ការអភិវឌ្ឍន៍ គឺត្រូវធ្វើការសិក្សារស្រាវជ្រាវពីផលប៉ះពាល់សង្គម និងបរិស្ថានជាមុនដើម្បីជៀសវៀងផលប៉ះពាល់ធ្ងន់ធ្ងរ។

លោកបន្តថា ជំវិញគម្រោងសាងសង់ទំនប់វ៉ារីអគ្គិសនីសេសានក្រោម២នេះ រដ្ឋាភិបាលហាក់មិនបានសិក្សារស៊ីជម្រៅ​និងមិនបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋនោះទេ ដែលបណ្តាលឲ្យពលរដ្ឋមួយចំនួនមិនព្រមចាកចេញបែបនេះ។

រដ្ឋាភិបាលនៅពេលដែលផ្តល់ដីសម្បទាន ឬក៏ផ្តល់ទីតាំងដើម្បីវិនិយោគសាងសង់ទំនប់វារី​អគ្គិសនីហ្នឹង ហាក់ដូចជាមិនបានគិតពីផលប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់ហ្នឹងឲ្យបានល្អិតល្អន់នោះទេ។ យើងដឹងហើយថា កាលណាមានការអភិវឌ្ឍន៍វាជៀសមិនផុតពីការប៉ះពាល់ ប៉ុន្តែគួរតែព្យាយាមធ្វើយ៉ាងណាដោះស្រាយឲ្យអស់លទ្ធភាពជូនពលរដ្ឋជាមុនសិនចាំយើងបន្តគម្រោង

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគម​អាដហុក លោក សឹង សែនករុណា

គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៤ និងបានបើកតួប៊ីនទី១នៅឆ្នាំ២០១៧ដែលមានកម្លាំងជាង៥០មេហ្គាវ៉ាត់ម៉ោង ហើយ​តួប៊ីនទាំង៨ផ្សេងទៀត​នឹងត្រូវបើកនៅចុងឆ្នាំ២០១៨  ដោយអាច   ផលិតថាមពលបាន​សរុប៤០០មេហ្គាវ៉ាត់ម៉ោង ដើម្បីផ្គត់ផ្គង់តម្រូវការថាមពលអគ្គិសនីក្នុងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ