បទយកការណ៍៖ ពលរដ្ឋរងគ្រោះដោយអគ្គីភ័យនៅភ្នំពេញ ខ្វះថវិកាសង់ផ្ទះឡើងវិញ

ប្រជាពលរដ្ឋ ខ្មែរ និង ខ្មែរ-វៀតណាម ជាង៦០គ្រួសារ ក្នុងខណ្ឌឬស្សីកែវ ដែលរងគ្រោះដោយអគ្គីភ័យ កាលពីសប្តាហ៍មុន

ប្រជាពលរដ្ឋ ខ្មែរ និង ខ្មែរ-វៀតណាម ជាង៦០គ្រួសារ ក្នុងខណ្ឌឬស្សីកែវ ដែលរងគ្រោះដោយអគ្គីភ័យ កាលពីសប្តាហ៍មុន កំពុងជួបការលំបាកក្នុងការរស់នៅ និងជួបបញ្ហាខ្វះខាតថវិកា​​​ដើម្បីសង់ផ្ទះឡើងវិញ។

ពំនូក​ផេះ សំភារៈប្រើ​ប្រាស់ដែលបានឆេះ នៅរប៉ាត់រប៉ាយ ​ដោយពុំទាន់បាន​បោស​សម្អាត​នៅ​ឡើយនោះទេ។ ផ្ទះខ្លះបាន​ឆេះ​ទាំងស្រុងដោយសល់តែផេះ ផ្ទះ​ខ្លះទៀត​សល់តែ​ជើ​ងសសរ​​​ឫគ្រោងផ្ទះដែលមានពណ៌ខ្មៅ។ តង់តូចៗបានសង់ឡើងសំរាប់រស់នៅបណ្តោះអាសន្ន។  អ្នកភូមិមានការមមាញឹកក្នុងការសាងសង់ផ្ទះឡើងវិញ​​​ ប៉ុន្តែពួកគាត់បានត្អូញត្អែរថា ​​​ពុំមានថវិកាគ្រប់គ្រាប់ដើម្បីសង់ផ្ទះថ្មីនោះទេ​​ព្រោះអគ្គីភ័យបានលេបត្របាក់ទ្រព្យសម្បត្តិពួកគាត់គ្មានសល់នោះឡើយ។

ស្ថិតក្នុងទឹកមុខ​ក្រៀមក្រំ  ស្ត្រីវ័យ៦៨ឆ្នាំ ឈ្មោះ សុខ ភី ជនជាតិខ្មែរ និងជាជន​រងគ្រោះនៅតំបន់​ខាង​លើ បាននិយាយ​ប្រាប់​អ្នកសារព័ត៌មានវីអូឌីថា ពេលនេះអ្នកស្រីនៅ​សល់តែ​​​ខោអាវមួយកំផ្លេជាប់ខ្លួន​​​តែប៉ុណ្ណោះ។ នៅពេលអគ្គីភ័យកើតឡើង ​អ្នកស្រី និងក្រុមគ្រួសារ ក៏ដូចជាអ្នកភូមិ​​​ បានរត់​ចេញពីផ្ទះដើម្បីសុវត្ថិភាពតែ​ប៉ុណ្ណោះ។​ ​អ្នកខ្លះរត់ឡើងទៅផ្លូវធំ ខ្លះទៀត​រត់​ចុះ​ទៅ​ទន្លេខាងក្រោម ហើយភាគតិច​ណាស់ដែល​យក​បាន​របស់​របរ​នៅ​ក្នុង​ផ្ទះ។

ថាដឹកតែចៅរត់តែម្តង គ្មានយកអីទាំងអស់ បើខ្សែភ្លើងមុខផ្ទះហ្នឹង​ ខ្លាចវា​ដាច់ខ្សែភ្លើងទៅ​វាឆក់ងាប់ យើង​ទៅណា​វិញ មិន​នៅក្នុងហ្នឹង! ហើយ គ្មានពីណា​ស្រវេ​ស្រវាយកអីទេ​ម្នាក់ៗ។ គ្មានពីណាយកអីទេម៉ាចង្កេះៗយើង​ស្លៀក​ដេកយប់ហ្នឹង! យកតែអាយុទៅ ឲ្យវារស់ទៅ កុំឲ្យវាឆេះភ្លើង។ ខូចទាំងអស់ហ្នឹង! សល់តែខោអាវមួយប្រដាប់នេះទេ មួយប្រដាប់យើង​ស្លៀកដេកហ្នឹង គ្មានយកអីបាន​ទេ ឆេះអស់រលីង តាំងពីខោអាវ​ស្អីៗហ្នឹងឡើងពេញៗទូ

ស្ត្រីវ័យ៦៨ឆ្នាំ ឈ្មោះ សុខ ភី ជនជាតិខ្មែរ និងជាជន​រងគ្រោះនៅតំបន់

សព្វថ្ងៃនេះក្រុមគ្រួសារអ្នកស្រី សុខ ភី ស្នាក់នៅក្រោមតង់បណ្តោះអាសន្ន និងពេលខ្លះសុំផ្ទះអ្នកជិតខាងស្នាក់អាស្រ័យពេលមានភ្លៀង។

អ្នកស្រី សុខ ភី បានបន្តទៀតថា ៖«សម្រាន្តនៅហ្នឹង ដីហ្នឹង ផ្ទះហ្នឹង!! ធ្វើរោងប្រក់តង់ ហើយសុំផ្ទះគេនៅជ្រកតិច ទម្រាំតែធ្វើផ្ទះហើយ។ »

អ្នកស្រី សុខ ភី បានបន្ថែមថា ក្រោយអគ្គីភ័យកើតឡើង កាកបាទក្រហមកម្ពុជាបានផ្តល់អំណោយជាសំភារៈ​​​ប្រើប្រាស់ និង​​​ គ្រឿងបរិភោគមួយចំនួន។ បន្ទាប់មក សមាគមខ្មែរ-វៀតណាមនៅកម្ពុជា បានផ្តល់ម្ហូបអាហារ​​​ និងសម្លៀកបំពាក់ ហើយសន្យាផ្តល់ថវិកា៧០០ដុល្លារក្នុងមួយគ្រួសារសំរាប់សង់ផ្ទះថ្មី។

ជនរងគ្រោះដោយអគ្គីភ័យម្នាក់ទៀត អ្នកស្រី សៅ ចាន់​ថា អាយុ៤១ឆ្នាំ ជនជាតិខ្មែរ-​វៀតណាម​​​ មានសមាជិកគ្រួសារ ៧នាក់ ​និងបានរស់នៅទីនោះជាង៣០ឆ្នាំមកហើយ។ ​​​អ្នកស្រី បានរៀបរាប់ទាំងទឹកមុខអស់សង្ឃឹមថា ផ្ទះអ្នកស្រីឆេះគ្មានសល់អ្វីនោះទេ ព្រោះផ្ទះ អ្នកស្រីនៅរំលងផ្ទះដែលបង្កហេតុតែមួយខ្នងប៉ុណ្ណោះ។ អ្នកភូមិនៅទីនោះមានការខឹងសម្បារយ៉ាងខ្លាំង ហើយមិនអនុញ្ញាតិអោយម្ចាស់ផ្ទះបង្កហេតុត្រឡប់មកសាងសង់ផ្ទះនៅទីនោះវិញទេ ដោយរង់ចាំរហូតដល់អ្នកភូមិនៅទីនោះសាងសង់ផ្ទះរួចរាល់សិន។

គេថាធ្វើ​ផ្ទះហើយនៅហើយស្រួលបានគេសួរវិញ​​​ថាអាហ្នឹងមកពីរឿងអីៗចឹងទៅ។ គេថាធ្វើផ្ទះរួចបានគេប្តឹងផ្តល់ ព្រោះថាខ្លះគេអ្នកមានចឹងទៅ​​​អស់លុយមិនចេះតិចទេនោះ ដល់ពេលយើងក្រអស់បន្តិចបន្តួចស្តាយចង់ងាប់ហើយ

ជនរងគ្រោះដោយអគ្គីភ័យម្នាក់ទៀត អ្នកស្រី សៅ ចាន់​ថា

អ្នកស្រី ចាន់ថា កំពុងរៀបចំសាងសង់ផ្ទះឡើងវិញ ប៉ុន្តែអ្នកស្រីព្រួយបារម្ភពីបញ្ហាកង្វះថវិកាក្នុងការសាងសង់ផ្ទះ។ ​​​អ្នកស្រីបានសំណូមពរដល់អាជ្ញារធរ និង សប្បុរសជនជួយអ្នកស្រីក៏ដូចអ្នករងគ្រោះផ្សេងទៀត។

និយាយចេញវាមិនរួចទេ ​បើយើងអត់លុយអត់កាក់ហ្នឹងណា បើគេជួយបានប៉ុណ្ណាបានប៉ុណ្ណឹងយើង​ក៏អរគុណច្រើនដែរ ជួលកាលខ្លះគេអោយមី៥កញ្ចប់ អង្ករ៥គីឡូគេក៏អរគុណច្រើនដែរ គេក៏អរដែរហ្នឹង

ជនរងគ្រោះដោយអគ្គីភ័យម្នាក់ទៀត អ្នកស្រី សៅ ចាន់​ថា

ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា លោក ស៊ឹម ជី បានប្រាប់វីអូឌីតាមទូរសព្ទថា សមាគមរបស់លោកបាននាំយកអំណោយ និងថវិកាមួយចំនួនពីសប្បុរសជនវៀតណាម មកផ្តល់ជូនគ្រួសាររងគ្រោះ។ សមាគម បាននឹងកំពុង  ស្វះស្វែងរកជំនួយរពីសប្បុរសជននានាដើម្បីជួយឧបត្ថមដល់គ្រួសារ​​​រងគ្រោះទាំងអស់។ សមាគម នឹងផ្តល់ថវិកា ៦៥០ដុល្លារក្នុងមួយគ្រួសារសំរាប់សង់ផ្ទះឡើងវិញ ហើយប្រសិនបើសមាគមទទួលបានការឧបត្ថមច្រើន គ្រួសារនិមួយៗនឹងទទួលបានលើសពី៦៥០ដុល្លារ។

សមាគមខ្ញុំ​នឹង​ជួ​យ ខាងមុខ​នេះ​នឹង​ជួយ​ជា​ថវិការ ដើម្បីឲ្យគាត់បាន​សាង​សង់ផ្ទះ​ឡើងវិញ។ ខាង​ខ្ញុំ​កំពុង​តែអំពាវនាវសប្បុរសធម៌មួយចំនួន ពាណិជ្ជករវៀតណាមមួយជំនួន ដើម្បីជាថវិការមួយចំនួនមក។ បច្ចុប្បន្នហ្នឹង បើ​តាម​ខ្ញុំ​បែង​ចែក​មក​នូវ​ថវិការដែល​ខាងសមាគមខ្ញុំ​មាន​ហ្នឹង​គឺក្នុង​មួយ​គ្រួសារបានប្រហែលជា​៦៥០​ដុល្លារ

ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា លោក ស៊ឹម ជី 

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី សុំមិនធ្វើការអត្ថាធិប្បាយ ហើយបានបង្វែរសំនួរទៅ ​​​​​​អភិបាលខណ្ឌឬស្សីកែវ លោក ជា​​​ ពិសី។ ប៉ុន្តែ លោក ជា​​​ ពិសី បានបដិសេធធ្វើការអត្ថាធិប្បាយតាមទូរសព្ទ។

អគ្គីភ័យបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋខ្មែរ និង ខ្មែរ-វៀណាម ៦៤ខ្នង ក្នុងខណ្ឌឬស្សីកែវ​​​រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ដែលបង្កឡើងដោយឆ្លងចរន្តអគ្គិសនី ក្នុងផ្ទះជនជាតិខ្មែរ-វៀតណាម​​​ តែពុំបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិតឬរបួសនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ