សង្គមស៊ីវិលនិងអតីតបក្សប្រឆាំងថាច្បាប់ដែល​រដ្ឋសភាអនុម័តក្នុង​អាណត្តិ​ទី៥មា​ន​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន​

អង្គការសង្គមស៊ីវិល និងអតីតបក្សប្រឆាំងថា ការអនុម័តច្បាប់របស់រដ្ឋសភានីតិកាល​ទី៥នេះមាន​ទាំង​ច្បាប់​ដែល​ល្អនិងច្បាប់​ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព​ ខណៈរដ្ឋសភាអះអាងថាការអនុម័តច្បាប់ជាង​១០០នេះ គឺសម្រាប់បម្រើ​ជាប្រយោជន៍ដល់សង្គមជាតិ។

នាយកអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា ច្បាប់មួយចំនួនមានលក្ខណៈអវិជ្ជមាន បើ​តាមការសង្កេតឃើញរបស់លោកពីប្រតិកម្មរបស់សាធារណៈជន និងការវិភាគរបស់អ្នកឯកទេសច្បាប់។

មួយឆ្នាំកន្លងទៅនេះយើងឃើញមានច្បាប់មួយចំនួនដែលមានភាពចម្រូងចម្រាស ហើយដែលបានគេវិភាគឬពិនិត្យឃើញ។ ច្បាប់ខ្លះហាក់ដូចជាអវិជ្ជមាន ឧទាហរណ៍ច្បាប់ទាក់ទងនឹងច្បាប់វិសោ​ធនកម្មគណបក្សនយោបាយ មានចំណុចចម្រូងចម្រាសត្រង់ចំណុចដែលបើកឲ្យមានការរំលាយគណបក្ស ហើយនិងការចែកអាសនៈទៅបក្សផ្សេងទៀតដែលមិនទទួលបានតាមការបោះឆ្នោត ហើយនិងការហាមឃាត់សិទ្ធិនយោបាយរបស់អ្នកនយោបាយ។ នៅក្នុងករណីចម្រូងចម្រាសហ្នឹង! សម្រាប់អ្នកដែលមានទស្សនៈប្រជាធិបតេយ្យសេរីនិយម គេថាវាមានការវិវត្តអវិជ្ជមាន

នាយកអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា ការអនុម័តច្បាប់ក្នុងអាណត្តិទី៥នេះ មួយភាគធំបម្រើផលប្រយោជន៍ ប៉ុន្តែក៏មាន​ច្បាប់​ខ្លះ​មាន​ភាពចម្រូងចម្រាសផងដែរ​។​

ចំណែកអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះ​ជាតិ លោក អ៊ូ ចាន់រ័ត្ន មានប្រសាសន៍ថា រដ្ឋសភាបានអនុម័តច្បាប់ច្រើនដែលមានប្រយោជន៍ដល់ប្រជាជន ប៉ុន្តែមានច្បាប់ជាពិសេសច្បាប់​សំខាន់ៗមួយចំនួនដែលអនុម័តចុងក្រោយមានផល​ប៉ះពាល់ដល់ប្រទេសជាតិ។

ច្បាប់មួយចំនួនធំដែលធ្វើឲ្យបានផលដល់ប្រទេសជាតិ។​ ប៉ុន្តែច្បាប់ដែល សំខាន់ៗដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ ដូចជាច្បាប់ក្រៅអង្គការក្រៅរដ្ឋាភិបាល សហជីពអីហ្នឹងវាធ្វើឲ្យប៉ះពាល់ហើយ! សិទ្ធិសេរីភាពប៉ះពាល់ដល់អីអញ្ចឹងទៅ។ ហើយច្បាប់រឿងគណបក្សនយោបាយក៏អញ្ចឹងដែរ វាធ្វើឲ្យច្បាប់ហ្នឹងអាចមានលទ្ធភាពរំលាយគណបក្សនយោបាយអីអញ្ចឹងទៅ…

អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះ​ជាតិ លោក អ៊ូ ចាន់រ័ត្ន

ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា នេះជាសិទ្ធិបញ្ចេញមតិ ហើយការអនុម័តច្បាប់ជាង១០០ ដោយសភាជាតិ​ក្នុង​នីតិកាលទី៥នេះ មានការចូលរួមយោបល់ជាច្រើន។ លោកបន្តទៀតថាការលើកឡើងពីភាពចម្រូងចម្រាសនៃច្បាប់ទាំងនោះ វាជារឿងធម្មតានិង​ទូទៅប៉ុណ្ណោះ​សម្រាប់ប្រទេស​ប្រជាធិបតេយ្យ។

នៅក្នុងលទ្ធិប្រជាធិបតេយ្យប្រជាជនក៏អាចបាតុកម្មអាចបញ្ចេញមតិបាន ហើយអ្នកណាក៏អាចបញ្ចេញមតិបានដែរ។ ប៉ុន្តែរដ្ឋសភាបោះឆ្នោត អនុម័តគឺទទួលខុសត្រូវនៅចំពោះមុខប្រជាជាតិ គឺថាលោកយល់ថាច្បាប់ហ្នឹងគឺបម្រើដល់ប្រជាជាតិ ហើយបម្រើមិនបម្រើអាហ្នឹងគឺទៅតាមការជាក់ស្តែង។ ហើយអាចវាយតម្លៃ អ្នកដែលវិនិច្ឆ័យចុងក្រោយគឺប្រជាជន

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង

យោង​តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ AKP ចេញផ្សាយ​កាល​ពីថ្ងៃទី១៥ ខែ កក្កដា ២០១៨ រដ្ឋសភាកម្ពុជា បាន​អនុម័តច្បាប់បាន​ចំនួន​១០៩ក្នុងរយៈពេល​៥ឆ្នាំនេះ។ ​

តាមប្រភពដដែលនៅក្នុងរយៈពេល៥ឆ្នាំនេះ រដ្ឋសភាបានបើកកិច្ចប្រជុំគណៈអចិន្រ្ដៃយ៍ចំនួន៩៧លើក ប្រជុំពេញអង្គ៦៥លើក និងប្រជុំវិសាមញចំនួន១១លើក ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ