អង្គការ​អន្តរជាតិមួយ​​ ចាត់​ថ្នាក់​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​ខ្ពស់បំផុតដែល​មាន​​ទាសករ​សម័យ​ទំនើប​

​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៨ ចេញ​ផ្សាយ​កាលពី​ម្សិល​មិញ អង្គការ​ឃ្លាំ​មើលទាស​ភាព​ពិភព​លោកឈ្មោះ​ថា​​ Walk Free Foundation ដែល​មាន​មូលដ្ឋាន​នៅអូស្ត្រាលី

អង្គការឃាំ្លមើលទាសភាពលើពិភពលោកបាន​ចាត់​ថ្នាក់​កម្ពុជា​ ជាប្រទេស​​មួយក្នុង​ចំណោម​​ប្រទេស​៩​ទៀត​ ​ដែលមាន​​ពល​​រដ្ឋ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក ដែលក្នុង​នោះ​​ប្រជា​ជន​ខ្មែរ​ជាង​២៦​ម៉ឺន​នាក់​បាន​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​នេះ។

ប្រទេស​ទាំង​១០​នោះរួមមានប្រទេស កូរ៉េខាងជើង ប្រុយណេ សាធារណរដ្ឋអាហ្រ្វិកកណ្តាល អាហ្កានីស្ថាន មូរីតាន់នៀ (Mauritania) ស៊ូដង់ខាងត្បូង ប៉ាគីស្ថាន កម្ពុជា និងអ៊ីរ៉ង់។

ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៨ ចេញ​ផ្សាយ​កាលពី​ម្សិល​មិញ អង្គការ​ឃ្លាំ​មើលទាស​ភាព​ពិភព​លោកឈ្មោះ​ថា​​ Walk Free Foundation ដែល​មាន​មូលដ្ឋាន​នៅអូស្ត្រាលី​​បាន​រក​ឃើញ​ថា បុរស ស្ត្រី និង​កុមារ នៅ​កម្ពុជា​នៅ​តែបន្ត​​រង​គ្រោះ​ពី​ការ​ធ្វើ​អាជីវកម្ម​ក្នុង​ទម្រង់​ទាសករ​សម័យ​ទំនើប។ ការ​ធ្វើ​អាជីវកម្ម​​គឺ​រាប់​ចាប់​ពី​ការ​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ការ បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល និង​ការ​បង្ខំឲ្យ​រៀប​ការ​។

អង្គការ​នេះ​បន្តថា ខណៈពេល​ដែល​ការ​រីក​រាល​ដាល​នៃការ​កេង​ប្រវ័ញ្ច​ផ្លូវភេទ និងការសុំទាន​នៅក្នុង​ប្រទេស​នោះ​​ លទ្ធផល​ការ​ស្រាវ​ជ្រាវ​​ថ្នា​ក់​​ជាតិ​មួយក៏​​បាន​បង្ហាញ​ថាកម្ពុជា​មាន​​ការ​បង្ខំ​ធ្វើ​ការ​ក្នុង​វិស័យឧស្សា​ហកម្ម​​ ស្រែ​ចម្ការ សំណង់ និង​ការ​ងារ​ក្នុង​ផ្ទះផងដែរ​​។

អង្គការ​នោះ​រក​ឃើញ​ផង​ដែរ​ថា​ ប្រជា​ជន​កម្ពុជា​១៧​នាក់​ក្នុង​ចំណោម​១ពាន់​នាក់​បាន​ធ្លាក់​ខ្លួន​ជា​ទាសករ​សម័យ​ទំនើប ដែលក្នុង​ចំណោម​ប្រជា​ជនសរុប​ជាង​១៥លាននាក់​នោះ​ប្រជា​ជន​ខ្មែរ​ប្រមាណ​ ២៦១ ០០០ នាក់​ត្រូវធ្លាក់​ក្នុង​ស្ថាន​ភាព​ទាសភាព​សម័យ​ទំនើបនេះ។

អង្គការ​នេះ​បញ្ជាក់ ថា​បញ្ហា​ទាំង​នេះ​គឺ​បណ្តាល​មក​ពី​វិធានការ​ដ៏​យីត​យ៉ាវ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ ។ គួរបញ្ជាក់ថា​របាយ​ការណ៍​នេះ​​ធ្វើ​ការ​ស្រាវជ្រាវ​ទៅលើ​ប្រទេ​ស១៦៧​ក្នុង​ពិភព​លោក។

អនុប្រធាន​អចិន្ត្រៃ​យ៍​នៃ​គណកម្មាធិការ​ជាតិប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​លោក​ស្រី​ ជូ ប៊ុនអេង មាន​ប្រសាសន៍​ថាការ​វាយ​តម្លៃ​នេះ​ជា​ការ​វាយ​តម្លៃ​ដែល​លំ​អៀង អយុត្តិ​ធម៌​ និង​មិន​អាច​ទទួល​យក​បាន ព្រោះ​​របាយការណ៍​នេះ​គឺ​គ្មាន​ការ​វាយ​តម្លៃ​គ្រប់​គ្រាន់ និង​ច្បាស់​លាស់​ណា​មួយ​នោះ​ទេ។

ខ្ញុំ​មិន​ដឹង​ថា​គាត់​មើល​យ៉ាង​មិច​ថា​យើង​វា​ខ្លាំង​ក្លា​ដល់​ថ្នាក់​ហ្នឹង! លក្ខខណ្ឌ​នៃ​ការ​វាយ​តម្លៃរបស់​គាត់​ហ្នឹង​ផ្អែក​លើ​ស្អី​ខ្លះ? យ៉ាង​ពិបាក​ណា​ស់ព្រោះ​ថា(របាយការណ៍) ចេញ​ដោយ​តាម​គាត់​នឹកឃើញ។ យើង​ចង់​ជជែក​គ្នា​ដែរ​តែ​មិន​ដឹង​ជា​គាត់​វាយតម្លៃ​យ៉ាង​ម៉េច​ ផ្សព្វផ្សាយយ៉ាង​ម៉េច​ ស្រេច​តែ​គាត់​ថា​ដល់​អញ្ចឹង​យើង​អត់​មាន​អី​និយាយ​ទេ​

អនុប្រធាន​អចិន្ត្រៃ​យ៍​នៃ​គណកម្មាធិការ​ជាតិប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​លោក​ស្រី​ ជូ ប៊ុនអេង

មន្ត្រីជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​លោក ស៊ឹង សែន​ករុណា ទទួល​ស្គាល់​ថា​ពល​រដ្ឋ​កម្ពុជា​មួយ​ចំនួន​ពិតជា​រង​គ្រោះ​​ពី​ទម្រង់​នៃ​ទាស​ភាព​សម័យ​ទំនើប​នេះ​មែន​ តែ​មិន​អាក្រក់​ដូច​ការ​វាយ​តម្លៃ​របស់​អង្គការអន្តរជាតិ​​នេះ​​នោះ​​ទេ។

ក្នុង​ចំណោម​ជាង​១០០ប្រទេស​ហើយ​ប្រទេស​ផ្សេង​ៗ​ដែល​មាន​ពល​រដ្ឋ​មាន​ចំនួន​ច្រើ​ន​ហើយ​ប្រទេស​យើង​មាន​ចំនួន​តិច​ហើយមាន​ពល​រដ្ឋ​គាត់​ចំណាក​ស្រុកទៅ​ក្រៅប្រទេស​ច្រើន​ដើម្បី​លក់​កម្លាំង​ពល​កម្មដែល​វា​ស្រប​ទៅ​នឹងលក្ខខណ្ឌដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ហ្នឹង។ ​ហើយគាត់​ដាក់​តម្លៃ​យើង​ក្នុង​ប្រទេស​ទាំង​១០​ដែល​មានកម្រិត​នៃ​ទាស​ភាព​ហ្នឹង​ខ្ពស់​ជា​ង​គេ​ខ្ញុំ​គិត​ថា​(របាយការណ៍​នេះ)មិន​ឆ្លើយ​តប​ទេ

មន្ត្រីជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​លោក ស៊ឹង សែន​ករុណា

ទោះ​ជាយ៉ាង​ណា​ក្នុង​របាយការណ៍របស់អង្គការឃាំ្លមើលទាសភាពពិភពលោកនោះ បាន​ជំរុញ​ទៅ​កាន់ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​​ធំៗ​ទាំង​២០​ឲ្យ​មាន​វិធាន​ការ​លើ​ករណីនេះ។

ក្នុង​របាយការណ៍​ចុង​ឆ្នាំ២០១៧ អង្គការសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ​បានចេញផ្សាយរបាយការណ៍​ខ្លួនថា​បញ្ហា​ទាសភាព ឬការបញ្ចាំ​ខ្លួនដើម្បីដោះបំណុលនៅកម្ពុជាមកដល់សម័យបច្ចុប្បន្នគឺនៅតែកើតមាននៅឡើយ បើទោះ​បីមាន​ច្បាប់​ដើម្បីដាក់ទោសទណ្ឌក៏ដោយ។ ទោះ​ជា​យ៉ាង​ណា​កាល​នោះ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​អង្គការ​នេះ​ដាក់​របាយការណ៍ និង​ធ្វើ​ការ​សហការ​ជា​មួយ​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ