ចិន​ថា​​EU​មិន​គួរ​ភ្ជាប់​រឿង​នយោបាយ​ជា​លេស​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា

រដ្ឋទូតចិនប្រចាំកម្ពុជា រូបភាពពីហ្វេសប៊ុកសកលវិទ្យាល័យកម្ពុជា

ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំនៅកម្ពុជាលោក​ Xiong Bo ​បានលើកឡើងថា ​សហភាព​អឺរ៉ុប(EU) ​មិន​គួរភ្ជាប់រឿង​នយោបាយ ជាលេសក្នុងការដកការអនុគ្រោះពន្ធ​ ​«រាល់​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ (EBA ឬEverything But Arm)» ដល់កម្ពុជានោះទេ។

នេះជាការលើកឡើងជាសាធារណៈរបស់ឯក​អគ្គ​រដ្ឋ​ទូតចិនលោក ​Xiong Bo កាលពីថ្ងៃទី ១៧ ខែ​កក្កដា ទៅកាន់ក្រុមនិស្សិតនៅក្នុងសាកលវិទ្យាល័យកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយស្តីពី ការផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ និង ផ្លូវមួយ​របស់រដ្ឋាភិបាលចិន។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន វីអូអេ។​

តាមការចុះផ្សាយដដែលលោក Xiong Bo បានលើកឡើងថាទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និង អ៊ឺរ៉ុប ត្រូវតែធ្វើឡើងឲ្យស្របតាមច្បាប់សេដ្ឋកិច្ច និង ពាណិជ្ជកម្ម មិនមែនត្រូវ​ផ្លាស់​ប្តូរ​ដោយ​មូលហេតុ​​នយោបាយ​នោះទេ ។

ក្រោយបញ្ចប់បេសកកម្មស្វែងរកការពិតពីស្ថានភាពនៅកម្ពុជា កាលពីថ្ងៃទី ១១ ខែ​កក្កដា គណៈកម្មការអ៊ឺរ៉ុប ព្រមាន​​ពី​ការ​ដកប្រទេសកម្ពុជា​ចេញពីប្រព័ន្ធអនុគ្រោះពន្ធដោយថា បើកម្ពុជាមិនដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស និង សិទ្ធិនយាបាយនៅកម្ពុជា។

គួររំលឹកថាគម្រោងពាណិជ្ជកម្មសេរី «អ្វីទាំងអស់លើកលែងតែអាវុធ ឬ EBA» បាននាំមកនូវ​អត្ថ​ប្រ​យោជន៍​​សំខាន់​​ៗដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលសហភាពអឺរ៉ុបគឺជាទីផ្សារគោលដៅនាំចេញ​ដ៏​សំខាន់​​ដែល​មាន​ចំនួន​៤០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា។

ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប​បានកើនឡើងយ៉ាងឆាប់រហ័ស​ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលកើនឡើង២២៧ភាគរយ នៅចន្លោះឆ្នាំ២០១១និង២០១៦។

នៅឆ្នាំ២០១៧ ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបបានឈានដល់៥ពាន់លានអឺរ៉ូ ដែលបានដាក់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម​ប្រទេសទទួល​ផល​ពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសេរី EBA។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ