អាជ្ញាធរជម្លៀសពលរដ្ឋជិត១០០០គ្រួសារទៅកន្លែងសុវត្ថិភាពដោយសារទឹកជំនន់​

ស្ថានភាពផ្លូវជាតិលេខ៤ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម)

អាជ្ញាធរខេត្តជាប់មាត់សមុទ្រចំនួនពីរបានជម្លៀសប្រជាពលរដ្ឋជិត១០០០គ្រួសារ គេចចេញពីតំបន់មានទឹកជំនន់ទៅកន្លែងមានសុវត្ថិភាព បន្ទាប់ភ្លៀងធ្លាក់ខ្លាំង២សប្តាហ៍កន្លងទៅនេះ។​

បើតាមក្រសួងធនធានទឹក និងឧតុនិយមថាខេត្តដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងខ្លាំងជាងគេ គឺមានខេត្តកោះកុង និងខេត្តព្រះសីហនុ ។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ប្រាប់វីអូឌីនៅថ្ងៃនេះថា  ភ្លៀងធ្លាក់ ២ សប្ដាហ៍កន្លងមក បានធ្វើឲ្យទឹកជន់លិច ហើយអាជ្ញាធរបានជម្លៀសពលរដ្ឋ​៤២៧ គ្រួសារចេញពីលំនៅឋាន។ លោកស្រីបន្តថា​​ ពលរដ្ឋដែលរង​ផលប៉ះពាល់ទាំងនេះនៅស្រុកចំនួន៤ ហើយថា ពេលនេះអាជ្ញាធរកំពុងតែរកដំណោះស្រាយបញ្ជៀសការលំបាកនិងគ្រោះថ្នាក់ផ្សេងៗ។​

លិចផ្ទះគាត់តែម្ដង តែអីវ៉ាន់អីគាត់អាចយកមកទាន់ តែអត់ប៉ះពាល់ដល់មនុស្សទេ សត្វពាហៈមួយចំនួនគ្រោះថ្នាក់និងស្រែចម្ការ ហើយប៉ះពាល់ដល់ជីវិភាពគាត់ខ្លះ ដោយក្នុងមួយថ្ងៃគាត់អាចទប់ទល់បាន ហើយខាងកាកបាទក្រហមគាត់ជួយដែរ គាត់អាចទប់ទល់បានបន្តិច ប៉ុន្តែសម្រាប់អ្នកក្រីក្រខ្លាំងគាត់អាចពិបាកបន្តិច ហើយរដ្ឋបាលស្រុកកំពុងខិតខំជួយ

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង

ដោយឡែក អភិបាលខេត្តព្រះសីហនុ លោក យន្ត មី​ន មានប្រសាសន៍ថា  ផ្ទះប្រជាពលរដ្ឋជាង ៣០០ គ្រួសារ នៅក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ក៏ត្រូវបានទឹកជន់។ លោកបន្តថា រហូតមកដល់ថ្ងៃនេះ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋទៅកន្លែងសុវត្តិភាពអស់ហើយ។

គ្រាន់តែលំបាករកទទួលទានអត់បាន ធ្វើការមិនកើតអត់មានអីហូរ អញ្ចឹងបងប្អូនខ្លះគាត់ដាច់ ៣ ទៅ ៤ ថ្ងៃមិនបានរកគាត់ខ្វះខាត គាត់លិចទឹកអស់ខូចខាតខ្លះទៅយើងឲ្យកាកបាទក្រហមចុះទៅជួយគាត់

អភិបាលខេត្តព្រះសីហនុ លោក យន្ត មី​ន

អ្នកនាំពាក្យគណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ឲ្យដឹងថា ភ្លៀង ២ សប្ដាហ៍បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួន មានដូចជា បាត់ដំបង ខេត្តកោះកុង កំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុ ប៉ុន្តែក្នុងចំណោមនោះ ខេត្តកោះកុងរងផលប៉ះពាល់ច្រើនជាងគេ។ លោកបន្តថា បច្ចុប្បន្ននេះ អាជ្ញាធរនៅតាមខេត្តនីមួយៗបានត្រៀមកម្លាំងសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ប្រសិនបើមានទឹកជំនន់ដោយសារ ទឹកភ្លៀង និងទឹកជំនន់។  លោកអំពាវនាវទៅប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន ដោយថា  ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ។

ត្រៀមលក្ខណៈអស់ហើយតាមជួយសង្គ្រោះប្រជាពលរដ្ឋពេលដែលមានហេតុការណ័កើតឡើងទាំងកម្លាំង ទាំងមធ្យោបាយក្នុងការជួយសង្គ្រោះ នៅតាមបណ្ដាលខេត្តយើងមិនថាតាមបណ្ដាលខេត្តជាប់មាត់សមុទ្រ តាមបណ្ដាលខេត្តគ្រប់ទាំងអស់យើងមាន គេហៅថា ផែនការត្រៀមបម្រុងរបស់ខេត្ត។ ផែនការត្រៀមបម្រុងរបស់ខេត្តនេះគឺថា មានការចូលរួមតាំងពីមន្ទីរជំនាញរបស់ខេត្តតាំងពីកម្លាំងប្រដាប់អាវុធ តាំងពីកាកបាទក្រហមតាំងពីអង្គការក្រៅរដ្ឋាភិបាលផ្សេងៗគឺថា មានការអន្តរាគមន៍ មានការផ្ដល់អំណោយសង្គ្រោះបន្ទាន់ហើយនឹងមានការស្ដារឡើងវិញនៅតាមបណ្ដាលខេត្ត

អ្នកនាំពាក្យគណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី

ទោះជាយ៉ាងណា កាលពីម្សិលមិញ ក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចបិទផ្លូវជាតិលេខ ៤ មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់បណ្តោះអាសន្ន  បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកជន់លិចលើផ្លូវនោះ ហើយរហូតមកដល់ពេលនេះ មិនទាន់បើកវិញនៅឡើយ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិង​ឧតុនិយមចេញផ្សាយកាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៨ ឲ្យដឹងថា កម្ពុជាអាចប្រឈមនឹងជំនន់ទឹកភ្លៀងខ្ពស់ជាង២០១៧ ជាពិសេស នៅខែសីហានិងខែកញ្ញា ដោយសារ នៅក្នុងខែទាំងពីរនេះ អាចមានបាតុភូតធម្មជាតិ​កើតឡើងបណ្ដាលឲ្យមានភ្លៀងធ្លាក់ច្រើន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ