សមាជិកសភាម៉ាឡេស៊ីស្នើរដ្ឋាភិបាលថ្មីបញ្ជាក់ជំហរផ្លូវការជុំវិញ​ការរំលាយគណបក្ស​សង្រ្គោះជាតិ​

ការព្រួយបារម្ភអំពីការបោះឆ្នោតនៅកម្ពុជាបានលើកឡើងនៅក្នុងសភាម៉ាឡេស៊ី (រូបភាព៖ aseanmp.org)

សមាជិកសភាម៉ាឡេស៊ីមួយរូបបានស្នើរដ្ឋាភិបាលទើបឡើងកាន់អំណាចថ្មីរបស់ខ្លួន​ បង្ហាញជំហរឲ្យបាន​ច្បាស់ទាក់​ទង​នឹង​ការរំលាយគណបក្សសង្រ្គោះជាតិ និង បញ្ហាមួយចំនួនទៀត​ពាក់ព័ន្ធ​នឹងដំណើរការលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​។

យោងតាមលិខិតផ្ញើជូនទៅក្រសួងការបរទេសម៉ាឡេស៊ី កាលពីថ្ងៃម្សិលមិញ សមាជិកសភាមកពីគណបក្សយុត្ដិធម៌ពលរដ្ឋ លោក Wong Chen បានសួរដេញដោលពីគោលជំហររបស់រដ្ឋាភិបាលលោក ម៉ាហាធៀ ម៉ូហាម៉ាត់ ជុំវិញការអនុវត្ត​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចជា​  ការបង្ក្រាបលើអ្នកនយោបាយគណបក្សប្រឆាំង ការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការហាមឃាត់មន្ដ្រីបក្សប្រឆាំង ១១៨រូប ​មិនឲ្យធ្វើនយោបាយជាដើម​។

លោក Wong Chen បន្ដថា រដ្ឋាភិបាលកម្ពុជាកំពុងទទួលរងឥទ្ធិពលបរទេស ដែលធ្វើឲ្យរដ្ឋាភិបាលមួយនេះ អាចគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។

បើទោះបីនៅក្នុងធម្មនុញ្ញអាស៊ាន មានគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសណាមួយក៏ដោយ  ប៉ុន្ដែ លោក Wong Chen លើកឡើងថា គោលការណ៍នេះ មិនអាចហាមឃាត់ប្រទេសជាសមាជិក ឲ្យជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យល្អប្រសើរ​ក្នុងតំបន់នោះទេ។

តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានចូលរួមគាំទ្រការលើកឡើងរបស់សមាជិកសភា លោក Wong Chen និងថា ការបោះឆ្នោតនៅកម្ពុជា នឹងគ្មានការទទួលស្គាល់ឡើយ បើគ្មានអតីតគណបក្សសង្គ្រោះជាតិចូលរួមនោះ។

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ប្រតិកម្មនឹងសមាជិកសភាម៉ាឡេស៊ីរូបនេះ ដោយថា សមាជិក​សភារូបនេះបានរំលោភនឹងគោលការណ៍ក្នុងធម្មនុញ្ញរបស់អាស៊ាន ដែលហាមមិនឲ្យជ្រៀតជ្រែកផ្ទៃក្នុងប្រទេសណាមួយ។

សួរថា កម្ពុជាហ្នឹងមានមាតុភូមិរបស់គាត់ឯណា ហើយគាត់មកធ្វើការដើម្បីផលប្រយោជន៍របស់គាត់នោះ? ខ្ញុំយល់ថា វាមានតែម្នាក់ ២នាក់ប៉ុណ្ណឹងទេ ដែលយល់ភ្លើមិនដឹងច្បាប់ មិនដឹងធម្មនុញ្ញអាស៊ានគេចែងថាម៉េច មកធ្វើរំលោភទៅលើឯករាជ្យ អធិបតេយ្យភាពរបស់ប្រទេសផ្សេងៗ របស់ប្រទេសជាសមាជិក វាអត់យល់ […] អត់មានសិទ្ធិទេ ជំរុញក៏អត់មាន និយាយរួម គ្មានសិទ្ធិទាំងអស់

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ថា បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា បានធ្វើឲ្យបណ្ដាប្រទេសលើពិភពលោក និងក្នុងតំបន់អាស៊ាន មានការចាប់អារម្មណ៍ខ្លាំង ខណៈ ប្រទេសខ្លះ ក៏បានបង្ហាញក្ដីកង្វល់របស់ពួកគេផងដែរ។

ខ្ញុំជឿជាក់ប្រទេស ៩ប្រទេស ដែលជាមិត្តនឹងកម្ពុជាហ្នឹង គេក៏បានឃ្លាំមើលកម្ពុជាយ៉ាងដិតដល់ គេចាំមើល    បម្រែបម្រួលថាតើ ប្រទេសកម្ពុជានឹងមានការរីកចម្រើនទាក់ទងនឹងប្រជាធិបតេយ្យ ឬមួយក៏ដើរថយក្រោយ។ សូម្បីតែប្រទេសកុម្មុយនីស្ដឡាវ វៀតណាម ឬថៃ ក៏គេតាមដានយើងយ៉ាងជិតស្និទដែរ

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ

កម្ពុជានឹងរៀបចំការបោះឆ្នោតអាណត្តិទី៦ របស់ខ្លួន នៅថ្ងៃទី២៩កក្កដាខាងមុខ ខណៈ មានគណបក្សចំនួន២០ នឹងចូលរួមប្រកួតប្រជែង។ ប៉ុន្ដែ ការបោះឆ្នោតនេះ ត្រូវបានប្រទេសលោកសេរីមួយចំនួន ព្រមានមិនទទួលស្គាល់ បន្ទាប់ពីអតីតបក្សប្រឆាំងដ៏ធំមួយ ត្រូវបានតុលាការកំពូលរំលាយចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ