សកម្មជនបក្ស LDP ម្នាក់ត្រូវឃុំខ្លួនរងការចោទថាប្រើហិង្សាលើសកម្មជន CPP

ស្លាកសញ្ញា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សប្រជាជនកម្ពុជា

សាលាដំបូងខេត្តស្វាយរៀងបានឃុំខ្លួនបណ្តោះអាសន្ន សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ម្នាក់ពីបទហិង្សាដោយចេតនាក្រោយពីសមាជិករូបនោះរងការចោទថា ប្រើហិង្សាទៅលើសមាជិកគណបក្សប្រជាជនកម្ពុជា (CPP) ។

អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​ស្វាយរៀងលោក ផាន់ រតនា ប្រាប់វីអូឌីនៅថ្ងៃនេះថា សកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក សុវណ្ណ ចាន់សាវ៉ាត ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ណោះអាសន្ន កាលពីដើមសប្តាហ៍នេះ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនដែលបានប្រើអំពើហិង្សាទៅលើបុរសម្នាក់ឈ្មោះ ឡុង ជី  ​ជា​សកម្មជន CPP កាលពី​ថ្ងៃទី ១៣ ខែ​កក្កដា​នៅ​ក្នុង​ភូមិ​  ជីកដី ឃុំ​អណ្ដូងត្របែក ស្រុក​រមាសហែក​។

គាត់ហ្នឹងគេចោទរួចហើយ ហើយគេឃុំហើយ តុលាការចោទពីបទហិង្សាដោយចេតនាមានស្ថានទំងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ

អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​ស្វាយរៀងលោក ផាន់ រតនា

ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង លោក ឯម សុទ្ធ មានប្រសាសន៍ថា សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ចាន់ សាវ៉ាត់ កាលពីថ្ងៃទី១៣ ខែកក្កដា បានប្រើមេក្រូចាក់សំឡេងលឺខ្លាំងៗនៅក្នុងបរិវេណផ្ទះរបស់ខ្លួនដើម្បីឃោសនារកសំឡេងឆ្នោតឱ្យគណបក្សនយោបាយរបស់ខ្លួន ខណៈពេលនោះ ឈ្មោះ ឡុង ជី ជាសមាជិកគណបក្សប្រជាជនកម្ពុជា បានទៅប្រាប់កុំឲ្យចាក់សំឡេងលឺខ្លាំងៗពេក ដោយថា បានធ្វើឲ្យរំខានដល់អ្នកជិតខាង។

លោក ឯម សុទ្ធ បន្តថា លោក ចាន់ សាវ៉ាត បានយកដំបងវាយជនរងគ្រោះ ឈ្មោះ ឡុង ជី បណ្តាលឱ្យរងរបួសត្រង់ក្បាល ហើយសមត្ថកិច្ចបានចុះឃាត់ខ្លួនក្រោយកើតហេតុ និងបញ្ជូនទៅតុលាការ ដោយថា នេះជារឿងព្រហ្មទណ្ឌ។

អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក កូវ គា មិនអត្ថាធិប្បាយជុំវិញរឿងនេះទេ ដោយបង្វែរសំណួរឲ្យទៅសួរអគ្គលេខាធិការគណបក្សនេះ គឺលោក ចិន ថុន ប៉ុន្តែទូរសព្ទហៅចូលគ្មានអ្នកលើក។

អ្នកនាំពាក្យ គ.ជ.ប លោក  ហង្ស ពុទ្ធា មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃឃោសនាបោះឆ្នោត រហូតមកដល់ថ្ងៃនេះ គ.ជ.ប ទទួលពាក្យបណ្តឹងចំនួន៦ករណី ក្នុងនោះ១ករណី គ​ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្នាក់ឃុំសង្កាត់ដោះស្រាយមិនសះជា ហើយត្រូវបានបញ្ជូនបន្តទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីខេត្តជាអ្នកដោះស្រាយ​។ លោក ហង្ស ពុទ្ធា បន្តថា ករណីហិង្សារវាងសកម្មជន LDP និងសកម្មជន CPP នៅខេត្តស្វាយរៀង គឺ ជ.គ.ប កំពុងតាម ដោយថា ប្រសិនបើករណីនោះជារឿងព្រហ្មទណ្ឌ វាជាការងាររបស់សមត្ថកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ