ជំនន់ទឹក​ភ្លៀងនៅតែបន្តវាយ​លុក​ខេត្ត​ចំនួន​៥ ដែលក្នុងនោះខេត្តចំនួន៣កម្ពស់ទឹក​​នៅតែបន្ត​ហក់ឡើង​ខ្លាំង​

ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងអាងទឹកត្នោតទេរ ស្ថិតក្នុងស្រុកសំរោង និងអាងទឹកខ្ពបត្របែក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃទី ១៩ កក្កដា ២០១៨

គណៈកម្មាធិការជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅតែបន្តវាយលុក​​លើខេត្តចំនួន៥​  ខណៈដែល  កម្ពុជាកំពុងរងឥទ្ធិពលព្យុះត្រូពិកដែលបណ្តាលឲ្យមានខ្យល់និងភ្ញៀង​ធ្លាក់ខ្លាំង។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក​ កែវ វី ប្រាប់វីអូឌីនៅថ្ងៃនេះថា គិតត្រឹមថ្ងៃព្រហ្បស្បតិ៍ ខេត្ត​ចំនួន  5 កំពុងទទួលរងគ្រោះដោយសារ ទឹកជំនន់រយៈពេលប៉ុន្មានថ្ងៃនេះ មានដូចជា ខេត្តកោះកុង បាត់ដំបង កំពត ព្រះសីហនុ និងខេត្ដកំពង់ស្ពឺ   ខណៈដែលខេត្តកោះកុង កំពត និងកំពង់ស្ពឺ ទឹកជំនន់កំពុងកើនឡើងខ្លាំងជាងគេ​ ។

ឥឡូវនេះ វានៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពតនៅមានបញ្ហានៅឡើយ ហើយនៅក្នុងនោះប្រជាពលរដ្ឋត្រូវបានជម្លៀសចេញ និងមិនអាចទៅណា មាន ១០៧៩ គ្រួសារ

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក​ កែវ វី

លោកបន្តថា  ក្នុងចំណោម ខេត្តទាំង ៥ នេះ  ប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងអស់  ៣៨២០ គ្រួសារ ប៉ះពាល់ដំណាំស្រូវ ២៩៤១ ហិកតា ដោយខូចខាត ៥២ ហិកតា និងលិចស្ពាន ចំនួន ៥។ លោកបន្ត​ថាពេលនេះ អាជ្ញាធរកំពុងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទាំងនោះ។​

ពាក់ព័ន្ធរឿងនេះ វិអូឌីមិនទាន់ទាកទង់អភិបាលខេត្តកោះកុងលោកស្រី មិថុនា ភូថង បាននៅឡើយទេ ។

តាម​របាយការណ៍របស់​គណៈកម្មាធិការជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយផ្ញើជូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន គិតត្រឹម​ថ្ងៃទី១៩ខែកក្កដានេះ ទឹកជំនន់ទឹកភ្លៀងប៉ះពាល់​ស្រុកចំនួន៤នៃខេត្ត​កោះកុងដែល​បណ្ដាល​ឲ្យពលរដ្ឋ​ពលរដ្ឋចំនួន​៥៥១ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។​

ដោយឡែក អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់វីអូឌីនៅថ្ងៃនេះថា  រហូតមកដល់ពេលនេះ ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ២ គឺ ស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ ដែល​ក្នុងនោះស្រុកភ្នំស្រួចប៉ះពាល់​ប្រជាពលរដ្ឋ ២៣០ គ្រួសារ ដំណាំស្រូវ ១១៥៧ ហិកតា។  ចំណែក​ស្រុកបសេដ្ឋពុំទាន់មាន​របាយការណ៍ផល​ប៉ះពាល់​នៅឡើយទេ។​

កន្លែងដែលប៉ះពាល់មានតែពីរ ស្រុកទេ ស្រុកភ្នំស្រួច ហើយទើបយប់មិញប៉ះពាល់នៅស្រុកបសេដ្ឋ។ ស្រុកភ្នំស្រួចប៉ះពាល់ ៦ ទៅ៦ឃុំដែរ  ហើយប៉ះពាល់ដែលរៀងធ្ងន់ធ្ងរអាចនិយាយថា ៣ឃុំ អាហ្នឹងយើងមើលឃើញជាក់ស្ដែងអាហ្នឹងយើងស្រង់មិនទាន់អស់ទេ។ ដោយឡែកស្រុកបសេដ្ឋប៉ះពាល់តែមួយ ឃុំទេ គឺឃុំបសេដ្ឋ ប៉ុន្តែទើបប៉ះពាល់ព្រឹកមិញទេ ដោយ សារ ភ្លៀងច្រើនទៅទំនប់​សប្បុរសជន គាត់ធ្វើហ្នឹង ឥឡូវបាក់ទំនប់​ហ្នឹង ហើយវាទៅគ្របទៅលើស្រូវបងប្អូនប្រជាពលរដ្ឋនៅក្រោមទំនុបប្រហែលជា ៥ ទៅ ៦ ហិកតា

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង

ចំណែក អភិបាលខេត្តកំពតលោក ជាវ តាយ  ប្រាប់វីអូឌីនៅថ្ងៃនេះដែរថា ទឹកជំនន់បានជន់លិចផ្ទះប្រជាពលរដ្ឋ ២ ស្រុកដែល​ក្នុងនោះ​មាន ស្រុកទឹកឈូ ត្រូវបានទឹកជន់លិចផ្ទះ៦០០​ ខ្នង និងស្រុកឈូក ១១២ គ្រួសារ និងផលដំណាំមួយចំនួនប៉ុន្តែមិនទាន់ដឹងថាប៉ះពាល់អស់ប៉ុន្មានហិកតានៅឡើយ។

នៅតំបន់នឹងភាគច្រើនធ្វើចម្ការ។ ឥឡូវហ្នឹង ផ្នែកគ្រោះមហន្តរាយកំពុងធ្វើស្ថិតិ យើងមិនចង់ស្មាន ចេះតែយក  ស្ថិតិដែលមិនច្បាស់លាស់ ។ អញ្ចឹងពេលណាលិចអញ្ចឹង ការប្រមូលព័ត៌មានវាយឺតបន្តិច

អភិបាលខេត្តកំពតលោក ជាវ តាយ

ក្រសួងធនធានទឹក និង​​​ ឧតុនិយម​ កាលពីម្សិញ​នេះ បាន​​​ចេញសេចក្តីជូនដំណឹងថា ប្រទេសកម្ពុជានឹងរង ឥទ្ធិពលព្យុះទី ៩ ឈ្មោះថា ព្យុះ សុនទីញ (SON-TINH) ​ចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៨​​​នេះ ហើយបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសអ្នកនេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបជាប់ផ្លូវទឹកនានាផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ