ស្របពេលដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦នេះកាន់តែខិតជិតមកដល់ សារព័ត៌មានធំៗជាច្រើនមានទាំងរបស់ប្រទេសប្រជាធិបតេយ្យនិងសង្គមនិយម តាមដាននិងចុះផ្សាយអំពីបញ្ហានេះ។
សារព័ត៌មានអនឡាញអាសុីថាមយ៍ របស់ហុងកុងដែលចុះផ្សាយនៅដើមខែនេះ បានហៅការបោះឆ្នោតខាងមុខថាជា «ការប្រណាំងសេះតែឯង» បើទោះបីជាមាន២០គណបក្សចូលរួមឈរឈ្មោះក៏ដោយ ព្រោះតែគូប្រជែងរបស់គណបក្សកាន់អំណាច គឺសុទ្ធតែជាគណបក្សតូចតាចតែប៉ុណ្ណោះ។ សារពត៌មាននេះបានបន្តថា លោក ហ៊ុន សែន និងគណបក្សប្រជាជន បានជម្រុះគណបក្សប្រឆាំងចេញពីការបោះឆ្នោតដែលធ្វើអោយពិបាកក្នុងការបង្ហាញពីភាពត្រឹមត្រូវយុត្តិធម៌នៃការបោះឆ្នោតខាងមុខ។
សារព័ត៌មានដដែលនេះបានអោយដឹងទៀតថា គណបក្ស១៩ផ្សេងទៀតដែលឈរឈ្មោះបោះឆ្នោតនោះ ប្រហែលគ្រាន់តែជាការបង្កើតឡើងរបស់គណបក្សកាន់អំណាចក្នុងគោលបំណងធ្វើអោយមានការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌តែប៉ុណ្ណោះ ហើយបើទោះជាយ៉ាងណាក៏មានអ្នកគាំទ្រតិចពេកដែលមិនដឹងថានឹងទទួលបានកៅអីប៉ុន្មាននោះទេ។
ប្រភពខាងលើក៏បានចុះផ្សាយបន្តថា ខាងគណបក្សកាន់អំណាច និងសកម្មជនគណប្រជាជនកម្ពុជា បានធ្វើការយ៉ាងមមារញឹកក្នុងយុទ្ធនាការឃោសនាការបោះឆ្នោត២០១៨ តែបើទោះបីជាសកម្មភាពឃោសនាបោះឆ្នោតនេះ ប្រព្រឹត្តទៅយ៉ាងរលូនក៏ដោយក៏គណបក្សកាន់អំណាចមួយនេះនៅតែមានការព្រួយបារម្ភចំពោះសន្លឹកឆ្នោតដែលខ្លួននឹងទទួលបាន ដោយសារតែកាលពីការបោះឆ្នោតអាណត្តិមុនសមាជិកគណបក្សប្រជាជនមានចំនួនរហូតទៅដល់ ៥,៣ លាននាក់ ខណៈដែលសន្លឹកឆ្នោតដែលទទួលបានគឺត្រឹមតែ ៣,៥ លានសន្លឹកតែប៉ុណ្ណោះ។
ទស្សនាវដ្ដី Forbes របស់អាមេរិចចុះផ្សាយកាលពីដើមខែនេះបានអោយដឹងថា រតនាគារអាមេរិកប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ កាលពីខែមុននេះ (America’s Global Magnitsky Act) ដើម្បីព្រមានលោក ហ៊ុន សែន ក្នុងគោលបំណងទាមទារការបោះឆ្នោតប្រជាធិបតេយ្យ យុត្តិធម៌និងត្រឹមត្រូវសំរាប់ឆ្នាំ២០១៨នេះ។
វេបសាយពត៌មានវិភាគមួយដែលមានឈ្មោះថា eurasia review របស់អាមេរិកបានសរសេរថា ប្រជាពលរដ្ឋកម្ពុជានៅមានភាពស្រពិចស្រពិលក្នុងការចូលរួមបោះឆ្នោតអាណត្តិនេះដោយសារតែពួកគេត្រូវជ្រើសរើសរវាងការអភិវឌ្ឍនសេដ្ឋកិច្ចនិងប្រជាធិបតេយ្យ។ ហើយបញ្ហាសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង ការអភិវឌ្ឃសេដ្ឋកិច្ចនឹងជាប្រធានបទសំខាន់សំរាប់យុទ្ធនាការបោះឆ្នោតអាណត្តិនេះ។
ចំណែកសារពត៌មាន Financial Time ដែលមានមូលដ្ឋាននៅទីក្រុងឡុង កាលពីថ្ងៃចន្ទសប្តាហ៍មុននេះបានផ្សាយពីការចំណាយរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលចុះជួបជាមួយកម្មករ។ កម្មករ និង សហជីពម្នាក់ៗទទួលបានស្រោមសំបុត្រដែលមានទឹកប្រាក់ ២ម៉ឺនរៀល ឬ ៥ដុល្លារ ក្នុងនោះ និង១០០ដុល្លារបើសំរាប់អ្នកដែលមានផ្ទៃពោះ។ រដ្ឋាភិបាលបានប្រកែកថាវាមិនមែនជាលុយសំណូកនោះទេ ដោយសារតែជំនួបទាំងអស់ធ្វើឡើងមុនពេលការធ្វើយុទ្ធនាការបោះឆ្នោតជាផ្លូវការរយៈពេល២១ថ្ងៃ។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានប្រាប់វីអូឌីថា ចំណាត់ការកន្លងមករបស់រដ្ឋាភិបាលរួមមានការរំលាយអតីតគណបក្សសង្គ្រោះជាតិជាដើមនោះគឺគ្រាន់តែធ្វើស្របទៅតាមច្បាប់កម្ពុជាតែប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន្ត
ចំណែកឯរឿងចុះជួបកម្មករ លោក សុខ ឥសាន បញ្ជាក់ថា នាយករដ្ឋមន្ត្រីមានសិទ្ធក្នុងការចុះជួបពួកគាត់ទាំងនោះ។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន្ត
ដោយឡែកទីភ្នាកងារសារព័ត៌មានរដ្ឋចិនស៊ិនហួរ មិនបានផ្សាយច្រើនទេទាក់ទងនឹងអវត្តមានរបស់អតីតគណបក្សសង្រ្គោះជាតិក៏ដូចជាយុទ្ធសាស្រ្តនានារបស់គណបក្សប្រជាជនដើម្បីយកឈ្នះក្នុងការបោះឆ្នោតខាងមុខនេះ។ សារព័ត៌មាននេះផ្សាយតែពីដំណើរការមុនការបោះឆ្នោតតែប៉ុណ្ណោះ ពោលគឺផ្ដោតតែលើការឃោសនារកសម្លេងឆ្នោតរបស់គណបក្សប្រជាជន និងគណបក្សនានា។
សារព័ត៌មាននេះបានដកស្រង់សំដី លោក ហ៊ុន សែន ក្នុងថ្ងៃយុទ្ធនាការឃោសនាដំបូងថា ៖
យោងទៅតាមបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយគេបង្អស់របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរើសតំណាងរាស្ត្រអាណត្តិទី៦នេះ មានចំនួនជិត ៨,៤ លាននាក់។