ប្រធានអង្គរក្សលោក ម៉ា ក្រុន ប្រឈមជាប់ទោសករណីវាយបាតុករ

អតីតប្រធានអង្គរក្សរបស់លោក អ៊ីម៉ានូអែល ម៉ាក្រុន (រូបភាព៖ www.telegraph.co.uk)

កាលពីថ្ងៃទី១ខែឧសភាកន្លងទៅមានអ្នកតវ៉ាមួយក្រុម​មានគ្នា១០០នាក់បានប្រមូលផ្តុំនៅកន្លែងល្បីឈ្មោះមួយសម្រាប់អ្នកទេសចរក្នុងទីក្រុងបារីស។ ទីតាំងនោះមានឈ្មោះ De La Contrescarpe។​

ក្នុងពេលតវ៉ានោះមានហិង្សាផ្ទុះឡើងហើយសមត្ថកិច្ចបង្ក្រាបកុប្បកម្មបណ្តាលឲ្យអ្នកតវ៉ាមួយចំនួនរងរបួសធ្ងន់។

ការតវ៉ានៅ De La Contrescarpe កាលពីខែឧសភា ២០១៨ (រូបភាព៖ BBC)

ក្រោយមកសិស្សសាលាម្នាក់អាយុ២១ឆ្នាំឈ្មោះ Taha Bouhafs បានថតវីឌីអូ នៅកន្លែងកើតហេតុហើយដាក់បង្ហោះលើបណ្តាញទំនាក់ទំនងសង្គម។ វីឌីអូនោះបង្ហាញរូបភាពបុរសម្នាក់ពាក់មួកនគរបាល មានសម្លៀកបំពាក់ជាជនស៊ីវិលទៅចាប់ទាញស្រ្តីម្នាក់ចេញពីកន្លែងតវ៉ាវាយដំជាន់នៅលើដី ហើយបានទៅទាញបុរសម្នាក់ទៀតវាយដំដូចគ្នាធ្វើឲ្យអ្នកទាំងពីររបួសធ្ងន់។

ទោះយ៉ាងណាគេមិនបានដឹងថា បុរសម្នាក់នោះជាអ្នកណានោះទេ ប៉ុន្តែក្រោយមកកាសែតល្បីឈ្មោះមួយរបស់បារាំង Le Monde បានស្រាវជ្រាវនិងផ្ទៀងផ្ទាត់បានឲ្យដឹងថា បុរសម្នាក់នោះឈ្មោះ ​ Alexandre Benalla ជាប្រធានរៀបចំក្រុមអង្គរក្សការពារសុវត្ថិភាពឲ្យលោក ប្រធានាធិបតី អ៊ីម៉ាណូលអែល ម៉ាក្រុន។​

ក្រោយសារព័ត៌មានល្បីឈ្មោះមួយនេះចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងមហាផ្ទៃ និងស្ថាប័អយ្យការចាប់ផ្តើមបើកការស៊ើបអង្កេត។​

ចំណែកមហាជននៅក្នុងប្រទេសបារាំងក្រោយពេលទទួលបានព័ត៌មានថា អ្នកវាយដំលើអ្នកតវ៉ាជាអង្គរក្សជំនិតរបស់លោក ម៉ាក្រុន ពួកគេសម្តែងការតក់ស្លុតហើយទាមទារឲ្យមានការស៊ើបអង្កេតនិងផ្តន្ទាទោសតាមច្បាប់។​

ក្រោយការប្រតិកម្មខ្លាំងពីមហាជនសា្ថប័នប្រធានាធិបតីបារាំងចេញមុខប្រកាសថា អង្គរក្សរូបនេះ ទទួលការដាក់ទណ្ឌកម្មរួចហើយ និងបានព្យួរការងារទៀតផង។​ ប៉ុន្តែការគ្រាន់តែព្យួរការងារនេះមិនបានធ្វើឲ្យសាធារណជនស្ងប់ចិត្តទេ។​

បើតាមការអះអាងរបស់វិមានប្រធានាធិបតី បញ្ជាក់ថា​ ពួកគេបានដឹងរឿងនេះ ហើយគ្រាន់តែមានការដាក់ពិន័យក្នុងអង្គភាពមិនបានឲ្យសមត្ថកិច្ចជំនាញស៊ើបអង្កេតនិងផ្តន្ទាទោសទៅតាមច្បាប់នោះទេ។​ ប៉ុន្តែដល់ដំណាក់កាលនេះគឺអ្វីៗគ្រប់យ៉ាងត្រូវដំណើរការតាមច្បាប់ហើយ។​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកGerard Collomb ក៏បានដាក់បញ្ជាឲ្យបើកការស៊ើបអង្កេតផងដែរថា ហេតុអ្វីបានជានគរបាលផ្សេងៗទៀតនៅទីនោះ​បណ្តោយឲ្យអង្គរក្សរូបនោះវាយអ្នកតវ៉ារហូតដល់របួសធ្ងន់ធ្ងរ។​

នាយករដ្ឋមន្ត្រី Edouard Phillippe  ថ្លែងថា សំឡេងរិះគន់លើករណីនេះកំពុងរាលដាលទូទាំងប្រទេស ហើយលោកចាត់ទុកថា រឿងនេះជារឿងដែលគួរឲ្យតក់ស្លុតបំផុត។​

ក្នុងដំណាក់កាលនេះ លោកប្រធានាធិបតី ម៉ាក្រុន មិនត្រឹមតែមិនអាចជួយអ្វីបានដល់អង្គរក្សជំនិតរូបនេះទេ ថែមទាំងអាចនឹងត្រូវចេញមុខប្រកាសសុំទោសជាសាធារណៈទៀត។

អាឡិចសាន់ដឺបេនឡា (Alexandre Benalla) អ្នកជំនួយការផ្នែកសន្តិសុខសម្រាប់ប្រធានាធិបតីបារាំង Emmanuel Macron ត្រូវបានគេឃើញវាយដំក្រុមអ្នកតវ៉ាកាលពីខែឧសភាឆ្នាំ 2018 ។ រូបភាព៖ http://www.looptt.com
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ