ផ្លូវជាតិលេខ៤ ផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្នដោយសារទឹក​ជំនន់​ ខណៈខេត្តមួយចំនួនទៀតរងផលប៉ះពាល់តិចតួច​

ផ្លូវជាតិលេខ ៤ ត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់បណ្តោះអាសន្ន (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម)

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានសម្រេចបិទផ្លូវជាតិលេខ ៤ មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់បណ្តោះអាសន្ន ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ការ​ផ្អាកការធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤ ជាបណ្ដោះអាសន្នចាប់ពីចំណុចស្ពានអូរគគី(ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ) នៅថ្ងៃទី១៧ ខែកក្កដានេះ ដោយសារមានទឹកជំនន់ហូរកាត់លើផ្លូវ។

 អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ប្រាប់វីអូឌីនៅថ្ងៃនេះថា បច្ចុប្បន្ន ជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវនៅឡើយ  បន្ទាប់មានភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ​។

អត់មានប៉ះពាល់អីទេ ព្រោះកម្លាំងយើងបានដាក់នៅនោះ។ បិទផ្លូវបណ្ដោះអាសន្នទេ។ ខ្ញុំគិតថាមិនយូរទេ ពេលទឹកស្រកហើយ តំបន់ហ្នឹងរាំង តែប៉ុន្មានស្រកវិញហើយ

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកនេះ ស្ថានភាពទឹកជំនន់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី បានស្រកចុះវិញជាបណ្តើរៗហើយ ខណៈនៅចំណុចស្ពានសំរោង  តាមបណ្តោយផ្លូវជាតិលេខ ៤ ដដែល ទឹកកំពុងកើនឡើងខ្លាំងនិងបានជន់ហូរកាត់លើផ្លូវជាតិជាថ្មីម្តងទៀតផងដែរ។

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍ថា  ភ្លៀងធ្លាក់២ សប្ដាហ៍នេះ បានធ្វើឲ្យខេត្តមួយចំនួនមានទឹកជំនន់ ដូចជា ប៉ៃលិន បាត់ដំបង់ កំពង់ស្ពឺ និងខេត្តព្រះសីហនុ ប៉ុន្តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងមិនប៉ះពាល់អ្វីធ្ងន់ធ្ងរទេ។

និយាយជារួមជំនន់វាមានខ្លះៗ នៅខាងព្រះវិហារក៏មានរយៈពេលខ្លី នៅខាងប៉ៃលិន នៅខាងបាត់ដំបង ប៉ុន្តែមានតែបាត់ដំបងទេ ដែលយូរជាងគេ ២ សប្ដាហ៍។ ប៉ុន្តែដូចខ្ញុំបញ្ជាក់ជូនអញ្ចឹង យើងគ្រប់គ្រងបាន មកដល់ពេលនេះ សភាពការណ៍យើងគ្រប់គ្រងបានទាំងស្រុង។ ហើយនៅកំពង់ស្ពឺ មួយផ្នែកក៏មានជំនន់ដែរ  ជាមួយខេត្តព្រះសីហនុនេះឯង ប៉ុន្តែមិនទាន់មានស្អីដែលធ្ងន់ធ្ងរនៅឡើយទេ

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា

លោកបន្តថា ក្រៅពីជំនន់ទឹកភ្លៀងនៅខេត្តខាងលើនេះដែរ    ក៏មានខេត្តមួយចំនួននៅតំបន់ទន្លេមេគង្គលើ មានដូចជា  ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម នឹងទទួលរងទឹកជំនន់ ដោយសារទឹកទន្លេមេគង្គកើនឡើងផងដែរ។ ទោះជាយ៉ាងណា លោក អំពាវនាវទៅប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ខណៈដែលខេត្តមួយចំនួនកំពុងប្រឈមនឹងទឹកជំនន់ ដោយសារ ទឹកទន្លេមេគង្គកំពុងកើនឡើងផងដែរ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិង​ឧតុនិយមចេញផ្សាយកាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៨ ឲ្យដឹងថា កម្ពុជាអាចប្រឈមនឹងជំនន់ទឹកភ្លៀងខ្ពស់ជាង២០១៧ ជាពិសេស នៅខែសីហានិងខែកញ្ញា ដោយសារ នៅក្នុងខែទាំងពីរនេះ អាចមានបាតុភូតធម្មជាតិ​កើតឡើងបណ្ដាលឲ្យមានភ្លៀងធ្លាក់ច្រើន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ