មន្ត្រីសុខាភិបាល​ណែនាំពលរដ្ឋរងគ្រោះដោយទឹកជំនន់​​ប្រុងប្រយ័ត្ន​ជំងឺ​ឆ្លង

ស្ថានភាពទឹកជំនន់ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ព្រែកស្រែអំបិល នៅផ្នែកខាងក្រោម (ម្តុំស្ពានស្រែអំបិល) (រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក)

មន្ទីរសុខាភិបាលនៅតាមបណ្ដាលខេត្តមួយចំនួនដែលទទួលរងគ្រោះដោយសារទឹកជំនន់ ឲ្យដឹងថា  អាជ្ញាធរកំពុងចុះ​ណែនាំដល់​ប្រជាពលរដ្ឋដែលត្រូវបានទឹកជំនន់ជន់លិចផ្ទះ ​ឲ្យ​ប្រុងប្រយ័ត្ន​នូវ​ជំងឺ​ឆ្លង និងផ្ដល់ថ្នាំបង្កា​ផ្សេង​ៗ ខណៈខេត្តទាំងនោះ​កំពុងប្រឈមនឹងទឹកជំនន់ជន់លិច។

ប្រធានមន្ទីរសុខាភិ​បាលខេត្តកំពង់ស្ពឺ លោក អោ វណ្ណថេន ប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរនិងមន្ទីរសុខាភិ​បាលបានចុះណែនាំប្រជាពលរដ្ឋនៅតាមស្រុកមួយចំនួនដែលត្រូវទឹកលិច​ ដើម្បីឲ្យ​​ប្រុងប្រយ័ត្ន​នូវ​ជំងឺ​ឆ្លង​ផ្សេង​ៗ ​ក្នុង​នោះ​មាន ​ជំងឺ​រាគ​រូស ​ ​អាសន្ន​រោគ​ ពុល​ចំណី​អាហារ ​​ផ្តាសាយ​ធំ ​ជំងឺ​រមាស់​​ជា​ដើម​។

ទៅដល់ទីរងគ្រោះហ្នឹង យើងមានក្រុមគ្រូពេទ្យចល័ត ចុះទៅតាមផ្ទះផង ចុះទៅទីទួលសុវត្ថិភាព ហើយនៅក្នុងហ្នឹង យើងបានអប់រំ បញ្ហាសុខភាព ។ យើងបានពិនិត្យបញ្ហាសុខភាពរបស់គាត់។ យើងហ្នឹងត្រៀមបន្តជាពិសេស យើងមានថ្នាំក្លរ (​សម្រាប់សម្លាប់មេរោគដែលនៅក្នុងទឹក)​ មានថ្នាំសម្រាប់ទឹកស៊ីជើង ។​អញ្ចឹងនូវក្រោយពេលទឹកស្រកទៅក៏វាអាចនឹង​មានបញ្ហាពាក់ព័ន្ធនឹងអនាម័យ ពាក់ព័ន្ធនឹងទឹកមិនស្អាតនេះ​គឺយើងបាន​ត្រៀមរួច​រាល់អស់ហើយ។ ឥឡូវនេះ ពេទ្យយើងកំពុងចល័តគ្រប់កន្លែងមួយផ្នែក​ចុះ​ទៅទី​ទួល​សុវត្ថិភាព និងផ្នែកទៀតយើងចុះតាមផ្ទះដែលទឹកលិចល្មមៗ

ប្រធានមន្ទីរសុខាភិ​បាលខេត្តកំពង់ស្ពឺ លោក អោ វណ្ណថេន

ដោយឡែក ប្រធានមន្ទីរសុខាភិ​បាលខេត្តកំពត លោក ញ ប៊ុនថន មានប្រសាសន៍ថា មន្ទីរសុខាភិ​បាលបានសហការជាមួយអាជ្ញាធរនៅតាមមន្ទីរពេទ្យស្រុកនីមួយៗដើម្បីណែនាំប្រជាពលរដ្ឋកំពុង​ជួបនឹង​ទឹក​ជំនន់ឲ្យប្រុង​ប្រយ័ត្ននូវជំងឺ។ លោកបន្តថា រហូតមកដល់ពេលនេះ មិនទាន់មាន​ប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺ ក្នុងអំឡុងពេលមានទឹកជំនន់នៅឡើយទេ​ ប៉ុន្តែជាមន្ទីរសុខាភិ​បាល និងអាជ្ញាធរបានត្រៀមថ្នាំ សម្រាប់​បង្ការ​នូវ​ជំងឺ​ឆ្លង​ផ្សេងៗ​ផង​ដែរ​។

យើងបានត្រៀមទាំងអស់តាំងពីមុនទឹកជំនន់ ហើយឥឡូវយើងក៏បានចុះដែរ ចុះជាមួយអាជ្ញាធរឃុំសង្កាត់ ស្រុកខេត្តជាប់រហូតហ្នឹង។ ដូចអត់មានគ្រោះថ្នាក់អីទេ ទាក់ទងនឹងជំងឺ ក៏អត់ទាន់មានអីដែរ ក្រោយពីទឹក​ជំនន់ចាំមើល​យើងមើល​តាមដានជំងឺទៀតតែបច្ចុប្បន្ននេះ។ វាអត់ទាន់មានអីធំដុំទេ មានផ្ដាសាយអីតិចតួចហ្នឹង

ប្រធានមន្ទីរសុខាភិ​បាលខេត្តកំពត លោក ញ ប៊ុនថន

ប្រធានមន្ទីរសុខាភិ​បាលខេត្តព្រះសីហនុ លោកស្រី លឹម សាមាន លើកឡើងដែរថា មន្ទីរសុខាភិ​បាល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដោយចុះទៅអប់រំផ្ដល់ថ្នាំបង្ការដល់ប្រជាពលរដ្ឋដែល​កំពុង​ជួប​ប្រទះ​នឹង​ទឹក​ជំនន់​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ននូវជំងឺឆ្លង និងគ្រោះថ្នាក់ផ្សេងៗផងដែរ។

យើងបានចុះណែនាំគាត់ពីការពារពីផលវិបាក​ទឹកជំនន់ ហើយយើងមានក្រុមគ្រូពេទ្យ ចុះតាមដានមើលហើយ

ប្រធានមន្ទីរសុខាភិ​បាលខេត្តព្រះសីហនុ លោកស្រី លឹម សាមាន

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោក ទៅ ម៉ឹង បានទេ ។

កាលពីម្សិលមិញនេះដែរ រដ្ឋាភិបាលបានចេញសេចក្ដីណែនាំមួយ ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរ រាជធានីខេត្តទាំងអស់ ត្រូវបង្កើតការយកចិត្តទុកដាក់នឹងប្រុងប្រយ័ត្ន និងត្រូវមានការរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង មធ្យោបាយ នៅពេលមានទឹកជំនន់កើតឡើង ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្តិភាព បញ្ជៀសឲ្យខាងតែបាននូវការ​ប៉ះពាល់​ដល់​អាយុជិវិតនិងការខូចខាតផ្សេងៗដែលកើតឡើងជាយថាហេតុ ។

គណៈកម្មាធិការជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយបាន​ឲ្យដឹងថាកាលពីម្សិលមិញ​ថា​ ខេត្ត​ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់មានដូចជា ខេត្តកោះកុង បាត់ដំបង កំពត ព្រះសីហនុ ប៉ៃលិន និង ខេត្ដកំពង់ស្ពឺ   ប៉ុន្តែក្នុងចំណោមទាំងអស់នេះ  ខេត្តកោះកុង កំពត និងកំពង់ស្ពឺ ទឹកជំនន់កំពុងកើនឡើងខ្លាំងជាងគេ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ