កម្ពុជានិងចិននៅតែទុក​គ្នា​ជា​ដៃគូយុទ្ធសាស្រ្តសំខាន់ ខណៈអ្នកជំនាញការទូតថាកម្ពុជាហាក់ចាញ់ប្រៀបចិន

ទង់ជាតិមិត្តភាព កម្ពុជា ចិន

កម្ពុជា និងចិនកាលពីថ្ងៃទី១៩ ខែកក្កដាកន្លងមកនេះ​ បានរៀបចំពិធីអបអរ​ខួប​៦០ឆ្នាំនៃចំណងការទូត​រវាង​ប្រទេសទាំងពីរ​ ។ មេដឹកនាំប្រទេសទាំងពីរក៏​បាន​ផ្ញើរសារឆ្លើយឆ្លងគ្នាទៅវិញទៅមក​ដើម្បីអបអរ​សាទរ​ខួបនៃចំណង​មិត្ត​ភាពនេះផងដែរ​។​

ក្នុងលិខិតដែល​ផ្ញើឲ្យ​គ្នាទៅវិញទៅមក​​នោះ មេដឹក​នាំជាន់ខ្ពស់ប្រទេសទាំង​ពីរនៅតែ​ចាត់ទុក​គ្នា​ជាដៃគូយុទ្ធសាស្រ្ត​សំខាន់​និងសន្យា​រក្សាទំនាក់​ទំនងទ្វេរភាគីនេះឲ្យបាន​​ថិតថេរ។ ប៉ុន្តែ​សម្រាប់អ្នកជំនាញ​ការទូតនិង​កិច្ច​ពិភពលោក​យល់​ថា​ចិនហាក់មានប្រៀបជាង​កម្ពុជាក្នុងទំនាក់​នេះ។​

តាមសារលិខិតអបអររបស់លោក​ សាយ​ ឈុំ ប្រធានព្រឹទ្ធសភា ជូនប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានឲ្យដឹង ក្នុងរយៈពេល ៦០ឆ្នាំកន្លង​មកនេះ ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបានពងឹ្រងនិង​ពង្រីក​ឥតឈប់ឈរនូវ​ទំនាក់ទំនងរវាងគ្នានឹងគ្នាដែលគ្រប់ដណ្ដប់​លើគ្រប់វិស័យ។ ក្នុងលិខិតដដែល​ លោក​ សាយ ឈុំ បាន​លើកឡើងទៀត​ថា​ កិច្ចសហប្រតិបត្តិការលើវិស័យ​នយោបាយ យោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ និងវិស័យផ្សេងទៀតរវាងកម្ពុជា-ចិន កាន់តែរីកធំធាត់ និងកាន់តែ​មាន​សកម្មភាពមមាញឹកដែល​ឈាន​​ឡើងដល់កម្រិតមួយដែលលោក​ហៅថា​ជា «កិច្ចសហប្រតិបត្តិការ​ភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ»

ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន​ សែន​ក៏បានផ្ញើលិខិតអបអរសាទរមួយទៅកាន់ភាគីចិន​ផងដែរ ដោយក្នុងលិខិតនោះ​​ នាយករដ្ឋមន្រ្តីកម្ពុជាលើកឡើងថា កម្ពុជាមានសេចក្តីសោមនស្សរីករាយដោយឃើញកំណើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានភាព​ស៊ីជម្រៅ និងមានវិសាលភាពកាន់តែធំលើគ្រប់វិស័យ​។​ លោក​ ហ៊ុន សែន​ ជឿជាក់ថា​ប្រទេសទាំងពីរ​នឹងលើកស្ទួយថែមទៀតនូវទំនាក់ទំនងក្នុង​​ភាពជាបងប្អួននិងដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ​។

​តាម​រយៈលិខិតអបអរសាទរខួបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា-ចិន​ ​ផ្ញើជូនលោកហ៊ុន សែនកាលពីថ្ងៃទី១៩ខែកក្កដា​ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន​ ក៏បានសម្តែងការអបអរសាទរ​យ៉ាងកក់ក្តៅជូនចំពោះ​រដ្ឋាភិបាល​ និងប្រជាជនកម្ពុជា ។ លោកបន្ត ការខិតខំប្រឹងប្រែងរួមគ្នា​របស់ភាគីទាំងពីរ បាន​ធ្វើឲ្យមាន​ការអភិវឌ្ឍជាបន្តបន្ទាប់ និងទទួលបានសមិទ្ធផលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែល​បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងលិខិតថ្វាយព្រះមហាក្សត្រកម្ពុជា​ព្រះបាទសម្តេច​ព្រះបរមនាថ​ នរោត្តម​សីហមុនី ប្រធានាធិបតីចិន​ លោក ស៊ី​ ជីនពីង បានបញ្ជាក់​ថា លោកផ្ដល់សារៈសំខាន់យ៉ាងខ្លាំងដល់​ការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ ហើយ​លោកនឹងជម្រុញឲ្យប្រទេស​ទាំងពីរធ្វើការជាមួយគ្នាបន្ថែម​ទៀត​ជាមួយ​គ្នាដើម្បីសម្រេចបាន​នូវការអភិវឌ្ឍនិងវិបុលភាពរួម។

អ្នកវិភាគគោលនយោបាយនិងជាសាស្ត្រចារ្យរងជំនាញការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental នៅទីក្រុង​ឡូសអែនជឺលែស សហរដ្ឋ​អាមេរិក បណ្ឌិត​ អៀ សុផល ថា​ទំនាក់ទំនង​ដែល​កម្ពុជាមាន​ជាមួយចិនក្នុងរយៈពេល​៦០ឆ្នាំមកនេះផ្ដល់​ទាំង​រឿងល្អ​និងរឿងជូរចត់​សម្រាប់កម្ពុជា។​ លោកក៏រំលឹកផងដែរ​ថាចិន​ជាបងប្អូន​ដ៏ជិតស្និត​រវាងគ្នានឹងគ្នា​ជាមួយក្រុមមេដឹកនាំខ្មែរក្រហម​ ហើយ​បច្ចុប្បន្ន​ប្រទេស​ទាំងពីរក៏នៅតែមានទំនាក់​ទំនង​ស្អិត​រមួតប្រៀបដូចបងប្អូន​​ដដែល។​

សាស្រ្តាចារ្យរូបនេះបន្ថែម​ថាវា​​ប្រាកដណាស់ដែល​​ចិន​ពិតជាបាន​ជួយកម្ពុជាក្នុងការ​កសាង​ហេដ្ឋារចនា​សម្ព័ន​នានា ប៉ុន្តែចិនហាក់ដូចជាមានប្រៀបច្រើនជាងកម្ពុជាក្នុងទំនាក់ទំនងនេះ។​ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«​ចិន បានឈ្នះកម្ពុជា ដោយ​បាន​ប្រែក្លាយក្រុងព្រះសីហនុ​ជា​តំបន់អាណានិគមមួយ។ តើវាបាន​ផល​ចំណេញអីពី​ទំនាក់​ទំនង​បែប​ហ្នឹង​?​ វា​ច្បាស់ណាស់​ថា​ចិន​កំពុង​តែ​ចូលរួម​ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាធ្លាក់​ចុះ​។»​

ក្នុងបរិបទសេដ្ឋកិច្ច​ សាស្រ្តាចារ្យរូបនេះបាន​ឲ្យដឹង​ថា​ចិន​ពិតជា​បាន​ចូលរួម​ចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា​ ប៉ុន្តែលោកចោទជាសំណួរថា​នរណា​ជាអ្នកបានផលប្រយោជន៍ពី​រឿងនេះ។​ លោកបញ្ជាក់ថា៖«លុយដែលចិនផ្តល់ជាជំនួយគឺបានជួយសេដ្ឋកិច្ចកម្ពុជាច្រើន។ ប៉ុន្តែតើនរណាជាអ្នកទទួលបាន​ផលចំណេញពិតប្រាកដ? […]តើដីនរណាដែលត្រូវ​បាន​គេលួចយក?​ ការអភិវឌ្ឍមិនមែន​មានន័យ​ថា​មានការកសាងផ្លូវ​មួយខ្សែ ហើយខ្ញុំ​នឹង​បាត់​បង់​ដី​របស់​ខ្ញុំ​នោះទេ ។»​ អ្នកជំនាញកិច្ចការបទេសមួយនេះក៏បង្ហាញក្តីព្រួយបារម្ភផងដែរ​ថា ប្រាក់កម្ចី និងជំនួយពីចិនដែល​មានលក្ខណៈច្រើនលើសលុបអាចជាគ្រោះថ្នាក់សម្រាប់កម្ពុជា​។

ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងចិន បាន​ផ្ដើមជាផ្លូវការ​នៅថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ១៩៥៨ ក្នុងសម័យសង្គមរាស្រ្តនិយម​ដែល​ដឹកនាំដោយ​ព្រះ​បរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ