កម្ពុជានាំចូលអំបិលពីចិន៣ម៉ឺនតោនសំរាប់ប្រើប្រាស់​​​ក្នុងឆ្នាំ២០១៨

កសិករប្រមូលអំបិល (រូបភាព៖ បណ្ដាញសង្គម)

ប្រទេសកម្ពុជាបានសម្រេចនាំអំបិលចូលពីប្រទេសចិនចំនួន ៣ម៉ឺនតោនក្នុងឆ្នាំ២០១៨នេះ សំរាប់បំពេញតម្រូវការរបស់ប្រជាជនក្នុងស្រុក ដោយសារភ្លៀងធ្លាក់ខ្លំាងដែលធ្វើឲ្យកសិករមិនអាចផលិតអំបិលបាន។

ប្រធានសមាគមផលិតអំបិលប្រចាំខេត្តកែបនិងកំពត លោក ប៊ុន បារាំង បានប្រាប់វីអូឌីឲ្យ​ដឹងថា កាលពីថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០១៨ សមាគមរបស់លោក និង អភិលបាលខេត្តកំពត លោក ជាវ តាយ បានបើកកិច្ចប្រជុំដើម្បី​​​ពិភាក្សាអំពីកង្វះអំបិល សំរាប់ផ្គត់ផ្គង់ក្នុងស្រុក។ កិច្ចប្រជុំបានសម្រេចនាំអំបិលចូល ៣ម៉ឺនតោន​​​ ពីប្រទេសចិន សំរាប់ចែកចាយលើទីផ្សារ។

លោក បារាំង បាននិយាយថា អំបិលនឹងនាំចូលដល់ប្រទេសកម្ពុជា ក្នុងខែ តុលា ឆ្នាំ២០១៨ ស្របពេលដែលអំបិលកម្ពុជាអស់ពីស្តុក។ តម្លៃអំបិលនឹងថ្លៃជាងអំបិលដែលផលិតក្នុងប្រទេសកម្ពុជា ដោយឡើងពី៣៥០រៀលក្នុង១គីឡូក្រាម ទៅ​​​​​​​​​ ៥០០រៀលក្នុងមួយគីឡូក្រាម ព្រោះត្រូវចំណាយទៅលើសេវាការដឹកជញ្ជូនពីប្រទេសចិន។

ក្នុងមួយឆ្នាំៗប្រទេសកម្ពុជាត្រូវការអំបិលប្រមាណ ១០ម៉ឺនតោនសំរាប់បំពេញតម្រូវការក្នុងស្រុក ប៉ុន្តែក្នុងឆ្នាំ២០១៧​​​ ផលិតបានត្រឹមតែ ៣ម៉ឺន ៣ពាន់តោនប៉ុណ្ណោះ ហើយក្នុងឆ្នាំ២០១៨ពុំបានផលិតនោះទេ។

ដោយមានភ្លៀងធ្លាក់ច្រើន។ កម្ពុជាមានកសិដ្ឋានផលិតអំបិល៧កន្លែង ក្នុងខេត្តកែបនិងកំពត ដោយមានផ្ទៃដី​សរុបចំនួន ៤៦០០ ហិចតា ក្នុងនោះមានក្រុមផលិតករចំនួន ២០០នាក់។

កាលពីឆ្នាំ២០០៨ ប្រទេសកម្ពុជាបានជួបបញ្ហាកង្វះអំបិលប្រើប្រាស់ម្តងរួចហើយ ដោយសារមាន​​​ភ្លៀងធ្លាក់​​​ច្រើន​​​ ហើយបានទិញអំបិល ៣ម៉ឺនតោនមកពីប្រទេសចិន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ