ចិនកំពុងចាប់ផ្តើមរំលាយចលនាប្រជាធិបតេយ្យនៅហុងកុង

យុវជនហុងកុងតវ៉ាទាមទារសិទ្ធសេរីភាព ឆ្នាំ២០១៤

ហុងកុងគឺជាដែនដីកោះមានទំហំជិត៣០០០គឺឡូម៉ែត្រការ៉េ មានប្រជាជនជាង៧លាននាក់។ ដែនដីនេះធ្លាប់ស្ថិតនៅក្រោមអាណានិគមន៍របស់អង់គ្លេស១៥៦ឆ្នាំគឺចាប់ពីឆ្នាំ១៨៤១ដល់ឆ្នាំ១៩៩៧។

នៅពេលដែលអង់គ្លេសចុះហត្ថលេខាផ្ទេរដែនដីនេះឲ្យចិនគ្រប់គ្រងនៅឆ្នាំ១៩៩៧ គឺមិនបានទាមទារឲ្យដែនដីនេះឯករាជ្យទេ ប៉ុន្តែសិទ្ធិសេរីភាពពលរដ្ឋគឺអង់គ្លេសទាមទារឲ្យមាន។ ដោយភាគីទាំងពីរមានការព្រមព្រៀងគ្នា ទើបមានការកំណត់ថា ប្រទេសមួយប្រព័ន្ធដឹកនាំពីរគឺហុងកុងស្ថិតនៅក្រោមរបបកុម្មុយនីស្តចិន ប៉ុន្តែជាលក្ខណៈការគ្រប់គ្រងពិសេសតាមបែបស្វយ័តមានគោរពសិទ្ធិសេរីភាពពលរដ្ឋ។​

បច្ចុប្បន្នត្បិតតែហុងកុងជាចំណែកតូចមួយរបស់ចិន ប៉ុន្តែដែនដីស្វយ័តមួយនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់មួយរបស់ពិភពលោក ពលរដ្ឋរស់នៅមានសេរីភាព ហើយពួកគេចង់ការពារសេរីភាពដែលកំពុងមាននេះ។​

កាលពីឆ្នាំ២០១៤ ក្រុមយុវជនផ្ទុះការតវ៉ា ដែលហៅថាបាតុកម្មឆ័ត្រ ប្រឆាំងរដ្ឋាភិបាលទីក្រុងប៉េកាំងរៀបចំថ្នាក់ដឹកនាំលើដែនដីនេះគឺពួកគេ ចង់ជ្រើសរើសដោយខ្លួនឯង។ កាលនោះក្រោយពីមានការចាប់ផ្តើមពីសំណាក់យុវជនហើយ ក៏មានការចូលរួមច្រើនពីប្រជាពលរដ្ឋ​រាប់ពាន់រាប់ម៉ឺននាក់រួមមានទាំងស្ថាប័នចៅក្រមនិងមេធាវីក៏ចូលរួមដែរ។​

នៅឆ្នាំ២០១៦ ក្រុមយុវជនបានបង្កើតគណបក្សមួយឈ្មោះ «គណបក្សសញ្ជាតិហុងកុង »ដើម្បីទាមទារសិទ្ធិសេរីភាព។​ ប៉ុន្តែសកម្មភាពរបស់គណបក្សនេះរងការបង្ក្រាបជាបន្តបន្ទាប់រួមទាំងការចាប់ខ្លួនដាក់ពន្ធនាគារផងដែរ។​

ចំណែកថ្មីៗនេះ ក្រសួងសន្តិសុខរបស់ហុងកុងកំពុងតែពិចារណាលើវិធានការ ក្នុងការហាមគណបក្សសញ្ជាតិហុងកុងមិនឲ្យធ្វើសកម្មភាពទាំងស្រុង ដោយលើកហេតុផលថា បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​។​

ក្រសួងសន្តិសុខហុងកុងបញ្ជាក់ថា ដែនដីនេះមានសេរីភាព ប៉ុន្តែក៏ត្រូវតែមានការរឹតបណ្តឹងតាមការកំណត់របស់ច្បាប់ដែរ។​

សំណើឲ្យផ្អាកការធ្វើសកម្មភាពគណបក្សរបស់ក្រុមយុវជននេះ មិនទាន់មានការសម្រេចយ៉ាងណានៅឡើយ ប៉ុន្តែបើសិនជាមានការសម្រេចថា ឲ្យផ្អាកមែននោះ ចំពោះអ្នកដែលចូលរួមធ្វើសកម្មភាពឬ មានការឧបត្ថម្ភជាលុយនិងសម្ភារផ្សេងៗ នឹងត្រូវប្រឈមការផាកពិន័យជាប្រាក់ ហើយក៏អាចជាប់ពន្ធនាគារចំនួន២ឆ្នាំទៀតផង។​

ប្រតិកម្មពីអង់គ្លេស

កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋាភិបាលអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញក្តីបារម្ភចំពោះបំណងរដ្ឋាភិបាលចិនដែលមានបំណងហាមឃាត់គណបក្សសញ្ជាតិហុងកុងមិនឲ្យធ្វើសកម្មភាព។

អង់គ្លេសក៏បានរំឭកឲ្យគោរពតាមការព្រមព្រៀង ដែលត្រូវធានាដល់ការគោរពសិទ្ធិសេរីភាពរបស់ប្រជាជននៅលើដែនដីហុងកុង។​

ការប្រឈមមុខរបស់ចិន

បើការសម្រេចថា នឹងត្រូវហាមគណបក្សដែលទាមទារសេរីភាពរបស់ក្រុមយុវជននេះ អាចនាំឲ្យមានការផ្ទុះតវ៉ាជាថ្មីទៀត ដូចព្រឹត្តិការណ៍ឆ្នាំ២០១៤ និងឆ្នាំក្រោយៗមកទៀត។ ដោយសារតែចលនានៃការតវ៉ាហាក់មានការចូលរួមច្រើនពីគ្រប់ស្រទាប់វណ្ណៈ អាចនឹងផ្ទុះចលាចលក្នុងដែនដីនេះ។​ ប៉ុន្តែបើសិនមិនទប់ស្កាត់ទេ ចលនានេះកាន់តែធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។​

ការប្រឈមមុខរបស់រដ្ឋាភិបាលចំពោះបំណងចង់រឹតត្បិតសេរីភាពនៅលើដែនដីហុងកុងនេះ អាចប្រឈមមុខជាមួយអង់គ្លេស និងបណ្តាប្រទេសកាន់របបសេរីផ្សេងៗទៀត។​

លោក អាន់ឌី ចាន់ មេដឹកនាំគណបក្សសញ្ជាតិហុងកុង ចំនាយរយៈពេល 21 ថ្ងៃដើម្បីធ្វើការប្រឆាំងនឹងបម្រាមការធ្វើយុទ្ធនាការទាមទារឯករាជ្យ (រូបភាព៖ BBC)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ