រដ្ឋមន្រ្តីម្នាក់​​ថា​កម្ពុជាទំនើបជាងប្រទេសជិតខាងខ្លះ​​ ព្រោះអ្នកជិះយន្តហោះអាចចុះឈ្មោះ​នៅស្ថានីយ៍រថភ្លើងបាន

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ​លោក ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅ (លី បេទ្បា)

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាលម្នាក់​លើកឡើង​ថា អ្នកដំណើរដែលត្រូវ​ជិះ​​យន្តហោះអាចមកយកសំបុត្រយន្តហោះនិងចុះឈ្មោះ(Check-in)​នៅស្ថានីយរថភ្លើងភ្នំពេញ​បាន ដែល​នេះ​បង្ហាញ​ថាកម្ពជា​​ទំនើបជាងប្រទេសជិតខាង​ខ្លះទៀត​ផង។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងបែបនេះ ក្នុងពេល​ដែល​លោកនាំប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាល ៦០០នាក់ មកជិះរថភ្លើងកំសាន្តពីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំងនា​ព្រឹកថ្ងៃនេះ។

ភ្ញៀវមិនបាច់ភ័យបារម្ភ បន្តកន្ទុយនៅព្រលានយន្តហោះទេ! មកកន្លែងនេះភ្លាមយកសំបុត្រខ្លួនឯងតែម្តង ទំនើបណាស់ណា! ដូចប្រទេសគេក្នុងពិភពលោកអញ្ចឹង គេមិនបាច់ចាំទៅបន្តកន្ទុយគ្នានៅព្រលានយន្តហោះទេ ទៅស្ថានីយ៍រថភ្លើងគេអាចយកសំបុត្រឡើងយន្តហោះបានតែម្តង។ អញ្ចឹងប្រទេសយើងទំនើបណាស់ណា! មិនចាញ់ប្រទេសជិតខាងទេ មែនទែនយើងលូតលាស់ជាងគេផង ប្រទេសខ្លះមិនទាន់មានរថភ្លើងតភ្ជាប់ពីទីក្រុងទៅព្រលានយន្តហោះនៅឡើយទេ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា​ ពន្យល់បន្ថែមថា សេវា Check-in ​ស្ថានីយ៍​រាជាយ​ស្ម័យ​យានរាជធានីភ្នំពេញគឺអាច​ឲ្យអ្នកដំណើរអាចរើសកន្លែងអង្គុយនៅលើយន្តហោះបាន ប៉ុន្តែត្រូវត្រួតពិនិត្យឥវ៉ាន់ជាមួយគយនៅព្រលានយន្តហោះ។

សម្រាប់អ្នកណាដែលអត់ គាត់មានឥវ៉ាន់ គាត់មានតែវ៉ាលីសមួយយួរដៃ គាត់អាច Checkពីហ្នឹងទៅឡើងទៅតែម្តង! បើមានឥវ៉ាន់ ថ្លឹងឥវ៉ាន់ឲ្យហើយ គ្រាន់តែយើងបញ្ចូលព័ត៌មានទៅក្នុងប្រព័ន្ធរបស់គេ ទៅដល់ណោះ(ព្រលាន្ត) យើងដាក់ទៅ Check គយតែម្តង។ គេបិទតែស្ទីគេ (Sticker) ឥវ៉ាន់ឲ្យទៅគេរុញចូលក្នុងហើយ អាហ្នឹងត្រូវឆ្លងគយ!

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា​ 

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា ការយកសំបុត្រ ឬ Check-in នៅទីណាមិនសំខាន់ទេ សំខាន់គឺការត្រួតពិនិត្យ និងថា ខ្សែរថភ្លើងនេះបង្កការងាយស្រួលបន្ថែមដល់អ្នកធ្វើដំណើរ។

អញ្ចឹងចម្ងាយនេះបើយើងមើលទៅជិះម៉ូតូឌុបក៏ទៅដល់ ជិះរថភ្លើងក៏ទៅដល់។ សម្រាប់ខ្ញុំវាអត់មានអីចម្លែកប៉ុន្មានដែរទេ! ប៉ុន្តែគ្រាន់តែវាថាបង្កភាពងាយស្រួលបន្ថែមដែរដល់អ្នកធ្វើដំណើរ ចេញពីរថភ្លើងទៅដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅពោធិចិនតុងហ្នឹង!

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ

កំណាត់​ផ្លូវ​រថភ្លើងភ្នំពេញព្រលានយន្ត​ថ្មី​នេះ ​មាន​ប្រវែង​ជាង៩គីឡូ​ម៉ែត្រ ដែលបានដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន ​កាលពី​ខែ​មេសាកន្លងមក​។

គួរបញ្ជាក់ដែរថា កំណាត់ផ្លូវដែកភាគខាងជើង ពីភ្នំពេញទៅប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។ កំណាត់ផ្លូវដែកនេះ ត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញទាំងស្រុងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ ៩៦,៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង ៨៣,៦លានដុល្លារ ទៀតជាថវិការដ្ឋាភិបាល៕

ការដាក់អោយដំណើរការស្ថានីយ៍រថភ្លើង (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ