រដ្ឋាភិបាល​សម្រេច​ផ្តល់​កម្ចី​ដោយ​ទទួល​ស្រូវមក​បញ្ចាំ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ស្រូវធ្លាក់​ថ្លៃ

រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិន​ស្រូវ និង​អ្នក​នាំចេញ​ ដោយ​ទទួល​យក​ស្រូវ​ក្នុង​ឃ្លាំង​ជា​ទ្រព្យ​បញ្ចាំ​ដើម្បីទប់​ស្កាត់​ការ​ធ្លាក់​ថ្លៃ​ស្រូវ​របស់​កសិករ​។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី ១៨ កក្កដា ក្រសួង​ពាណិជ្ជកម្ម​​ឲ្យ​ដឹងថាបន្ទាប់ពី​ក្រសួងបាន​ចុះ​ស្រាវជ្រាវ​ និងប្រមូល​ព័ត៌មាននៅ​ក្នុង​ខេត្ត​បាត់​ដំបង កំពង់​ធំ កំពង់ចាម ព្រៃ​វែង និង​តាកែវ​រួច​មក រក​ឃើញ​ថាតម្លៃ​​ស្រូវ​អ៊ីអ៊ែរក្នុង​ខែ​កក្កដានេះ​ បាន​ធ្លាក់​ចុះ​១៥​ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ខែមិថុនា ដោយ​សារ​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើ​ឲ្យ​មាន​សំណើម​ខ្លាំង រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំចេញ​មាន​កង្វះខាត​ទុន​បង្វិលក្នុង​ការ​ទិញ​ស្រូវ​ស្តុកទុក និង​ការ​ធ្លាក់​ចុះ​ថ្លៃ​អង្ករ​អ៊ីអ៊ែរ​ក្នុង​ទី​ផ្សា​រ​អន្តរជាតិ​។ ​

ក្រសួង​ បាន​បន្ថែម​ថាដើម្បី​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃ​នេះ ​ធនាគារអភិវឌ្ឍន៍ជន​បទ​ បាន​សម្រេច​ពិនិត្យ​លទ្ធ​ភាព​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ជូន​ម្ចាស់​រោង​ម៉ាស៊ីនកិន​ស្រូវ និង​អ្នក​នាំចេញ​យក​ទៅ​ធ្វើ​ជា​ទុន​បង្វិលដើម្បី​ប្រមូល​ទិញ​ស្រូវអ៊ី​អ៊ែរ ដោយ​យក​ស្រូវ​នៅ​ក្នុង​ស្តុក​ជា​វត្ថុ​បញ្ចាំ។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្មលោក ស៊ាង ថៃ​ មាន​ប្រសាសន៍​ថា វិធាន​ការ​នេះ​ធ្លាប់​បាន​អនុវត្តន៍​ និង​មាន​ប្រសិទ្ធិ​ភាព​ម្តង​រួច​មក​ហើយ​កាលពី​ឆ្នាំ​ ២០១៦ ដើម្បីដោះ​ស្រាយ​បញ្ហា​តម្លៃ​ស្រូវចុះ​ថោក​របស់​ប្រជា​កសិករ។

យើង​សង្ឃឹម​ថា​វា​អាច​ទប់​បាន​ ដោយ​សារតែ​ប្រជា​ពល​រដ្ឋ​គាត់​ប្រមូល​ផល​​មក​គាត់​ប្រញាប់​លក់ ហើយ​អ្នក​ទិញ​ហ្នឹង​គឺ​គាត់​ខ្វះ​ទុនទិញ​ដល់​ពេលគាត់​មាន​ទុន​យក​មកទិញ​ទៅ​អាហ្នឹង​វា​អាច​ស្រោច​ស្រង់និន្នាការ​ដែល​វា​ចុះ​នោះ​ហើយ

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្មលោក ស៊ាង ថៃ​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះថ្ងៃ​១៨​ កក្ក​ដា ដូច​គ្នា​ធនា​គារ​អភិវឌ្ឍន៍​ជន​បទ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​បើ​ទោះ​បើ​ជា​មាន​ការ​ធ្លាក់​ចុះ​ក៏​ដោយក៏​តម្លៃ​ស្រូវ​​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រែ​ប្រួល​ជា​វិជ្ជមាន​ ដោយ​ថា​កសិករ​នៅ​តែ​អាច​ចំណេញ​បាន​ជា​មធ្យម​២លាន​រៀល​ក្នុង​​១ ​ហិក​តា​។

បើ​តាម​ធនា​គារ​អភិវឌ្ឍន៍​ជន​បទតម្លៃ​ស្រូវអ៊ីអ៊ែរ​បច្ចុប្បន្នមាន​តម្លៃ​៨០០រៀល​ក្នុងមួយ​គីឡូ។

អគ្គ​លេខាធិការ​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​លោក កៅ ថាច បាន​ឲ្យ​VOD ដឹងថា ធនាគារ​អភិវឌ្ឍន៍​ជន​បទ​មាន​ទុន​បង្វិល​ ជាង​៥០លាន​ដុល្លារដើម្បីជួយ​រក្សា​តម្លៃ​ស្រូវ​ដល់​កសិករ​។

គោល​ការ​ណ៍​របស់​យើង​គឺ​ចង់​រក្សា​យ៉ាង​ម៉េច​ឲ្យ​ពល​រដ្ឋ ជា​ពិសេស​កសិករ​គាត់​ដាំ​ដុះ​ទៅ​គាត់​នៅមានផល​ចំណេញ ភាគច្រើ​ន​​យើង​ចង់​ធ្វើ​ក្នុង​កម្រិត​តម្លៃ​មួយ​ដែល​កសិករ​ចំណេញ។ អត់​ចង់​ឲ្យ​កសិករ​ខាត​ទេ​ ហើយ​បើ​ពិនិត្យ​មើល​សេចក្តីប្រកាស​របស់​ធនាគារ​ឃើញ​ថា​កសិករ​នៅ​ចំណេញ​ច្រើន​តើ អត់​អី​ទេ 

អគ្គ​លេខាធិការ​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​លោក កៅ ថាច

កសិករ​ដាំ​ស្រូវ​នៅ​ក្នុង​ខេត្ត​តាកែវលោក កង ថា មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ជាង​២សប្តាហ៍​នេះ​តម្លៃ​ស្រូវបានធ្លាក់​ចុះ​ពី​មួយ​គីឡូ​​ជាង​៩០០រៀល​ មក​នៅ​សល់​ត្រឹម​តែ​ជាង​៧០០រៀល​ប៉ុណ្ណោះ​។ លោក​ស្នើ​រឲ្យ​រដ្ឋាភិបាល​រក្សា​តម្លៃ​ឲ្យ​បាន​លើ​៨០០រៀល​​ទើប​ប្រជា​កសិករ​អាច​ចំណេញ​បាន​ខ្លះ។

ត្រូវ​សង​ថ្លៃ​ទំនិញ​ចិន(អ្នក​លក់​)ដែល​យើង​ទិញ​មក ហើយ​ត្រូវសង​ និង​ខ្ចីពី​ធនា​គារ​មក​ប្រើ​ប្រាស់​បន្ត​ទៀត​ហើយ។ ការ​រីក​ចំរើន​ក្នុង​គ្រួសារ​វា​អាស្រ័យ​ទៅ​តាម​ហ្នឹង​ដែរ

កសិករ​ដាំ​ស្រូវ​នៅ​ក្នុង​ខេត្ត​តាកែវលោក កង ថា

អគ្គនាយក​ក្រុមហ៊ុន Amru Rice លោក សុង សារ៉ន មាន​ប្រសាសន៍​ថាការ​ចាប់​ប្រមូល​ទិញ​ស្រូវ​​នឹង​ចាប់​ផ្តើម​ចាប់​ពីខែ​នេះ​ទៅ ខណៈ​ដែល​លោក​រំពឹង​ថា​នៅ​ខែ​សីហា​ ដល់​ខែ​ធ្នូ​តម្លៃ​ស្រូវ​អាច​ហក់​ឡើង​វិញ​។ ចំពោះ​តម្លៃ​ស្រូវ​ចុះមក​នៅ​ប្រហែល​៨០០​រៀល​​​នេះ ​លោក​ថា​កសិករ​នៅ​តែ​អាចចំណេញ​បាន​​ ខណៈ​ក្រុម​ហ៊ុន​ក៏​ត្រូវ​ការ​រក្សា​អតិថិជន​របស់​ខ្លួន​ផង​ដែរ ។

យើង​ទទួល​ស្គាល់​ថា​ការ​ដាំ​ដុះ​គឺ​ត្រូវ​មានចំណូលមួយ​ល្អ​សម្រាប់​គាត់ ហើយ​ក្នុង​នាម​យើង​ជា​ក្រុម​ហ៊ុនក៏​យើង​ត្រូវ​គិត​ដល់​អ្នក​ហូប។ អ្នក​ហូបប្រសិន​ជា​គាត់​ទិញ​មួយ​ប៉ាវ២០​ដុល្លារ​ហើយ​ស្រាប់​តែ​ខែក្រោយឡើង​ដល់៤០​ដុល្លារក៏​យើង​ស្រែកដែរ​មិន​អញ្ចឹង។ ក្នុង​នាម​យើង​ជា​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​យើង​ចង់​ឲ្យ​អ្នក​ដាំ​ និង​អ្នក​ហូប​ហ្នឹង​ខិត​ជិត​គ្នា! ដោយ​គិត​ថា​ប្រាក់​ចំណេញ​ប៉ុណ្ណា​ដែលសម​ល្ម​ម​សមរម្យ​ អញ្ចឹង​ហើយ​បាន​ជាយើង​ខំប្រឹង​ពង្រឹង​តួនាទី​ហ្នឹង។ ហើយ​តម្លៃ​ស្រូវ​ប៉ុនហ្នឹង​គឺ​វា​មិន​ខាតទេតាមអ្នក​ជំនាញ​នៅ​ក្នុង​ក្រសួង​បញ្ជាក់ អញ្ចឹង​ទាំង​យើង​ទាំង​អ្នក​ហូប​ក៏​គេអាច​ទទួល​យក​បាន​ដែរ

អគ្គនាយក​ក្រុមហ៊ុន Amru Rice លោក សុង សារ៉ន

កាលពីខែកញ្ញា ឆ្នាំ២០១៦ ក្រុមកសិករនៅខេត្តបាត់ដំបងជាង ៥០០នាក់ បានចាក់​ស្រូវ​បិទ​ផ្លូវ​ជាតិ​លេខ៥ តវ៉ាទៅ​អាជ្ញាធរ​ឲ្យស្វែង​រក​ទីផ្សារសម្រាប់លក់ស្រូវ ទៅតាមតម្លៃដែលត្រូវបានកំណត់ដោយរដ្ឋាភិបាល។ ក្រោយ​ពី​មាន​ការ​តវ៉ា​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសថា រដ្ឋាភិបាលបានសម្រេចបញ្ចេញថ​វិកា​ចំនួន​២៧លាន​ដុល្លារអាមេរិក​ដែលបាន​មកពី​ប្រាក់​បម្រុង​​របស់រដ្ឋនិងហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍ជនបទដែលក្រសួងនេះថា ដើម្បីជួយជំរុញ​ស្ថិរ​ភាព​តម្លៃ​ស្រូវ និងជំរុញ​ការ​ទិញស្រូវក្នុងស្រុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ