អ្នក​មាន​ជម្លោះដីធ្លី​ជាង១០០គ្រួសារនៅព្រះវិហារទទួលបាន​ដំណោះស្រាយ បន្ទាប់ពីតវ៉ាជិត១០ឆ្នាំ

ពលរដ្ឋ១១២គ្រួសារ ទទួលបានដំណោះស្រាយបញ្ហាដីធ្លី នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (រូបភាព៖ FN)

ប្រជាពលរដ្ឋ១១២គ្រួសារនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារត្រូវបានអាជ្ញាធរដោះស្រាយបញ្ចប់វិវាទដីធ្លី ក្រោយពីពលរដ្ឋទាំងនោះបាននាំគ្នាតវ៉ារកដំណោះស្រាយអស់រយៈពេល​ជិត១០ឆ្នាំ។

ក្នុងលិខិតថ្លែងអំណរគុណមួយចុះថ្ងៃទី១២ ខែកក្តដា ផ្ញើជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តំណាងរបស់ប្រជាពលរដ្ឋទាំង១១២គ្រួសារបាន​សាទរចំពោះដំណោះស្រាយដែល​អ្នកភូមិទទួលបាន​​ដី​ទៅរស់នៅ​​ ភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ដើម្បីបញ្ចប់ការតវ៉ាពីដីតំបន់ស្វាយជ្រុំ។

តំណាងពលរដ្ឋម្នាក់អ្នកស្រី សាត ញ៉េប មានប្រសាសន៍បន្ថែមលើលិខិតថា ក្រុមអ្នកភូមិទទួលបានក្បាលដីរួមរួចហើយ ប៉ុន្តែមិនទាន់បានប័ណ្ណកម្មសិទ្ធិសម្រាប់ពលរដ្ឋ១គ្រួសារៗនៅឡើយទេ។

អ្នកស្រីបន្តថា ក្រុមពលរដ្ឋក៏មានការព្រួយបារម្ភដែរ បើទោះបីជាពួកគាត់ទទួលបានក្បាលដីរួម ដោយខ្លាចថា​អាជ្ញាធរកែប្រែពាក្យសម្តីក្រោយបោះឆ្នោតរួច។

ពួកយើងទទួលបានក្បាលដីសរុបរួម។ ប៉ុន្តែមិនទាន់ទទួលបានក្បាល់ដីអង្កន់ជាឡូទេ ដោយសារខាងអភិបាល ខេត្តហ្នឹង គាត់ថា ចាំឲ្យខាងស៊ីម៉ាក់គេសិក្សាសិន។ បើសិនជាដីហ្នឹងអត់មានម៉ីន គេនឹងឲ្យអាអ៊ិចឈួសផ្លូវហើយអង្កន់ជាឡូឲ្យយើងហើយ។ ប៉ុន្តែគ្រាន់តែគិតថា ប្រសិនបើចៅហ្វាយ​ខេត្តគាត់ហ៊ានកែប្រែក្រោយបោះឆ្នោតហើយពួកយើងនឹងគិតទៅទៀត

តំណាងពលរដ្ឋម្នាក់អ្នកស្រី សាត ញ៉េប

វិអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានទេ ដោយលោកថារវល់ប្រជុំ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតលោក អំ សំអាត បានសាទរចំពោះពលរដ្ឋដែលទទួលបានដំណោះស្រាយនេះ ប៉ុន្តែលោកស្នើទៅរដ្ឋាភិបាលត្រូវដោះស្រាយករណីនេះឲ្យបាន​ប្រាកដប្រជា និងត្រូវដោះស្រាយបញ្ចប់រាល់បញ្ហាវិវាទដីធ្លី ដែលនៅសេសសល់ផ្សេងៗទៀតដើម្បីកុំឲ្យពលរដ្ឋឡើងមកតវ៉ាដល់ថ្នាក់ជាតិ។

កាលណាតែដោះស្រាយមិនចប់ ហើយពលរដ្ឋឡើងតវ៉ាបន្ត វាប៉ះពាល់ច្រើនណាស់។ ទី១ជីវភាពរបស់ពលរដ្ឋ។ បញ្ហាទី២ វាធ្វើឲ្យមានបាតុភាពនៃការកើតឡើង ដោយសារតវ៉ាវាធ្វើប៉ះពាល់ដល់មុខមាត់អាជ្ញាធរ ប៉ះពាល់រដ្ឋាភិបាលដែរ។  ហើយបញ្ហាទី៣សំខាន់ បើមានការតវ៉ាច្រើន វាច្បាស់ជាមានការលាបពណ៌ដាក់គ្នា ដែលជះឥទ្ធិពលមិនល្អសម្រាប់យើង ព្រោះអ្វីៗទាំងអស់ទាំងសង្គមស៊ីវិល ទាំងរដ្ឋាភិបាល និងពលរដ្ឋ អ្វីដែលចង់បានគឺដំណោះស្រាយមួយសមរម្យយុត្តិធម៌ដែលអាចទទួលយកបាន

ប្រធានគ្រប់គ្រងផ្នែកអង្កេតលោក អំ សំអាត

កាលពី​ឆ្នាំ២០១១អាជ្ញាធរខេត្តព្រះវិហារបានដាក់កម្លាំងចុះរុះរើផ្ទះ វត្តអារាម និងផលដំណាំរបស់ពលរដ្ឋរាប់រយគ្រួសារនៅតំបន់ស្វាយជ្រំុ ស្រុកជាំក្សា​ន្ត ដោយអះអាងថា ដីនោះ​ជាតំបន់អភិរក្ស។​ ពលរដ្ឋទាំងនោះ​ បាន​នាំគ្នាឡើងមករកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋកំពូលៗនៅភ្នំពេញជាបន្តបន្ទាប់ រហូតដល់ពេលខ្លះមាន​ការបង្រ្កាបពីអាជ្ញាធរទៀតផង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ