ក្នុងពិធីសម្ពោធរឿង«ស្នូរជើងអ្នកណា»របស់ផលិតកម្ម Wonderfilm Cambodia កាលពីថ្ងៃទី១៨ កក្កដា នៅផ្សារទំនើបអ៊ីអន២ លោក សែម វិសាល អគ្គលេខាសមាគមន៍ភាពយន្តកម្ពុជា បានអះអាងថា គិតមកដល់ត្រីមាសទី៣ក្នុងឆ្នាំ២០១៨នេះ អ្នកគាំទ្រភាពយន្តខ្មែរមានការធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងឆ្នាំ២០១៧ ដោយលោកបានសម្ដែងនូវក្ដីបារម្ភនោះផង។
យ៉ាងណាមិញ លោកថាក្នុងនាមខ្លួនជាផលិតករមួយរូប លោកមិនបញ្ចប់ការផលិតភាពយន្តនោះទេ ហើយលោកក៏មិនរង់ចាំរហូតទាល់តែស្ថានភាពភាពយន្តស្ទុះឡើងនោះទេ អ៊ីចឹងហើយទើបលោកសម្រេចចិត្តដាក់បញ្ចាំងរឿង«ស្នូរជើងអ្នកណា» ខណៈដែលភាពយន្តនេះ លោកថាបានចំណាយអស់ច្រើន ហើយមិនខ្វល់ពីការប្រឈមរឿងផលចំណេញ។
លោកសែម វិសាល និយាយថា យោងតាមស្ថិតិពីរោងភាពយន្តនៅទូទាំងប្រទេសកម្ពុជា បង្ហាញយ៉ាងច្បាស់ថា អ្នកទស្សនាភាពយន្តនៅតាមរោងកុនមានកំណើនច្រើនឡើងជាងមុន ដោយគ្រប់រោងភាពយន្តគឺនៅរោងមួយណាក៏មានអ្នកទស្សនាកើនឡើងដែរ ប៉ុន្តែក្រឡេកទៅមើលបរិមាណអ្នកទស្សនាភាពយន្តខ្មែរ គឺធ្លាក់ចុះគួរអោយកត់សម្កាល់។
តាំងពីដើមឆ្នាំ២០១៨មក អ្នកទស្សនាភាពយន្តខ្មែរធ្លាក់ចុះមិនតិចជាង៤០ភាគរយនោះទេ ដោយនៅតែភាពយន្តផ្ទុះៗប្រមាណជា៣រឿងកាលពីដើមឆ្នាំប៉ុណ្ណោះ ដែលមានអ្នកទស្សនាច្រើន ប៉ុន្តែសម្រាប់ភាពយន្តរឿងផ្សេងៗ គឺមានអ្នកទស្សនាស៊ឹងមិនរួចដើមនោះផង។
លោកថាអ្នកទស្សនាភាពយន្តខ្មែរធ្លាក់ចុះបន្ទាប់ពីមួយរយៈមុនបណ្ដាផលិតកម្មច្រើនឡើងរួមគ្នាផលិតរឿង ដោយមានតែបរិមាណតែសម្រាប់គុណភាពធ្វើអោយអ្នកគាំទ្របាក់ទឹកចិត្ត ទើបបណ្ដាលអោយអ្នកទស្សនាភាពយន្តខ្មែរធ្លាក់ចុះយ៉ាងគំហ៊ុកនាពេលចុងក្រោយ។
លោកមិនទាន់ដឹងចំនួនធ្លាក់បើធៀបឆ្នាំ២០១៧ និង២០១៦ពិតប្រាកដប៉ុន្មាននាក់នោះទេ ប៉ុន្តែអ្វីដែលសមាគមភាពយន្តអាចប៉ាន់ស្មាន គឺអ្នកទស្សនាភាពយន្តខ្មែរធ្លាក់ចុះរង្វង់៤០ភាគ ខណៈដែលអ្នកទស្សនាភាពយន្តតាមរោងកុនកើនឡើងគ្រប់រោងទំនើប ដែលលោកបានហៅស្ថិតិនេះថាមានចរន្តបញ្ច្រាសគ្នា។
លោក សែម វិសាល អគ្គលេខាសមាគមន៍ភាពយន្តកម្ពុជា
លោកសែម វិសាល និយាយថាបរិបទនៅក្នុងកាលៈទេសៈនេះ មានតែផលិតករចំនួន៦ផលិតកម្មប៉ុណ្ណោះ ដែលបន្តផលិតភាពយន្តបានសកម្មដើម្បីដាក់បញ្ចាំងលក់សំបុត្រ ដោយក្នុងចំណោមនោះអ្នកទស្សនាក៏ស្ទាបស្ទង់ភាពយន្តទៅទៀតទម្រាំដាច់ចិត្តទិញសំបុត្រទស្សនា។
តែលោកថាមិនខ្លាចចំពោះការប្រឈមនោះទេ ដោយសារតែលោកមិនមែនផលិតកុនដើម្បីចង់បានចំណេញមានបាន និងថាការផលិតរបស់ខ្លួនគឺដើម្បីកុំអោយវិស័យភាពយន្តខ្មែរដួលស្លាប់នៅក្នុងស្ថានភាពលំបាកនេះប៉ុណ្ណោះ។
លោក សែម វិសាល អគ្គលេខាសមាគមន៍ភាពយន្តកម្ពុជា
លោកថាភាពយន្តរឿង«ស្នូរជើងអ្នកណា» ដែលលោកសម្រេចដាក់លក់សំបុត្រតាំងពីព្រឹកថ្ងៃទី១៩ កក្កដា គឺជាភាពយន្តមួយដែលលោកធ្វើទម្រង់បែបភ័យរន្ធត់ដែលចំណាយដើមទុនអស់ច្រើនបំផុត ដោយលោករំពឹងថានឹងជោគជ័យក្នុងការទាក់ទាញអ្នកចូលចិត្តមើលកុននោះផង ដោយសារតែភាពយន្តនេះ សូម្បីតែអ្នកបានទស្សនាក្នុងថ្ងៃបើកសម្ពោធក៏សរសើរមិនដាច់ពីមាត់ ថារឿងនេះភ័យរន្ធត់ និងកំប្លែងស្ងួតជក់ចិត្ត។
លោកទទូចអោយផលិតងាកមកផលិតភាពយន្តអោយបានល្អជំនួសអោយការផលិតយកតែបរិមាណ ដើម្បីកុំអោយអ្នកទស្សនាចូលមើលហើយរាងៗ ដែលធ្វើអោយប៉ះពាល់ដល់ភាពយន្តដែលមានគុណភាព និងស្នាដៃ។ យ៉ាងណាមិញ លោកថាអ្នកទស្សនាចាប់ផ្ដើមចេះបែងចែកជាងមុន ដោយផលិតកម្មដែលធ្វើរឿងបានល្អ នៅតែមានមនុស្សណែនៗ ហើយបើរឿងខ្វះខាតគឺមិនកើតដើរនិយាយតគ្នា៕