តំណាង​​សមាគមន៍​ភាពយន្ត ​​អះអាងថា​​​​​អ្នកគាំទ្រ​ភាពយន្តខ្មែរធ្លាក់​​យ៉ាង​គំហុក

សិល្បករចូលរួមសម្ពោធរឿង «ស្នូរជើងអ្នកណា»

ក្នុងពិធីសម្ពោធរឿង​​«​​​ស្នូរជើង​អ្នកណា»​​របស់​ផលិតកម្ម​​ Wonderfilm Cambodia ​កាលពីថ្ងៃទី​​១៨ កក្កដា ​នៅផ្សារទំនើបអ៊ីអន​២ ​លោក​ សែម វិសាល អគ្គលេខាសមាគមន៍​​​​​​​ភាពយន្តកម្ពុជា បានអះអាងថា ​​​​គិតមកដល់​​​​​ត្រីមាស​ទី៣​ក្នុងឆ្នាំ​២០១៨នេះ អ្នកគាំទ្រ​​ភាពយន្តខ្មែរ​​​មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​​​ធៀបនឹងឆ្នាំ​​២០១៧ ដោយ​​លោកបានសម្ដែង​នូវក្ដីបារម្ភនោះផង។

​​​​​យ៉ាងណាមិញ លោកថា​​​ក្នុងនាមខ្លួន​ជាផលិតករ​មួយរូប លោកមិនបញ្ចប់​​​ការ​​​ផលិត​​ភាពយន្តនោះទេ ​​ហើយ​លោក​ក៏​​មិនរង់ចាំ​រហូត​​ទាល់តែស្ថានភាពភាពយន្ត​​​​ស្ទុះឡើងនោះទេ អ៊ីចឹងហើយទើប​លោកសម្រេចចិត្តដាក់បញ្ចាំង​រឿង​«​ស្នូរជើងអ្នកណា» ខណៈដែលភាពយន្តនេះ លោក​ថា​បានចំណាយអស់ច្រើន​ ហើយមិនខ្វល់ពីការប្រឈម​​រឿងផលចំណេញ។

លោកសែម វិសាល និយាយថា យោងតាមស្ថិតិ​ពីរោង​​ភាពយន្ត​​នៅទូទាំងប្រទេស​​កម្ពុជា បង្ហាញយ៉ាងច្បាស់ថា ​អ្នក​​ទស្សនាភាពយន្តនៅតាមរោងកុនមានកំណើន​​ច្រើនឡើងជាងមុន ដោយ​​​​គ្រប់រោងភាពយន្តគឺ​នៅរោងមួយណា​ក៏មានអ្នកទស្សនា​​កើនឡើងដែរ ប៉ុន្តែ​​​ក្រឡេកទៅមើល​​​​បរិមាណ​អ្នកទស្សនាភាពយន្តខ្មែរ គឺ​​ធ្លាក់ចុះ​​គួរអោយកត់សម្កាល់។ ​

តាំងពីដើមឆ្នាំ២០១៨​មក ​​អ្នកទស្សនាភាពយន្ត​ខ្មែរ​ធ្លាក់​​ចុះ​​មិនតិច​ជាង​​​៤០ភាគរយ​​នោះទេ ​​ដោយនៅតែ​ភាពយន្ត​ផ្ទុះៗ​​ប្រមាណជា​៣រឿង​​​​​កាលពីដើម​ឆ្នាំ​ប៉ុណ្ណោះ ដែលមាន​​អ្នកទស្សនា​ច្រើន ប៉ុន្តែ​សម្រាប់ភាពយន្ត​រឿង​ផ្សេង​ៗ គឺ​​​​មានអ្នកទស្សនា​​ស៊ឹងមិនរួច​ដើមនោះផង​។

លោកថា​​​​​អ្នកទស្សនាភាពយន្ត​ខ្មែរ​​ធ្លាក់ចុះ​​​​​បន្ទាប់ពី​​​មួយរយៈមុន​បណ្ដា​ផលិតកម្មច្រើន​ឡើង​​រួមគ្នា​ផលិតរឿង ​​​ដោយមានតែបរិមាណតែសម្រាប់គុណភាពធ្វើអោយ​​អ្នកគាំទ្រ​​​បាក់ទឹកចិត្ត ទើបបណ្ដាលអោយ​​​​​​​​​​​​​​​អ្នកទស្សនា​​​ភាពយន្តខ្មែរធ្លាក់ចុះយ៉ាងគំហ៊ុក​​នា​ពេលចុងក្រោយ។

លោកមិនទាន់ដឹង​ចំនួន​​ធ្លាក់​​​បើធៀប​​​ឆ្នាំ​​២០១៧ និង​​២០១៦​​​​​​ពិតប្រាកដ​ប៉ុន្មាននាក់នោះទេ ប៉ុន្តែអ្វីដែល​​សមាគមភាពយន្តអាចប៉ាន់ស្មាន គឺ​​អ្នកទស្សនាភាពយន្តខ្មែរធ្លាក់​​ចុះ​​​​​រង្វង់​​៤០ភាគ ខណៈដែលអ្នក​​​​ទស្សនា​ភាពយន្ត​​តាមរោងកុនកើនឡើង​គ្រប់រោងទំនើប ដែល​​លោក​​​បានហៅស្ថិតិនេះ​ថា​​មានចរន្ត​បញ្ច្រាស​គ្នា។

ព័ត៌មានដែល​សមាគមយើងទទួលបាន គឺ​​​​​​​​​អ្នកគាំទ្រ​រឿង​តាមរោងកុន​​​​កើនឡើង​​យ៉ាង​ខ្លាំង​ ​ដោយសារតែ​​​​រោងទំនើប​​​​​​​​​​​​កើតឡើង​​​តែអ្នកទស្សនា​មាន​​តែកើន ​​​ប៉ុន្តែសម្រាប់ភាពយន្តខ្មែរគឺធ្លាក់​​ ធ្លាក់​​​ទាល់តែមែនទែន ​រឿងខ្លះ​រកតែមនុស្សទស្សនាអត់បានផង​!

លោក ​សែម វិសាល អគ្គលេខាសមាគមន៍​​​​​​​ភាពយន្តកម្ពុជា

លោកសែម វិសាល និយាយថា​​​បរិបទនៅក្នុងកាលៈទេសៈនេះ មាន​​តែផលិតករចំនួន​​៦​ផលិតកម្ម​ប៉ុណ្ណោះ ដែល​បន្ត​​ផលិតភាពយន្តបានសកម្មដើម្បី​​​ដាក់បញ្ចាំង​លក់សំបុត្រ ​ដោយក្នុងចំណោមនោះអ្នកទស្សនា​​​​ក៏​ស្ទាបស្ទង់​​ភាពយន្តទៅទៀត​ទម្រាំ​ដាច់ចិត្ត​ទិញ​សំបុត្រ​ទស្សនា។

​តែលោកថា​មិនខ្លាច​ចំពោះការ​​ប្រឈមនោះទេ ដោយសារតែ​លោកមិនមែន​ផលិតកុន​ដើម្បី​​ចង់បានចំណេញ​​​​មានបាន និង​ថា​​ការ​ផលិតរបស់ខ្លួនគឺដើម្បី​​​​​​​​​​​​​កុំអោយ​​​វិស័យភាពយន្តខ្មែរ​​ដួលស្លាប់​​នៅក្នុងស្ថានភាព​លំបាកនេះប៉ុណ្ណោះ។

ការពិត​​បើ​​​យើងឃើញ​អ្នកទស្សនា​ធ្លាក់​​ហើយ​​ឈប់ផលិតរឿង គឺដូចទុកអោយ​ភាពយន្តខ្មែរស្លាប់ចឹង ​​ចឹង​ទើប​ខ្ញុំត្រូវតែផលិត តែ​​​ខ្ញុំងាកមក​ផលិតរឿងអោយល្អ ​ដើម្បី​បង្វែរទំនុកចិត្ត​គាត់​វិញ!

លោក ​សែម វិសាល អគ្គលេខាសមាគមន៍​​​​​​​ភាពយន្តកម្ពុជា

លោកថា​ភាពយន្តរឿង​«ស្នូរជើង​អ្នកណា» ដែល​លោកសម្រេច​ដាក់លក់សំបុត្រ​​តាំងពីព្រឹកថ្ងៃទី​​១៩ កក្កដា គឺជា​ភាពយន្តមួយដែលលោកធ្វើទម្រង់​បែប​ភ័យរន្ធត់​​​ដែលចំណាយដើមទុន​អស់ច្រើនបំផុត ដោយលោករំពឹងថា​នឹង​ជោគជ័យក្នុងការ​​​​ទាក់ទាញអ្នក​​ចូលចិត្ត​មើល​កុននោះផង ដោយសារតែ​ភាពយន្តនេះ ​​សូម្បីតែអ្នកបានទស្សនា​​ក្នុងថ្ងៃ​​​​​បើកសម្ពោធក៏សរសើរមិនដាច់ពីមាត់ ថា​រឿងនេះ​​​​ភ័យរន្ធត់ ​​និងកំប្លែងស្ងួត​​ជក់ចិត្ត​។ ​​​

លោកទទូចអោយផលិត​​​​​ងាកមកផលិត​ភាពយន្តអោយបាន​ល្អ​​​​​​​ជំនួស​អោយការ​​ផលិត​យកតែ​បរិមាណ ដើម្បីកុំអោយអ្នកទស្សនា​​​ចូល​​​មើល​ហើយរាងៗ ​​ដែល​ធ្វើអោយប៉ះពាល់ដល់​ភាពយន្ត​ដែលមានគុណភាព និងស្នាដៃ។ ​​យ៉ាងណាមិញ លោកថា​​អ្នកទស្សនា​​​​​​​​​​ចាប់​​ផ្ដើម​​ចេះបែងចែកជាងមុន ដោយ​​ផលិតកម្មដែល​ធ្វើរឿង​បាន​ល្អ នៅតែមាន​មនុស្ស​ណែនៗ ហើយបើរឿង​​ខ្វះ​ខាត​គឺ​មិន​​កើត​​​ដើរ​​និយាយតគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ